ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ផ្តល់​ជំនួយ​២លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ទប់​ស្កាត់​វីរុស​កូរ៉ូណា


ពលរដ្ឋកម្ពុជានៅទីក្រុងភ្នំពេញ កំពុងធ្វើដំណើរតាមដងផ្លូវដោយមានពាក់ម៉ាស់ការពារ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាថ្មី។ កម្ពុជា​បាន​រាយការណ៍ករណី​វិជ្ជមាន​មេរោគ​នេះ​ចំនួន​៧​ករណី។
ពលរដ្ឋកម្ពុជានៅទីក្រុងភ្នំពេញ កំពុងធ្វើដំណើរតាមដងផ្លូវដោយមានពាក់ម៉ាស់ការពារ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាថ្មី។ កម្ពុជា​បាន​រាយការណ៍ករណី​វិជ្ជមាន​មេរោគ​នេះ​ចំនួន​៧​ករណី។

សហរដ្ឋ​អាមេរិក​តាម​រយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក ​USAID​ បាន​សម្រេច​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ផ្តល់ ជំនួយ​ចំនួន​២​លាន​ដុល្លារ​ដល់​កម្ពុជា​បន្ថែម​ទៀត​សម្រាប់​ការ​ងារ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​វីរុស កូរ៉ូណា ​ឬ ​កូវីដ១៩​ ដែល​កំពុង​រីក​រាលដាល​ក្នុង​ប្រទេស​ តំបន់ ​និង​សកល​លោក។​ នេះ​បើ​តាម សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាល​ពី​ថ្ងៃ​សៅរ៍។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ បាន​បញ្ជាក់​ថា​ ជំនួយ​នេះ​គឺ​«សម្រាប់​ការ​គ្រប់​គ្រង​ហានិភ័យ ​ការចូល​រួម​សហគមន៍​ និង ​ការ​គាំទ្រ​ដល់​មន្ទីរ​ពិសោធន៍‍» ​ហើយ​បាន​បន្ថែម​ថា៖ ​«ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​ បាន​រាយការណ៍​ពី​ករណី​ទី១​ នៃ​កូវីដ១៩​ កាល​ពី​ខែ​មករា ​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​ស្ថានទូត​អាមេរិក ​នៅ​ភ្នំពេញ​និង​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អង្គការ សុខភាព​ពិភពលោក​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​ដើម្បី​គាំទ្រ​ការ​ខិតខំ​ការពារ ​ការរក​ឃើញ​និង​ការ​ឆ្លើយតប​ចំពោះ​មេរោគ​ឆ្លង​កូវីដ១៩‍»។

ក្រសួង​សុខាភិបាល​បានកម្ពុជា​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​នេះថា ​ខ្លួន​បាន​រក​ឃើញ​ករណី​ទី៦ ​និង​ទី​៧ ​ដែល​មាន​ឆ្លងវីរុស​កូរ៉ូណា​ថ្មី​ (COVID-19) ​នៅ​កម្ពុជា​ និង​ជា​ករណី​ដំបូង​ផង​ដែរ​ដែល​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ។​ ករណី​ទាំងពីរ​ចុងក្រោយ​នេះ​ កើត​ឡើង​ចំពោះ​បុរស​ជនជាតិ​កាណាដា​ វ័យ​៤៩​ឆ្នាំ​ម្នាក់​ និង​បុរស​ម្នាក់​ទៀត​ជនជាតិ​ប៊ែលហ្ស៊ិក វ័យ​៣៣​ឆ្នាំ។​

ការ​រក​ឃើញ​បន្ត​បន្ទាប់​និង​ការ​ប្រកាស​របស់​អង្គការ​សុខភាព​ពិភព​លោក​ WHO ​ថា វីរុស​កូរ៉ូណា​ជា​មេរោគ​រាតត្បាត​ជា​សាកល​យ៉ាង​ឆាប់​រហ័ស​នោះ ​បាន​ធ្វើឲ្យ​កម្ពុជា​សម្រេច​រារាំង​ជន​បរទេស​មក​ពី​ប្រទេស​ចំនួន​៥​ ដែល​កំពុង​មាន​ការ​រាលដាល​វីរុស​កូវីដ១៩​ ខ្លាំង​ជាង​គេ​លើ​ពិភព​លោក មិន​ចូល​ក្នុង​ប្រទេស​កម្ពុជា។​ នេះបើ​តាម​លិខិត​របស់​លោក​ អ៊ុច ​បូររិទ្ធ​ រដ្ឋលេខា​ធិការ​ក្រសួង​ការបរទេស​ផ្ញើ​ជូន​ស្ថានទូត​ និង​ស្ថាន​កុង​ស៊ុល​កម្ពុជា​នៅ​បរទេស​កាល​ពី ​ថ្ងៃ​ទី១៤ ​មីនា​ដើម្បី​កុំ​ផ្តល់​ទិដ្ឋការ​ដល់​ជន​បរទេស​មកពី​ប្រទេស​ទាំង​៥។​ ក្នុង​នោះ​មាន​ដូចជា ​បារាំង ​អ៊ីតាលី ​អេស្ប៉ាញ អាល្លឺម៉ង់​ និង​សហរដ្ឋ​អាមេរិក។​

ការផ្អាក​ចំនួន​១​ខែ​ជា​បឋម​នេះ​គឺ​នឹង​ចូល​ជា​ធរមាន​ចាប់​ពីថ្ងៃ​ទី ​១៦ ​ខែមីនា​។​តែ​ការ​ផ្អាក​នេះ​មិន​បាន​បញ្ជាក់​ឲ្យដឹង​ថា​តើ​នឹង​អនុវត្តន៍​ចំពោះ​ជនបរទេស​ដែល​មាន​លំនៅដ្ឋានឬមាន​ទិដ្ឋការ​រួចហើយ​យ៉ាងណា​នោះ​ទេ៕

XS
SM
MD
LG