ប្រទេសរុស្ស៊ីបានចោទប្រកាន់ប្រទេសលោកខាងលិចកាលពីថ្ងៃចន្ទអំពី«ការបង្កើតភាពតានតឹង»នៅប្រទេសអ៊ុយក្រែនហើយបាននិយាយថា សហរដ្ឋអាមេរិកបាននាំ«ពួកណាហ្ស៊ី» ឡើងកាន់អំណាចនៅក្នុងទីក្រុងកៀវ នៅពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើការជជែកដេញដោលខ្លាំងអំពីការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ីនៅជិតប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានរិះគន់តបតវិញថា ការកើនឡើងនូវកងកម្លាំងយោធារបស់រុស្ស៊ីជាង១សែននាក់នៅតាមបណ្តោយព្រំដែនអ៊ុយក្រែន ជា«ការដាក់ពង្រាយកងទ័ពដ៏ធំបំផុត»នៅក្នុងតំបន់អឺរ៉ុបក្នុងប៉ុន្មានទសវត្សរ៍នេះ។ លោកស្រីបានបន្ថែមទៀតថា ក៏មានការកើនឡើងនូវការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រនិងព័ត៌មានក្លែងក្លាយរបស់រុស្ស៊ីផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកបានមានប្រសាសន៍ទៀតថា៖ «ពួកគេកំពុងប៉ុនប៉ងដោយមិនមានមូលដ្ឋានការពិត ដើម្បីលាបពណ៌អ៊ុយក្រែននិងប្រទេសលោកខាងលិចថាជាអ្នកឈ្លានពានដើម្បីបង្កើតលេសធ្វើការវាយប្រហារ»។
ការបោះពាក្យសម្តីដាក់គ្នាដ៏ខ្លាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខនេះ បានកើតមានឡើងនៅពេលដែលរដ្ឋាភិបាលក្រុងមូស្គូ បានបរាជ័យក្នុងការរារាំងជំនួបនេះ ហើយបានឆ្លុះបញ្ចាំងអំពីការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងមហាអំណាចនុយក្លែអ៊ែរទាំង២។ វាជាការបើកសម័យប្រជុំលើកទី១ដែលតួអង្គសំខាន់ៗទាំងអស់នៅក្នុងវិបត្តិនៅអ៊ុយក្រែន និយាយជាសាធារណៈ ទោះបីក្រុមប្រឹក្សាសន្តិសុខដ៏មានអំណាចបំផុតរបស់អង្គការសហប្រជាជាតិនេះ មិនបានចាត់វិធានការអ្វីក៏ដោយ។
ប៉ុន្មានម៉ោងក្រោយមក រដ្ឋាភិបាលរុស្ស៊ីបានធ្វើការឆ្លើយតបជាលាយលក្ខណ៍អក្សរដល់សំណើរបស់សហរដ្ឋអាមេរិកដែលមានគោលបំណងបន្ថយការតានតឹងនៃវិបត្តិនេះ។ នេះបើតាមក្រុមមន្ត្រីរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ដែលបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ៕