ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​អាមេរិក​​​វាយប្រហារ​​គោលដៅ​​​ក្នុង​ប្រទេស​ស៊ីរី


អ្នក​នាំពាក្យ​មន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Patrick Ryder ថ្លែងនៅមន្ទីរបញ្ចកោណ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងទីក្រុងវ៉ាស៊ីនតោនថា យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសនៅព្រឹកថ្ងៃសុក្រលើទីតាំងពីរនៅភាគខាងកើតប្រទេសស៊ីរីដែលជាប់ទាក់ទងនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
អ្នក​នាំពាក្យ​មន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Patrick Ryder ថ្លែងនៅមន្ទីរបញ្ចកោណ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងទីក្រុងវ៉ាស៊ីនតោនថា យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសនៅព្រឹកថ្ងៃសុក្រលើទីតាំងពីរនៅភាគខាងកើតប្រទេសស៊ីរីដែលជាប់ទាក់ទងនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។

កងកម្លាំង​សហរដ្ឋអាមេរិក​ បាន​បាញ់​ចំ​អគារ២​កន្លែងនៅ​ភាគខាង​កើត​ប្រទេស​ស៊ីរី​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយកងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់និង​ក្រុមគាំទ្រ​របស់​ពួក​គេ​ នៅ​ក្នុង​ការ​វាយប្រហារ​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

«ការ​វាយប្រហារការពារ​ខ្លួននេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​មួយ​ចំនួន​ ដែល​កំពុង​កើត​ឡើងហើយ​ដែល​ភាគ​ច្រើនមិន​ទទួល​បាន​ជោគជ័យ​ ប្រឆាំង​នឹង​កងកម្លាំង​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​ ដោយ​ក្រុមសកម្មប្រយុទ្ធ​នានា​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ដែល​បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ថ្ងៃទី១៧ ខែ​តុលា​កន្លង​មក»។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក​Lloyd Austin ដែល​បាន​និយាយ​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ។​ ​

លោក​បន្ថែម​ទៀត​ថា៖​ «លោក​ប្រធានាធិបតី​អាមេរិក​បាន​ចាត់​ទុកសុវត្ថិភាព​របស់​កងកម្លាំង​សហរដ្ឋអាមេរិក​ជា​អាទិភាពមួយ​ខ្ពស់​ជាង​អ្វីៗ​ទាំង​អស់​ ហើយ​លោក​បាន​បញ្ជា​ឱ្យ​វាយប្រហារ​នៅ​ថ្ងៃ​នេះដើម្បី​បញ្ជាក់​ឱ្យច្បាស់​ថា​ សហរដ្ឋអាមេរិក​នឹង​មិនអនុគ្រោះ​លើ​ការ​វាយប្រហារ​មក​លើ​កងកម្លាំង​របស់ខ្លួន​ឡើយ ហើយ​នឹង​ការពារ​ខ្លួន ការពារ​បុគ្គលិក​យោធា​របស់​ខ្លួន​ និង​ផល​ប្រយោជន៍​របស់​ខ្លួន​ផង​ដែរ»។​ ​

មន្ត្រី​យោធា​ជាន់​ខ្ពស់​អាមេរិក​មួយ​រូប​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ យន្តហោះ​ប្រយុទ្ធ​ F-16​ ពីរគ្រឿងរបស់​អាមេរិក​បាន​ប្រើប្រាស់គ្រាប់​ដែល​មាន​ការ​នាំផ្លូវ​ បាញ់​ទៅ​លើ​ឃ្លាំង​ផ្ទុក​អាវុធនិង​ឃ្លាំង​គ្រាប់នៅ​ជិត​ទី​ក្រុង​ Abu Kamal​ ក្នុង​ប្រទេស​ស៊ីរី។​ ​មន្ត្រី​អាមេរិក​មិន​បាន​និយាយ​ទេ​ថា​ តើ​មានជនរង​គ្រោះ​ពី​ការ​វាយប្រហារនោះ​ដែរ​ឬ​ទេ។​

ដោយ​ឡែក​មន្ត្រីយោធា​ជាន់​ខ្ពស់​អាមេរិក​មួយ​រូបទៀត​និយាយ​ថា​ កងកម្លាំង​អាមេរិកក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​ ពេលនេះ​បាន​ទទួល​រងការ​វាយប្រហារ​ដោយយន្តហោះ​ដ្រូន​និង​គ្រាប់​រ៉ុក្កែតយ៉ាង​ហោច​ណាស់​ក៏​១៩​ដង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។ ​វីអូអេបាន​បញ្ជាក់​ផ្ទៀងផ្ទាត់​ពីការ​វាយប្រហារ​ចំនួន​១៧​លើក​ក្នុង​ចំណោម​នេះ។​ ​

មន្ត្រី​អាមេរិក​២​នាក់​ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយ​សារ​តែ​ភាព​រសើបនៃ​ការ​វាយប្រហារ​នេះ​ បាន​ប្រាប់​វីអូអេ​ថាដ្រូន​មួយគ្រឿង​ត្រូវបានបាញ់ដាក់​មូលដ្ឋាន​ទ័ពអាកាស​al-Harir Air Base Irbil ក្នុង​ប្រទេស​អ៊ីរ៉ាក់​ តែមិន​បាន​ផ្ទុះ​នោះ​ទេ។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ មាន​ដ្រូន​មួយផ្សេង​ទៀត​ បាន​ផ្ទុះ​នៅ​ខាង​ក្រៅ​មូលដ្ឋាន​ទ័ព​អាកាស​នេះ​ ដោយ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ឬ​ខូចខាត​អ្វី​ឡើយ។​

មន្ត្រី​អាមេរិក​ម្នាក់​បាន​ប្រាប់​វីអូអេ​ថា​ មាន​ការ​វាយប្រហារ​មួយ​ទៀត​មក​លើ​កងកម្លាំ​អាមេរិក​កាល​ពី​ថ្ងៃព្រហស្បតិ៍ម្សិលមិញត្រូវ​បាន​គេរាយការណ៍ថា​ ​បាន​កើត​មាន​ឡើងនៅ​ផ្នែក​ឥសាន​ប្រទេស​ស៊ីរី ដោយមាន​ការ​បាញ់ចំនួន​២​គ្រាប់​ដោយ​មិន​ផ្ទាល់​នៅ​ជិត​មូលដ្ឋាន​យោធា​អាមេរិក​ al-Shaddadi ក្នុង​ប្រទេស​ស៊ីរី។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ឧត្តមសេនីយ៍​ត្រី Pat Ryder បាន​គូសបញ្ជាក់​ឡើង​វិញពីការ​លើក​ឡើង​ក្នុង​ពេល​កន្លង​ទៅ​ ដោយ​ស្តី​បន្ទោស​ដល់​ក្រុម​ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់​ ដែល​បានវាយប្រហារលើ​កងកម្លាំង​សហរដ្ឋអាមេរិក​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​នេះ៕

XS
SM
MD
LG