កងទ័ពជើងទឹកអាមេរិកបានបាញ់ទម្លាក់កាំជ្រួចមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក ដែលបាញ់ចេញពីប្រទេសយេម៉ែនដែលប្រហែលជាកំពុងតម្រង់គោល ដៅលើប្រទេសអ៊ីស្រាអែល។
កាំជ្រួចមីស៊ីលវាយប្រហារលើដី៣គ្រាប់និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃព្រហស្បតិ៍ដោយនាវា USS Carney ដែលប្រតិបត្តិការនៅសមុទ្រក្រហមភាគខាងជើង។
លេខាធិការព័ត៌មានក្រសួងការពារជាតិសហរដ្ឋអាមេរិកលោកឧត្តមសេនីយត្រី Pat Ryderបានថ្លែងថាកាំជ្រួចមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកដែលត្រូវបានបាញ់បង្ហោះដោយកងកម្លាំង Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែន ហើយត្រូវបានគេជឿថាស្ថិតនៅលើគន្លងឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។
លោកឧត្តមសេនីយត្រី Pat Ryder បានថ្លែងថា៖ «សកម្មភាពនេះជាការបង្ហាញពីស្ថាបត្យកម្មការពារដែនអាកាសនិងមីស៊ីលរួមបញ្ចូលគ្នាដែលយើងបានស្ថាបនានៅតំបន់មជ្ឈិមបូព៌ា ហើយថាយើងត្រៀមខ្លួនប្រើប្រាស់នៅពេលណាដែលចាំបាច់ដើម្បីការពារដៃគូនិងផលប្រយោជន៍របស់យើងនៅក្នុងតំបន់ដ៏សំខាន់នេះ»។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានដកស្រង់សម្តីមន្ត្រីនៅទីនោះថាកាំជ្រួចមីស៊ីលនិងយន្តហោះគ្មានមនុស្សមកពីប្រទេសយេម៉ែនហាក់ដូចជាកំពុងតម្រង់គោលដៅលើអ៊ីស្រាអែល។
សហរដ្ឋអាមេរិកបានព្រមានម្តងហើយម្តងទៀតដលប្រទេសអ៊ីរ៉ង់ ដែលមានកងកម្លាំងរណបនៅក្នុងប្រទេសយេម៉ែន ស៊ីរី អ៊ីរ៉ាក់និងលីបង់ មិនឱ្យពង្រីកសង្រ្គាមបច្ចុប្បន្នរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា។
កាលពីសប្តាហ៍មុន ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយមានការបន្ថែមកងទ័ពជើងទឹក យន្តហោះចម្បាំងនិងទាហានម៉ារីនប្រហែល២.០០០ នាក់៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន