ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បន្ត​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ Huawei​ ទិញ​គ្រឿង​បម្លាស់​ពី​ក្រុមហ៊ុន​​អាមេរិក


រូប​ឯកសារ៖ បុគ្គលិក​ក្រុម​ហ៊ុន​ទូរស័ព្ទ Huawei នៅ​ក្នុង​រោង​ចក្រ​ក្នុង​ទីក្រុង Dongguan ប្រទេស​ចិន កាល​ពី​ខែ​មីនា ២០១៩។
រូប​ឯកសារ៖ បុគ្គលិក​ក្រុម​ហ៊ុន​ទូរស័ព្ទ Huawei នៅ​ក្នុង​រោង​ចក្រ​ក្នុង​ទីក្រុង Dongguan ប្រទេស​ចិន កាល​ពី​ខែ​មីនា ២០១៩។

កាល​ពី​ថ្ងៃ​ចន្ទ ​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ឲ្យ​មហា​ក្រុមហ៊ុន​ទូរគម​នាគមន៍ ​Huawei របស់​ចិន​នូវ​រយៈ​ពេល​៩០​ថ្ងៃ​ទៀត​ដើម្បី​ទិញ​គ្រឿង​ផ្គត់​ផ្គង់​ដែល​ក្រុម​ហ៊ុន​នោះ​ត្រូវការ​ពី​ក្រុម​ហ៊ុន​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​គ្រឿង​ផលិតផល​អេឡិក​ត្រូនិក​របស់​ខ្លួន។ ការ​បន្ត​រយៈ​ពេល​នេះលុបចោល​ការសង្ស័យ​ភ្លាមៗ​ថា ក្រុមហ៊ុន ​Huawei​ បង្ក​ហានិភ័យ​ខាង​សន្តិសុខជាតិ​ដល់​សហរដ្ឋ​អាមេរិក។

លោក​Wilbur Ross​ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ប្រាប់​បណ្តាញ​ទូរទស្សន៍​ Fox Business Network​ ថា ការ​លើក​ទោស​ឲ្យ​ក្រុមហ៊ុន​ Huawei​ នឹង​ជួយ​អតិថិជន​សហរដ្ឋ​អាមេរិក​ភាគ​ច្រើន​នៃ​អតិថិជន​ទាំង​នោះ ​ប្រតិ​បត្តិការ​បណ្តាញ​ការងារ​នៅ​ក្នុង​តំបន់​ជន​បទ​នៃ​ប្រទេស​អាមេរិក។ ក្រុម​ហ៊ុន​ Huawei​ បាន​ចំណាយ​ប្រាក់​៧០​ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​គ្រឿង​បន្លាស់​នៅ​ឆ្នាំ​២០១៨ ហើយ​ប្រាក់​ចំនួន​១១​ពាន់​លាន​ដុល្លារនៃប្រាក់​ទាំង​នោះ​ទិញ​គ្រឿង​បន្លាស់​មក​ពី​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក។

លោក​ Ross ​បាន​និយាយ​ថា៖ «យើង​កំពុង​ផ្តល់ឲ្យ​ក្រុម​ហ៊ុន​អាមេរិកាំង​នូវ​ពេល​វេលា​បន្តិច​ទៀត​ដើម្បី​បញ្ឈប់​ការ​លក់​គ្រឿង​បន្លាស់ទៅឲ្យ​ក្រុមហ៊ុន​ Huawei»។

លោក ​Ross ​បាន​និយាយ​ថា ​នៅ​ពេលមាន​ការ​ពន្យារ​ពេល​នៅ​ក្នុង​ការ​បញ្ឈប់​ការ​លក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ Huawei​ ដែល​ជាក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ដ៏​ធំ​បង្អស់​របស់​ពិភពលោក​នោះ ​សាខា​ Huawei​ ចំនួន​៤៦​ បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ហាម​ឃាត់​ឬ Entity List ​ជា​បញ្ជី​ខ្មៅ​ខាង​សេដ្ឋកិច្ច​ដែល​រឹត​ត្បិត​មិន​ឲ្យ​សហរដ្ឋ​អាមេ​រិក​ផ្ទេរ​ប្រាក់​ជា​មួយ​ក្រុមហ៊ុន​នានា​ដែល​ទាក់​ទិន​នឹង​ក្រុមហ៊ុន ​Huawei។

ការ​បន្តពេល​៩០​ថ្ងៃសម្រាប់​លក់​គ្រឿង​បន្លាស់​របស់​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​ក្រុមហ៊ុន ​Huawei​ ពន្យារ​ដល់​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា ​ដែល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​នោះ​នូវ​សមត្ថ ភាព​រក្សា​បណ្តាញ​ទូរគមនាគមន៍​ដែល​មាន​ស្រាប់​ហើយ​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​នូវ​កម្មវិធី Software ​សម្រាប់​ផលិតផល​គ្រឿង​អេឡិចត្រូនិក​ដែលក្រុមហ៊ុន​នោះ​បាន​លក់​រួច​ហើយ។

លោក​ Ross ​បាន​ច្រានចោល​ការ​ព្រួយ​កង្វល់​អំពី​អ្វី​ដែល​កើត​មាន​ឡើង​ក្នុង​រយៈ​ពេល​៣​ខែ​ទៀត​ដោយ​បាន​និយាយ​ថា៖ «ក្រុមហ៊ុន​ទាំង​អស់ ​មានព័ត៌មាន​គ្រប់​គ្រាន់។ មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​ច្រើន» ជាមួយ​លោក​ប្រធានា​ធិបតី ​ត្រាំ។

មុន​ដំបូង ​សហរដ្ឋ​អាមេរិក​បាន​រាំងខ្ទប់​មិន​ឲ្យ​ក្រុមហ៊ុន​ Huawei​ ទិញ​គ្រឿង​បន្លាស់​ពី​ក្រុម​ហ៊ុន​សហរដ្ឋ​អាមេរិក​នៅ​ដើម​ឆ្នាំ​នេះ ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ចរចា​ពាណិជ្ជកម្ម​យ៉ាង​យូរ​និង​មិន​បាន​ទទួល​ជោគជ័យ​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ដែល​ជា​ប្រ​ទេស​មាន​សេដ្ឋ​កិច្ច​ធំ​បង្អស់​២​របស់​ពិភព​លោក។ ក៏ប៉ុន្តែ ​បន្ទាប់​ពី​ការ​អំពាវនាវ​មក​ពី​ប្រធានា​ធិបតី​ចិន​ លោកស៊ី ​ជីនពីង​ លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​បន្ធូ​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ប្រឆាំង​នឹង​ក្រុមហ៊ុន ​Huawei​ ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នោះ​បន្ត​ទិញ​គ្រឿង​បន្លាស់​របស់​សហរដ្ឋ​អាមេរិក​ដោយ​មាន​កម្រិត។

រូប​ឯកសារ៖ លោក Wilbur Ross​ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​។
រូប​ឯកសារ៖ លោក Wilbur Ross​ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​។

ក្រុមហ៊ុន​ Huawei ​ត្រូវ​បាន​គេ​រាំង​ខ្ទប់នៅ​ឡើយ​មិន​ឲ្យ​ទិញ​គ្រឿង​បន្លាស់​របស់​អាមេ​រិក​សម្រាប់​ផលិត​ផល​ថ្មី​ដោយ​មិន​មាន​អាជ្ញាប័ណ្ណ​ពិសេស​ពី​សហរដ្ឋ​អា​មេ​រិក។ លោក Ross​ និយាយ​ទៀត​ថា ​ក្រុមហ៊ុន​ជាង​៥០​ បាន​ស្វះ​ស្វែងសុំការ​អនុញ្ញាត​លុប​ចោល​បម្រាម​លក់​គ្រឿង​បន្លាស់​ទៅ​ឲ្យ​ក្រុមហ៊ុន ​Huawei​ ក៏ប៉ុន្តែ ​មិន​មាន​ក្រុមហ៊ុន​ណា​មួយ​បាន​ទទួល​ការ​អនុញ្ញាត​ទេ។

សហរដ្ឋ​អាមេរិក​បាន​អះ​អាង​ថា ​ទូរស័ព្ទ ​Smartphone​ និង​ឧបករណ៍​បណ្តាញ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ Huawei ​អាច​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​យក​ការណ៍​សម្ងាត់​លើ​ពលរដ្ឋ​អាមេរិកាំង។ ការ​ចោទ​ប្រកាន់​នេះ​ត្រូវបាន​ក្រុមហ៊ុន​នោះ​ច្រាន​ចោល។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​សហរដ្ឋ​អាមេរិកលោក ​Ross ​បាន​និយាយ​បន្ត​ទៀត​ថា៖ «តាម​បច្ចេកទេស ​ក្រុមហ៊ុន ​Huawei ​និយាយ​ថា ​ខ្លួន​ជា​ក្រុមហ៊ុន​ឯកជន។ ក៏ប៉ុន្តែ ​នៅ​ក្នុង​ច្បាប់​របស់​ចិន សូម្បី​តែ​ក្រុមហ៊ុន​ឯកជន​ត្រូវ​គេ​តម្រូវ​ឲ្យ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​យោធា​និង​ជាមួយ​ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់ ​ហើយ​ក្រុមហ៊ុន​ទាំង​នោះ ​ក៏​មិន​ត្រូវ​បញ្ចេញ​ព័ត៌មាន​ថា ​ខ្លួន​កំពុង​ធ្វើ​ដូច​នោះ​ទេ»។

​ពេល​ដែល​រដ្ឋបាល​របស់​ប្រធានា​ធិបតី​ ត្រាំ បាន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ​Huawei​ នោះ លោក​ប្រធានាធិបតី ​ត្រាំ ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​ថា៖ «ខ្ញុំ​មិន​ចង់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​នោះ​ទាល់​តែ​សោះ ​ពីព្រោះ​តែ​វាជា​ការ​គំរាម​កំហែង​ខាង​សន្តិសុខ​ជាតិ»។

សហរដ្ឋ​អាមេរិក ​ក៏​បាន​ចោទ​ប្រកាន់​ដែរ​ថា​ ក្រុមហ៊ុន​ Huawei ​មាន​ជាប់​ទាក់​ទិន​ដល់​ហានិភ័យ​នៃ​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក។

ជា​ផ្នែក​មួយ​នៃ​បញ្ជី​ខ្មៅ​ដែល​ធ្វើ​ឡើង​ប្រឆាំង​នឹង​ក្រុមហ៊ុន ​Huawei ​សហរដ្ឋ​អាមេរិក​ បាន​និយាយ​យោង​ដល់​រឿងក្តី​ព្រហ្មទណ្ឌ​សហព័ន្ធ​ដែល​ព្យួរទុក​ដែល​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន ​Huawei ​ពី​ការរំលោភបម្រាម​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អ៊ីរ៉ង់។ ក្រុមហ៊ុន ​Huawei ​មិន​បាន​សារភាព​ទទួល​កំហុស​នៅ​ក្នុង​រឿងក្តី​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG