កាលពីពេលថ្មីៗនេះប្រទេសកម្ពុជាបានក្លាយជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតជំនាន់ទី៥ឬហៅថា 5G ដែលបង្កើតឡើងដោយក្រុមហ៊ុនHuawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន។
ដំណើរការប្រព័ន្ធអ៊ីនធឺណិត5G របស់ក្រុមហ៊ុន Huawei ស៊ីសង្វាក់គ្នានឹងទំនាក់ទំនងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាមួយនឹងក្រុងប៉េកាំងកាន់តែរឹងមាំឡើងទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចដោយក្រុងប៉េកាំងបានបង្កើនការវិនិយោគទុនរបស់ចិននៅគ្រប់វិស័យ។
ល្បឿនអ៊ីនធឺណិតជំនាន់ទី៥លឿនជាងជំនាន់ទី៤ (4G) ដល់ទៅ១០០ដង។ នេះគឺជាអនាគតនៃពិភពលោកមួយដែលមានទីក្រុងឆ្លាតវៃពោពេញទៅដោយការិយាល័យនិងផ្ទះឆ្លាតវៃដែលបំពាក់ដោយឧបករណ៍ប្រើប្រាស់ភ្ជាប់អ៊ីនធឺណិត។
បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនHuawei ក្នុងអំឡុងទស្សនកិច្ចទៅទីក្រុងប៉េកាំងកាលពីខែមេសា លោកហ៊ុន សែនបានស្វាគមបណ្តាញ5G នេះថាជាជំហានដ៏ធំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងបច្ចេកវិទ្យារបស់កម្ពុជា។
ប៉ុន្តែសកម្មជនសិទ្ធិមនុស្សនិងសិទ្ធិសេរីភាពសារព័ត៌មានបានព្រមានថាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតរបស់ក្រុមហ៊ុនHuawei អាចពង្រីកការតាមដានឃ្លាំមើលរបស់គណបក្សកាន់អំណាចលើពលរដ្ឋដែលមិនពេញចិត្តរដ្ឋាភិបាលនិងនាំឱ្យមានការរឹតបន្តឹងការសរសេរឬសេចក្តីរាយការណ៍តាមបណ្តាញអ៊ីនធឺណិត។
លោកហ្វីល រ៉ូប៊ឺតសុន អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បាននិយាយពីបណ្តាញ5G របស់ក្រុមហ៊ុនHuawei របស់ចិនថា៖
«ខ្ញុំគិតថាវានឹងនៅតែដដែលទេ។ ខ្ញុំគិតថាបណ្តាញទូរស័ព្ទចល័តនិងអ៊ីនធឺណិតកម្ពុជាមិនមានសុវត្ថិភាពជៀសផុតពីរដ្ឋាភិបាលកម្ពុជាទេហើយពលរដ្ឋដែលប្រើប្រាស់បណ្តាញទំនាក់ទំនងនេះដើម្បីរិះគន់រដ្ឋាភិបាលត្រូវគេតាមឃ្លាំមើល តាមយកការណ៍ និងសងសឹក»។
ក្រុមហ៊ុនHuawei រងការចោទប្រកាន់ថាជួយរដ្ឋាភិបាលចិនតាមឃ្លាំមើលសកម្មភាពតាមអ៊ីនធឺណិតនៅក្នុងប្រទេសចិន។
ការដាក់ឱ្យប្រើបណ្តាញអ៊ីនធឺណិត5Gរបស់ក្រុមហ៊ុនHuawei នៅប្រទេសកម្ពុជាកើតឡើងក្នុងគ្រាមានសង្គ្រាមពាណិជ្ជកម្មដ៏តានតឹងរវាងចិននិងសហរដ្ឋអាមេរិកនិងការប្រកួតប្រជែងថាក្រុមហ៊ុនមួយណានឹងសាងសង់បណ្តាញ5G នៅកន្លែងយុទ្ធសាស្រ្តណាខ្លះនៅលើពិភពលោក។
ក្រុមហ៊ុនHuawei កំពុងនាំមុខគេក្នុងការសាងសង់បណ្តាញថ្មីនេះ គឺនាំមុខក្រុមហ៊ុនណូគៀ របស់ហ្វាំងឡង់និងអេរិកសុនរបស់ស៊ុយអែតប៉ុន្តែសហរដ្ឋអាមេរិកបានព្រមានដល់សម្ព័ន្ធមិត្តខ្លួនថាក្រុមហ៊ុនចិននេះលួចស៊ើបការណ៍ឱ្យរដ្ឋាភិបាលចិន។ ប៉ុន្តែក្រុមហ៊ុនHuawei បដិសេធ។
ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកបានធ្លាក់ចុះចាប់តាំងពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានងាកទៅរកប្រទេសចិនកាន់តែខ្លាំងឡើងហើយបានប្រកាសថាខ្លួនជាអ្នកឈ្នះការបោះឆ្នោតជាតិឆ្នាំ២០១៨ដែលក្រុមអ្នកសង្កេតការណ៍មើលឃើញថាមិនមានលក្ខណៈសេរីនិងត្រឹមត្រូវទេ។
លោកម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជានៃក្រសួងប្រៃសណីយ៍ធ្លាប់បានប្រាប់វីអូអេថាលោកមិនព្រួយបារម្ភនឹងឥទ្ធិពលប្រទេសចិនលើបណ្តាញទូរគមនាគមន៍ទេ។
ប៉ុន្តែលោកចរិយាបានបន្ថែមថាបណ្តាញ5G មកដល់ឆាប់ពេកក្នុងខណៈពេលដែលបណ្តាញ4Gគ្របដណ្តប់បានតែ៥០ភាគរយនៃប្រទេសកម្ពុជាប៉ុណ្ណោះហើយកម្ពុជានៅដើរមិនទាន់ខាងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងមានឧបករណ៍ភ្ជាប់បណ្តាញអ៊ីនធឺណិតនោះនៅឡើយទេ។
កាលពីខែមុនក្រុមហ៊ុនទូរស័ព្ទ Smart Axiata ដែលបម្រើសេវាដល់អតិថិជនពាក់កណ្តាលប្រទេសកម្ពុជាបានសាកល្បងបច្ចេកវិទ្យា5G ហើយបាននិយាយថាក្រុមហ៊ុននឹងតបណ្តាញទូរស័ព្ទរបស់Huawei នៅ ឆ្នាំនេះ។
លោកស្រីសារ៉ា រីពូស៊ី (Sarah Repucci) នាយកជាន់ខ្ពស់ខាងផ្នែកស្រាវជ្រាវនិងវិភាគនៃអង្គការ Freedom House បានប្រាប់ដល់វេទិការបណ្តាញសារព័ត៌មាននិងប្រជាធិបតេយ្យនៅ រដ្ឋធានីវ៉ាស៊ីនតោនកាលពីខែឧសភាថាទំនាក់ទំនងរបស់ក្រុមហ៊ុន Huawei ជាមួយនឹងរដ្ឋាភិបាលចិនធ្វើឱ្យការរីកសាយបច្ចេកវិទ្យា5G នៅ ទូទាំងពិភពលោកគួរជាទីព្រួយបារម្ភទាំងចំពោះរដ្ឋាភិបាលនិងពលរដ្ឋនៅប្រទេសដទៃទៀត។
លោកស្រីបន្ថែមថា៖
«អ្វីដែលជាការព្រួយបារម្ភមួយគឺប្រទេសចិនកំពុងតែព្យាយាមកំណត់ស្តង់ដាបច្ចេកទេសពីរបៀបសរសេរលេខកូដនិងការផ្សាយតាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធនេះ។ ហើយមានគ្រោះថ្នាក់ខ្ពស់ខ្លាំងណាស់ថាប្រទេសចិននឹងមានលទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះដើម្បីតាមដានមើលនិងផ្តល់បច្ចេកវិទ្យានេះទៅសម្ព័ន្ធមិត្តប្រចាំប្រទេសទាំងនោះប្រើប្រាស់តាមដានពលរដ្ឋរបស់ខ្លួននៅពេលខាងមុខ»។
លោក ដានីញ៉ែល បាស្តាដ Daniel Bastard នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនមិនទាន់អាចបញ្ជាក់បានទេថាតើបច្ចេកវិទ្យា5G របស់ក្រុមហ៊ុនHuawei នឹងប៉ះពាល់ដល់សេរីភាពនៃការនិយាយស្តីនៅប្រទេសកម្ពុជាឬទេប៉ុន្តែលោកបានបញ្ជាក់បន្ថែមថាវាជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការផ្សព្វផ្សាយគំរូនៃការគ្រប់គ្រងព័ត៌មានដល់ប្រទេសដទៃទៀត។
លោកបាស្តាដបានបន្ថែមថា៖
«យើងអាចឃើញគំរូរបៀបនេះនិងគំរូរបស់ចិនកាន់តែរីកធំឡើងនៅក្នុងប្រទេសកម្ពុជា ដែលអាក្រក់ខ្លាំងណាស់សម្រាប់សេរីភាពក្នុងការនិយាយស្តីនិងសេរីភាពក្នុងការទទួលបានព័ត៌មាន»។
កាលពីខែមិថុនាអង្គការFreedom House បានចេញផ្សាយរបាយការណ៍មួយដែលព្រមានពីការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោកដោយសារមានការវាយប្រហារលើបណ្តាញសារព័ត៌មានកាន់តែច្រើនជាងមុននៅក្នុងប្រទេសជាច្រើន គឺទាំងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យនិងរបបផ្តាច់ការ។
របាយការណ៍នោះបានគូសបង្ហាញពីការគំរាមកំហែងដោយសារតែឥទ្ធិពលចិនកាន់តែរីកធំឡើងលើបណ្តាញសារព័ត៌មានតាមរយៈទុនវិនិយោគរបស់ចិនលើវិស័យទូរគមនាគមន៍និងបណ្តាញសារព័ត៌មាននៅប្រទេសទាំងនោះ។
របាយការណ៍នោះបន្ថែមថា៖
«គណបក្សកុម្មុនិស្តចិនបានបង្កើតយន្តការស្មុគស្មាញដ៏រស់រវើកនិងមានច្រើនលំដាប់ថ្នាក់ដើម្បីគ្រប់គ្រងបណ្តាញព័ត៌មាននៅក្នុងប្រទេស។ អាជ្ញាធរចិនប្រើឥទ្ធិពលលើខ្លឹមសារព័ត៌មាននៅជុំវិញពិភពលោកតាមរយៈយុទ្ធសាស្រ្តសំខាន់ៗបីដែលមានការលើកកម្ពស់ការសរសើរគណបក្សកុម្មុយនិស្តចិន គាបសង្កត់យោបល់រិះគន់ និងគ្រប់គ្រងប្រព័ន្ធចែកចាយព័ត៌មាន»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងខណៈពេលដែលសេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះក្រោយពីរដ្ឋាភិបាលបានបង្ក្រាប វិស័យព័ត៌មាននេះទទួលបានការវិនិយោគយ៉ាងគំហុកពីចិន។
ពួកគេបានបង្កើតបណ្តាញព័ត៌មានថ្មីផ្សាយជាភាសាខ្មែរ ដែលមានដូចជាទូរទស្សន៍ NICE TV និងត្នោតញ៉ូស ដែលមិនហ៊ានរាយការណ៍ព័ត៌មាននយោបាយដែលរិះគន់ទេហើយក៏មានការវិនិយោគលើបណ្តាញព័ត៌មានដែលមានស្រាប់ហើយមានទំនាក់ទំនងនឹងគណបក្សប្រជាជនកម្ពុជាផងដែរ៕