សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន អាចកាត់បន្ថយការរីកលូតលាស់សេដ្ឋកិច្ចសាកលលោកនៅឆ្នាំក្រោយ។ នេះតាមការព្រមានរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីថ្ងៃពុធម្ស៉ិលមិញ។
លោកស្រី Christine Lagarde នាយិការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និយាយថា ការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីយកពន្ធគយពាណិជ្ជកម្មទាំងអស់រវាងប្រទេសទាំង២ នឹងធ្វើឲ្យផលិតផលសរុបក្នុងស្រុក (GDP) រួញតូច០,០០៥។
លោកស្រីនាយិកាបានមានប្រសាសន៍ក្នុងការកត់សម្គាល់ខ្លីមួយសម្រាប់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ហៅកាត់ G-20ថា «ចំនួននេះធ្វើឲ្យមានការខាតបង់ប្រហែល ៤រយ ៥៥ពាន់លានដុល្លារ ដែលមានទំហំធំជាងសេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ ទាំងនេះជាស្លាកស្នាមរបួសដែលត្រូវបញ្ចៀស ដោយការដកចេញការអនុវត្តរបាំងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ និងការបញ្ចៀសឧបសគ្គតទៅទៀតក្នុងទម្រង់បែបបទអ្វីក៏ដោយ»។
ការព្រមាននេះបានកើតឡើងនៅពេលដែលរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនិងប្រធានធនាគារកណ្តាលរបស់ក្រុមប្រទេស G-20 ប្រុងប្រៀបជួបគ្នាក្នុងប្រទេសជប៉ុននៅចុងសប្តាហ៍នេះ។ ពួកអស់លោកនឹងជួបប្រជុំប៉ុន្មានសប្តាហ៍ បន្ទាប់ពីការចរចារវាងសហរដ្ឋអាមេរិក និងចិន បានដួលរលំនៅពេលដែលមានការអះអាងពីការសន្យាមិនបានការ និងការយកពន្ធគយមួយលើកទៀត។
លោកស្រី Lagarde បានជំរុញឲ្យរដ្ឋាភិបាលអនុវត្តគោលនយោបាយដែលគាំទ្រការរីកលូតលាស់សេដ្ឋកិច្ច ដើម្បីបញ្ចៀសការធ្លាក់ចុះសេដ្ឋកិច្ចសកលលោក។ លោកស្រីនាយិកាមូលនិធិរូបីវត្ថុអន្តរជាតិ (IMF) បានសរសេរថា អ្នកតាក់តែងគោលនយោបាយត្រូវតែធ្វើឲ្យបានច្រើនឡើងថែមទៀត រួមទាំងការប្រើគោលនយោបាយរូបិយវត្ថុធម្មតា និងមិនធម្មតានិងការជំរុញសេដ្ឋកិច្ច៕