ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានសន្យាកាលពីថ្ងៃទី ១៩ ខែកុម្ភៈថា នឹងសងសឹកតទល់នឹងគោលនយោបាយពាណិជ្ជកម្មការពារទំនិញក្នុងប្រទេសរបស់សហរដ្ឋអាមេរិក បន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិកបានផ្តល់យោបល់ឲ្យបង្កើនពន្ធគយលើការនាំចូលដែកថែបពីប្រទេសចំនួន ១២ ដែលក្នុងនោះរួមមានទាំងប្រទេសចិន ប្រេស៊ីល និងកូរ៉េខាងត្បូងផងដែរ។ លោក Moon Jae In ក៏នឹងឆ្លើយតបចំពោះការបង្កើនពន្ធគយរហូតដល់ទៅ ៥០ ភាគរយផងដែរ ដែលសហរដ្ឋអាមេរិកបានដាក់នាពេលថ្មីៗនេះទៅលើក្រុមហ៊ុនផលិតម៉ាស៊ីនបោកសម្លៀកបំពាក់របស់កូរ៉េខាងត្បូង។
លោកប្រធានាធិបតី Moon Jae In បាននិយាយថា «ខ្ញុំស្នើឲ្យរដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹង និងហ្មត់ចត់ ដើម្បីឆ្លើយតបចំពោះវិធានការការពារទំនិញក្នុងប្រទេសមិនសមហេតុសមផលរបស់សហរដ្ឋអាមេរិកនេះ ដូចជាការដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក និងការពិនិត្យមើលក្រែងលោមានការរំលោភបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង»។
នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ក្រសួងពាណិជ្ជកម្មអាមេរិកបានលើកឡើងពីការនាំចូលដែកថែប និងអាលុយមីញ៉ូមដែលមានតម្លៃទាប ថាជាការគំរាមកំហែងចំពោះសន្តិសុខជាតិសហរដ្ឋអាមេរិក ដោយវាធ្វើឲ្យឧស្សាហកម្មដ៏សំខាន់មួយនេះរបស់សហរដ្ឋអាមេរិកចុះខ្សោយ។
ក្រសួងនេះក៏បានផ្តល់យោបល់ផងដែរឲ្យលោកប្រធានាធិបតី Donald Trump ចាត់វិធានការខាងក្រោមនេះលើការនាំចូលដែកថែប៖
- យកពន្ធគយជាសាកលចំនួន ២៤ ភាគរយលើការនាំចូលដែកថែបទាំងអស់។
- យកពន្ធគយថ្មីចំនួន ៥៣ ភាគរយ ឬច្រើនជាងនេះ លើប្រទេសនាំចេញដែកថែបសំខាន់ៗចំនួន ១២ ដែលរួមមានទាំងចិន និងកូរ៉េខាងត្បូងផងដែរ។
- កំណត់កូតានាំចូលដែកថែបចំនួនរហូតដល់ ៦៣ ភាគរយនៃកូតានាំចូលក្នុងឆ្នាំ ២០១៧។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មនេះក៏បានស្នើឲ្យមានការរឹតបន្តឹងស្រដៀងគ្នានេះដែរលើការនាំចូលអាលុយមីញ៉ូម។ លោកប្រធានាធិបតី Donald Trump ត្រូវតែឆ្លើយតបចំពោះការផ្ដល់អនុសាសន៍របស់ក្រសួងពាណិជ្ជកម្មនៅត្រឹមដើមខែមេសាខាងមុខនេះ ហើយអាចសម្រេចចិត្តជ្រើសរើសប្រទេសណាដើម្បីដាក់កំហិត ឬលើកលែងពន្ធគយបានដោយផ្អែកលើតម្រូវការសន្តិសុខជាតិ។
កិច្ចព្រមព្រៀងដែលធ្វើឲ្យបាត់បង់ការងារ
គោលនយោបាយសេដ្ឋកិច្ចបែបជាតិនិយមរបស់លោក Trump ក្នុងការផ្ដល់ «អាទិភាពដល់សហរដ្ឋអាមេរិកជាមុន» ទាមទារឲ្យមានការធ្វើពាណិជ្ជកម្មដែលមានភាពស្មើគ្នា និងទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធរបស់ខ្លួន។ លោកប្រធានាធិបតីក៏បានរិះគន់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលហៅកាត់ជាភាសាអង់គ្លេស KORUS ថាជាកិច្ចព្រមព្រៀងមួយរបស់សហរដ្ឋអាមេរិកដែលបានលុបបំបាត់ការងារជាច្រើន។
លោកបន្ថែមថា កិច្ចព្រមព្រៀងនេះទទួលខុសត្រូវចំពោះការកើនឡើងទ្វេដងនូវឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសកូរ៉េខាងត្បូង ដែលកើនពី ១៣ ពាន់លានដុល្លារអាមេរិក ដល់ ២៧ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីកិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីឆ្នាំ ២០១២ មក។ នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងសេអ៊ូលកំពុងតែចរចាឡើងវិញលើលក្ខខណ្ឌមួយចំនួននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនេះ។
ឱនភាពពាណិជ្ជកម្មដែលបណ្ដាលមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម KORUS នេះ ចំនួនជិត ៨០ ភាគរយ គឺកើតមានឡើងនៅក្នុងឧស្សាហកម្មផលិតរថយន្ត ដោយក្រុមហ៊ុនផលិតរថយន្ត Hyundai និង Kia របស់ប្រទេសកូរ៉េខាងត្បូងកំពុងរីកចម្រើន ចំណែកឯក្រុមហ៊ុន General Motors របស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះបានប្រកាសពីគម្រោងបិទរោងចក្រផលិតរថយន្តដ៏សំខាន់មួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែការលក់ធ្លាក់ចុះ។
ការបិទរោងចក្ររបស់ក្រុមហ៊ុន General Motoers នេះ បានបង្កើននូវការព្រួយបារម្ភដែលថា ប្រសិនបើមិនមានការរួមចំណែកថវិកាឧបត្ថម្ភណាមួយពីរដ្ឋាភិបាលនោះទេ ក្រុមហ៊ុននេះអាចនឹងដកចេញទាំងស្រុងពីប្រទេសកូរ៉េខាងត្បូង ដោយធ្វើឲ្យនិយោជិតជាង ១ ម៉ឺន ៦ ពាន់នាក់ រួមទាំងបុគ្គលិកជាប់កិច្ចសន្យារាប់ពាន់នាក់ផ្សេងទៀត មិនមានការងារធ្វើ។
វិធានការនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកដើម្បីយកពន្ធគយរហូតដល់ ៥០ ភាគរយ លើម៉ាស៊ីនបោកសំលៀកបំពាក់ និងបន្ទះស្រូបថាមពលព្រះអាទិត្យរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានធ្វើឡើងដើម្បីការពាររោងចក្រផលិតកម្មរបស់សហរដ្ឋអាមេរិក។ លោក Trump បាននិយាយថា ប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន «បានរួចផុតពីការដាក់ទោសទណ្ឌអស់រយៈពេល ២៥ ឆ្នាំមកហើយ» ដោយសារតែប្រទេសទាំងនោះគេងចំណេញលើគោលនយោបាយពាណិជ្ជកម្មសេរីរបស់សហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលរបស់លោក Trump នឹងស្វែងរកពន្ធពីប្រទេសទាំងនេះដើម្បីសងដល់ការខាតបង់នេះ។
ប្រទេសកូរ៉េខាងត្បូង និងចិនបានតវ៉ាប្រឆាំងនឹងរឿងពន្ធគយនេះថាជាការការពារតែទំនិញក្នុងប្រទេសរបស់សហរដ្ឋអាមេរិកដែលមិនយុត្តិធម៌ និងបានបញ្ជាក់ថា ខ្លួននឹងទាមទារឲ្យមានការដោះស្រាយជម្លោះនៅអង្គការពាណិជ្ជកម្មពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងពិបាកក្នុងការបដិសេធលើការទាមទារឲ្យមានការលើកលែងលើផ្នែកសន្តិសុខជាតិ។
ដំណើរការដោះស្រាយជម្លោះនេះអាចនឹងចំណាយពេលច្រើនឆ្នាំ ហើយគេមិនច្បាស់ថាតើរដ្ឋាភិបាលរបស់លោក Trump នឹងគោរពតាមសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោកឬក៏យ៉ាងណានោះទេ។
លោក Jae Yoon Lee អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានកូរ៉េសម្រាប់សេដ្ឋកិច្ចឧស្សាហកម្ម និងពាណិជ្ជកម្ម (KIET) បាននិយាយថា៖ «សហរដ្ឋអាមេរិកជាប្រទេសដ៏មានអំណាចមួយនៅក្នុងពិភពលោក ដូច្នេះទោះបីអង្គការពាណិជ្ជកម្មពិភពលោកទទួលពាក្យបណ្តឹងរបស់ប្រទេសកូរ៉េខាងត្បូង និងផ្ដល់យោបល់ឲ្យសហរដ្ឋអាមេរិកក៏ដោយ ក៏ខ្ញុំមិនប្រាកដថាតើវានឹងមានឥទ្ធិពលកម្រិតណាលើសហរដ្ឋអាមេរិកនោះទេ»។
ក្នុងនាមជាទីផ្សារនាំចេញដ៏ធំបំផុតទី ៧ សម្រាប់សហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូងក៏អាចសងសឹកផងដែរ ដោយផ្ដោតលើផលិតផលកសិកម្ម និងវិស័យហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ដែលជាវិស័យពីរដែលដែលការនាំចូលរបស់សហរដ្ឋអាមេរិកមានការកើនឡើង។ ប៉ុន្តែការចាត់វិធានការបែបនេះអាចធ្វើឲ្យមានគ្រោះថ្នាក់បង្កទៅជាសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទីពីររបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសចិន។
កិច្ចសហប្រតិបត្តិការសន្តិសុខ
បន្ថែមពីភាពជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក៏ជាសម្ព័ន្ធមិត្តយោធាដ៏យូរអង្វែងផងដែរ ដែលបានសហការគ្នាយ៉ាងជិតស្និទក្នុងការដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែរដែលកំពុងដែលកើនឡើងរបស់កូរ៉េខាងជើង។
នៅក្នុងបទវិចារណកថាមួយរបស់សារព័ត៌មាន Hankoreh របស់កូរ៉េខាងត្បូង ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៩ ខែកុម្ភៈកន្លងទោនេះ បានរិះគន់ដល់គោលនយោបាយរបស់រដ្ឋាភិបាលលោក Trump ដែលដាក់ទណ្ឌកម្មពាណិជ្ជកម្មប្រឆាំងនឹងសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួននៅអាស៊ី និងបានចោទជាសំណួរថា៖ «តើទង្វើរបស់ប្រទេសមួយដែលធ្វើដូច្នេះអាចហៅថាជាសម្ព័ន្ធមិត្តបានដែរឬទេ?»។
ទាំងរដ្ឋាភិបាលរបស់លោក Trump និងទាំងរដ្ឋាភិបាលរបស់លោក Moon Jae In បានបញ្ជាក់ថា ពួកគេនឹងមិនអនុញ្ញាតឲ្យជម្លោះពាណិជ្ជកម្មទ្វេភាគីមួយប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេក្នុងការទប់ទល់ និងរារាំងចំពោះសមត្ថភាពនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីលដែលកំពុងតែកើនឡើងរបស់កូរ៉េខាងជើងនោះទេ។
លោក Bong Young-shik អ្នកវិភាគនយោបាយម្នាក់នៅវិទ្យាស្ថានសិក្សាកិច្ចការកូរ៉េខាងជើងរបស់សាកលវិទ្យាល័យ Yonsei នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងមីស៊ីល ឬក៏គ្រាប់នុយក្លេអ៊ែរដែលមានការគំរាមកំហែង រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងសេអ៊ូលនឹងផ្ដល់អាទិភាពដល់កិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខ ជាងលើការខ្វែងគំនិតគ្នាផ្នែកពាណិជ្ជកម្ម។
លោក Bong Young Shik បាននិយាយយ៉ាងដូច្នេះថា៖ «វាអាចទៅរួចដែលថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកទំនងជានឹងទុកជម្លោះពាណិជ្ជកម្មរបស់ពួកគេមួយឡែក ដើម្បីដោះស្រាយបញ្ហាបន្ទាន់ជាងនេះនានាដែលពួកគេប្រឈមជាមួយគ្នា»។
កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងសេអ៊ូលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានកាត់បន្ថយនូវភាពតានតឹងនាពេលបច្ចុប្បន្ននេះ និងបានធ្វើឲ្យមានការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងការប្រកួតកីឡាអូឡាំពិកដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗនេះ។ ប៉ុន្តែ ប្រទេសកូរ៉េខាងត្បូងក៏នៅតែប្ដូរផ្ដាច់គាំទ្រចំពោះការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើងឲ្យលះបង់នូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ