ការអនុគ្រោះពន្ធដល់ទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាអាចនឹងត្រូវបានដកចេញ ហើយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាទាំងអស់អាចនឹងត្រូវបានហាមមិនឲ្យធ្វើពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់តុលាការកំពូលក្នុងការរំលាយគណបក្សប្រឆាំង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នានាកាលពីថ្ងៃសុក្រ។
តុលាការកំពូលរបស់កម្ពុជាកាលពីថ្ងៃព្រហស្បតិ៍បានសម្រេចរំលាយគណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិ និងហាមប្រាមមិនឲ្យសមាជិកគណបក្សនោះចំនួន១១៨នាក់ចូលរួមក្នុងសកម្មភាពនយោបាយចំនួនប្រាំឆ្នាំ ដោយសម្រេចថា គណបក្សនេះមានផែនការក្បត់ជាតិដែលឃុបឃិតជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
សេចក្តីសម្រេចនេះធ្វើឡើងមុនពេលមានការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ក្រោយពីគណបក្សសង្គ្រោះជាតិទទួលបានសំឡេងពីការបោះឆ្នោតសភានិងក្រុមប្រឹក្សាឃុំសង្កាត់ពីអាណត្តិមុនជាង៤០ភាគរយ។
សហភាពអឺរ៉ុប សេតវិមាន និង ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ព្រមានថា នឹងចាត់វិធានការជាក់លាក់មួយចំនួនក្នុងការឆ្លើយតបនឹងការសម្រេចនេះដែលធ្វើឲ្យអន្តរាយដល់ប្រជាធិបតេយ្យនៅកម្ពុជា។
ប្រតិកម្មរបស់សហរដ្ឋអាមេរិក
នៅរដ្ឋធានីវ៉ាស៊ីនតោន ក្រសួងការបរទេសស.រ.អា.បានឲ្យដឹងថា វាជារឿងគួរឲ្យបារម្ភខ្លាំងណាស់ចំពោះការសម្រេចរបស់តុលាការកម្ពុជាក្នុងការបំបាត់គណបក្សប្រឆាំង ហើយការធ្វើបែបនេះនឹងធ្វើឲ្យកម្ពុជារឹតតែឯកោ។
អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា.គឺអ្នកនាង Heather Nauert បានថ្លែងប្រាប់សារព័ត៌មានកាលពីថ្ងៃសុក្រថា៖
«ការរំលាយគណបក្សប្រឆាំងមិនត្រឹមតែរាំងស្ទះដំណើរប្រជាធិបតេយ្យរបស់កម្ពុជាទេ វាក៏បានបំផ្លាញទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិផ្សេងទៀតផងដែរ។ វាធ្វើឲ្យកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់កម្ពុជាចុះខ្សោយ ហើយថែមទាំងធ្វើឲ្យកម្ពុជាឃ្លាតឆ្ងាយពីប្រទេសប្រជាធិបតេយ្យក្នុងតំបន់»។
អ្នកនាង Nauert បានបន្តថា៖
«រដ្ឋាភិបាលកម្ពុជាគួរតែលុបចោលការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដោះលែងប្រធានគណបក្សដែលជាប់ឃុំឃាំងគឺលោកកឹម សុខា ហើយអនុញ្ញាតឲ្យគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងបណ្តាញសារព័ត៌មានអាចបន្តសកម្មភាពស្របច្បាប់របស់ពួកគេ»។
សំណើដែលសម្រេចជាឯកច្ឆ័ន្ទដោយព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានជំរុញឲ្យក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធនានា «ពិចារណាដាក់មន្ត្រីរដ្ឋាភិបាលកម្ពុជាជាន់ខ្ពស់ទាំងអស់ដែលបានជាប់ពាក់ព័ន្ធនឹងការរំលោភបំពានដែលត្រូវបានកត់សម្គាល់ខាងលើនេះ ចូលទៅក្នុងបញ្ជីខ្មៅ»។
ទណ្ឌកម្មទៅលើអ្នកក្នុងបញ្ជីខ្មៅគឺបង្កកទ្រព្យសម្បត្តិរបស់បុគ្គល របបគ្រប់គ្រង ក្រុមហ៊ុន ឬ ប្រទេសនានា ដែលត្រូវបានគេកំណត់ ហើយជាទូទៅហាមប្រាមឲ្យស្ថាប័នសហរដ្ឋអាមេរិកទាំងអស់ឲ្យធ្វើពាណិជ្ជកម្មជាមួយពួកគេទេ រួមទាំងផ្តល់ប្រាក់កម្ចីផងដែរ។
ទណ្ឌកម្មទាំងនេះ ដូចជាបង្កកផលប្រយោជន៍អចលនទ្រព្យគឺត្រូវបានអនុវត្តដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស និងត្រូវបានអនុវត្តនៅប្រទេសដូចជា ស៊ីមបាវ៉េ ស៊ីរី កូរ៉េខាងជើង និងអ៊ីរ៉ង់។
តើលោក ត្រាំ នឹងអន្តរាគមទេ?
ព្រឹទ្ធសភាអាមេរិកក៏បានអំពាវនាវឲ្យលោកប្រធានាធិបតីដូណាល់ ត្រាំធ្វើអន្តរាគមន៍ដោយផ្ទាល់និងធ្វើឲ្យប្រាកដថា លទ្ធផលនៃការបោះឆ្នោតជាតិកម្ពុជានៅខែកក្កដាឆ្នាំក្រោយនេះ នឹងមិនត្រូវបានទទួលស្គាល់ ក្រោមស្ថានភាពដូចបច្ចុប្បន្ននេះ។
សេតវិមានបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ជាលើកទី២ដែលបានចេញសេចក្តីបន្ទោសកម្ពុជានៅសប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍នេះនិយាយថា ស.រ.អា.បញ្ឈប់ការគាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅកម្ពុជា និងកិច្ចការរដ្ឋបាលសម្រាប់ការបោះឆ្នោតនេះទាំងអស់ ដែលនេះជាជំហានទី១។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា៖
«ពិភពលោកកាន់តែឃើញច្បាស់ឡើងថា ការរឹតបន្តឹងរបស់រដ្ឋាភិបាលទៅលើអង្គការសង្គមស៊ីវិល ការគាបសង្កត់ទៅលើសារព័ត៌មាន និងការហាមឃាត់មិនឲ្យមេដឹកនាំគណបក្សប្រឆាំងជាង១០០នាក់ធ្វើសកម្មភាពនយោបាយនោះ បានធ្វើឲ្យដំណើរការប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាដើរថយក្រោយយ៉ាងលឿន ហើយបានធ្វើឲ្យការលូតលាស់ផ្នែកសេដ្ឋកិច្ច និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិប្រឈមនឹងហានិភ័យ។ សហរដ្ឋអាមេរិកនឹងចាត់វិធានការជាក់លាក់មួយចំនួនក្នុងការឆ្លើយតបនឹងសកម្មភាពដ៏គួរឲ្យសោកស្តាយយ៉ាងខ្លាំងរបស់រដ្ឋាភិបាលកម្ពុជា»។
ការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំង
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលបានចុះចេញពីដំណែងកាលពីខែកុម្ភៈ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការធ្វើវិសោធនកម្មច្បាប់ដែលបានបណ្តាលឲ្យមានការរំលាយគណបក្សនេះ បានប្រាប់វីអូអេខ្មែរថា ពលរដ្ឋកម្ពុជាគួរតែទាមទារឲ្យលោកហ៊ុនសែនចុះចេញពីតំណែង ហើយអះអាងថាបើសិនលោកនាយករដ្ឋមន្ត្រីនៅបន្តកាន់អំណាច «នឹងមានទណ្ឌកម្ម ហើយនឹងមានទណ្ឌកម្មខាងសេដ្ឋកិច្ច»។
ច្បាប់ដែលរំលាយគណបក្សប្រឆាំងត្រូវបានអនុម័ត ហើយរំលាយគណបក្សសង្គ្រោះជាតិ។
យោងតាមលោកសម រង្ស៊ី លោក ហ៊ុន សែន ត្រូវតែ «ប្តូរនយោបាយរបស់លោក ឈប់គាបសង្កត់គណបក្សសង្គ្រោះជាតិ ផ្តល់សិទុ្ធសេរីភាពជាមូលដ្ឋានជូនប្រជារាស្ត្រខ្មែរវិញ ហើយដោះលែងអ្នកទោសនយោបាយទាំងអស់ រួមមានលោក កឹម សុខាដែលជាប្រធានគណបក្សសង្គ្រោះជាតិ»។
លោកសម រង្ស៊ី បានថ្លែងនៅរដ្ឋធានីវ៉ាស៊ីនតោនទៅទស្សនិកជនខ្មែរ តាមកម្មវិធីវិទ្យុគឺ Hello VOA ដែលពលរដ្ឋអាចទូរស័ព្ទចូលសួរជាសំណួរ។ លោកបាននិយាយថា ទណ្ឌកម្មទាំងអស់គឺអាចចៀសវាងបាន។
លោកបន្តថា បើសិន«ជាគេលុបចោលសេចក្តីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ គណបក្សសង្គ្រោះជាតិដំណើរការវិញភ្លាម។ រចនាសម្ព័ន្ធយើងនៅដដែល។ តិចណាស់ស្ទើរតែគ្មានអ្នកដែលទៅចុះចូលគណបក្សប្រជាជនតាមការអំពាវនាវរបស់លោកហ៊ុន សែននោះទេ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺលោកហង្ស ពុទ្ធាបាននិយាយថា កង្វះជំនួយពីសហរដ្ឋអាមេរិកនឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជានោះទេ ពីព្រោះរដ្ឋាភិបាលកម្ពុជាមានថវិកាសម្រាប់បោះការឆ្នោតគ្រប់គ្រាន់រួចមកហើយដើម្បីជំនួសឲ្យថវិកាដែលត្រូវកាត់ផ្តាច់។
លោកបានបន្តថា៖
«ថវិកាបោះឆ្នោតហ្នឹងគឺមានគម្រោងរួចហើយ ហើយនេះគឺជាថវិការបស់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដែលនឹងត្រូវផ្តល់មកសម្រាប់រៀបចំការបោះឆ្នោត»។
ការគាំទ្រផ្នែកហិរញ្ញវត្ថុ
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច បាននិយាយថា ពលរដ្ឋកម្ពុជាបច្ចុប្បន្នមានជំនួយហិរញ្ញវត្ថុច្រើន ដូចជាជំនួយពីប្រទេសចិន រុស្ស៊ី និង ជប៉ុន។
លោកបានថ្លែងថា៖
«បើលោកអាមេរិក លោកអឺរ៉ុបមិនជួយទេ ខ្ញុំយល់ថា ក៏មានបណ្តាប្រទេសធំៗនៅលើពិភពលោកដែលគេចង់បានយុត្តិធម៌ហ្នឹង គេក៏ជួយកម្ពុជាដើម្បីដំណើរការបោះឆ្នោតដែរ»។
សហភាពអឺរ៉ុបមានសក្តានុពលដ៏ធំធេងក្នុងការស្រូបយកការនាំចេញប្រមាណជាពាក់កណ្តាលនៃការនាំចេញសរុបរបស់កម្ពុជា ដែលមានតម្លៃប្រមាណ៥ពាន់លានដុល្លារ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ សហភាពអឺរ៉ុបបានស្នើថា ការអនុគ្រោះពន្ធសម្រាប់ទីផ្សារដែលកម្ពុជាអាចទទួលបានការអនុគ្រោះតាមរយៈគម្រោង«អនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកលែងតែសព្វាវុធ» នោះគួរតែដកចេញហើយ។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖
«ការគោរពសិទ្ធិមនុស្សជាមូលដ្ឋានគឺជាការចាំបាច់សម្រាប់ប្រទេសកម្ពុជាដើម្បីបន្តទទួលបានផលប្រយោជន៍ពីគម្រោងនៃការអនុគ្រោះពន្ធគ្រប់បែបយ៉ាង លើកលែងតែសព្វាវុធនេះ»។
អ្នកនាំពាក្យរបស់សហភាពអឺរ៉ុបនៅមិនទាន់បានឆ្លើយតបនឹងសណើសុំក្នុងការធ្វើអត្ថាធិប្បាយឲ្យច្បាស់អំពីជំហានដែលសហភាពអឺរ៉ុបនឹងធ្វើក្នុងការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់តុលាការកំពូលរបស់កម្ពុជានោះទេ ហើយវីអូអេព្យាយាមទាក់ទងអ្នកនាំពាក្យរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា តែមិនទាន់ទាក់ទងបាននៅឡើយ។
លោកខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងថា លោកមិនអាចព្យាករណ៍ថា តើរោងចក្រទាំងឡាយនៅកម្ពុជានៅតែអាចនាំចេញទៅកាន់សហភាពអឺរ៉ុប ដោយមិនមានគម្រោងនៃការអនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកលែងតែសព្វាវុធនេះ ដែរឬទេ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គ្រប់យ៉ាងគឺអាស្រ័យទៅលើអ្នកនយោបាយ មិនមែនពាណិជ្ជករទេ ក្នុងការដោះស្រាយជម្លោះបែបនេះ។
លោកបានមានប្រសាសន៍ថា៖
«ប្រសិនបើសហភាពអឺរ៉ុបបានដកសិទ្ធិអនុគ្រោះ ឬព្យួរការទទួលបានការអនុគ្រោះ ដូច្នេះពិតណាស់ វាប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មរបស់យើងដែលមាន៤៣%ឬ ៤៤% នាំចេញទៅកាន់សហភាពអឺរ៉ុប»។
អ្នកនាំពាក្យក្រសួងការងារគឺលោក ហេង សួរ បាននិយាយថា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកគួរតែបញ្ឈប់ការព្រួយបារម្ភពីស្ថានភាពនយោបាយរបស់កម្ពុជា ហើយផ្តោតសំខាន់ទៅលើពាណិជ្ជកម្មវិញ។
លោកបានមានប្រសាសន៍ថា៖
«កម្ពុជាក៏មិនមែនពឹងអាស្រ័យតែទៅលើសហគមន៍អឺរ៉ុបមួយនោះទេ។ កម្ពុជានៅមានទីផ្សារប្រទេសផ្សេងទៀត ហើយកម្ពុជាបានជឿជាក់ថា សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកនឹងមិនសម្លាប់ការលើកទឹកចិត្តឲ្យគោរពលក្ខខណ្ឌការងារភ្ជាប់ជាមួយពាណិជ្ជកម្មនោះទេ»។
ប្រជាជនកម្ពុជាប្រមាណ៦សែននាក់ធ្វើការជាផ្លូវការនៅក្នុងវិស័យកាត់ដេរ ហើយគេជឿថា មនុស្សជាច្រើនទៀតធ្វើការក្រៅផ្លូវការនៅក្នុងវិស័យដដែលនេះ ដែលធ្វើឲ្យវិស័យនេះក្លាយទៅជាប្រភពចំណូលធំជាងគេនៅក្នុងប្រទេសកម្ពុជា។
ភាពអត់ការងារធ្វើ
ឱកាសការងារនៅកម្ពុជាគឺនៅមានភាពខ្វះខាតខ្លាំងណាស់ ដែលធ្វើឲ្យប្រជាជនកម្ពុជាប្រមាណជា១លាននាក់ត្រូវទៅធ្វើការនៅប្រទេសថៃ បើទោះជាប្រទេសថៃមានកេរ្តិ៍ឈ្មោះថា ជាប្រទេសដែលកេងប្រវ័ញ្ចយ៉ាងធ្ងន់ធ្ងរទៅលើពលករចំណាកស្រុកក៏ដោយ។
ដោយហេតុនេះ ការព្យូរការអនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកលែងតែសព្វាវុធគឺជាវិធានការទណ្ឌកម្មដែលពេលខ្លះត្រូវគេហៅថា «ជម្រើសនុយក្លេអ៊ែរ» ហើយត្រូវក្រុមអ្នកវិភាគចាត់ទុកថា ជាវិធានការដែលមិនល្អទេ។
លោកបណ្ឌិត Lee Jones សាស្ត្រាចារ្យរងផ្នែកនយោបាយអន្តរជាតិនៃសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុងដ៍ បាននិយាយថា បទពិសោធន៍នៃការដាក់ទណ្ឌកម្មស្រដៀងគ្នានេះ គឺទណ្ឌកម្មទៅលើប្រទេសភូមាឬមីយ៉ាន់ម៉ាកន្លងមក បានបង្ហាញថា ទណ្ឌកម្មនេះបានត្រឹមតែធ្វើឲ្យមានការខាតបង់លើវិស័យកាត់ដេរប៉ុណ្ណោះ ប៉ុន្តែវាមិនមានឥទ្ធិពលអ្វីទៅលើរបបគ្រប់គ្រងនោះទេ។
លោកបានបន្តថា៖
«ការផ្ដោតទណ្ឌកម្មទៅលើវិស័យកាត់ដេរអាចធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់ផលប្រយោជន៍មួយផ្នែកក្នុងសង្គមកម្ពុជា ដែលវាពិតជាមិនអាចជួយក្នុងការដាក់សម្ពាធលើរបបនេះទេ។ ជាការពិតណាស់ វាអាចផ្តល់ផលផ្ទុយស្រឡះ។ ខ្ញុំចង់និយាយថា ប្រទេសនេះនឹងខាតបង់ប្រាក់ចំណេញពីការនាំចេញ ហើយនឹងផលប៉ះពាល់ផ្សេងៗទៀត។ ក៏ប៉ុន្តែអ្នកដែលរងគ្រោះខ្លាំងជាងគេគឺកម្មកររបស់រោងចក្រទាំងនោះ ហើយពួកគេគឺជាមនុស្សចម្បងដែលជាអ្នកប្រឆាំងនឹងរដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោតអាណត្តិមុន»។
លោកបន្ថែមថា ទណ្ឌកម្មដែលមានការកំណត់គោលដៅលើមន្រ្តីរដ្ឋាភិបាលគឺជាគំនិតប្រសើរជាង ក៏ប៉ុន្តែទណ្ឌកម្មបែបនេះក៏នៅតែមានអត្រាជោគជ័យតិចតួចប៉ុណ្ណោះក្នុងការផ្លាស់ប្តូរអាកប្បកិរិយារបស់របបបែបនេះ៕
ចូលរួមរាយការណ៍ដោយកញ្ញា កាន់ វិច្ឆិកា លោក ម៉ែន គឹមសេង និងលោក សឹង សុផាត
ប្រែសម្រួលដោយ លឹម ហ្គេចហៀង