ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ប្រទេសមួយចំនួនបានផ្ញើសារដែលជាប្រតិកម្មខ្លាំងៗមករដ្ឋាភិបាលកម្ពុជា ដោយពួកគេបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពស្របច្បាប់នៃការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងនោះសហរដ្ឋអាមេរិកក៏បានព្រមានពីចំណាត់ការជាបន្តបន្ទាប់ផងដែរ ក្រោយពីបានប្រកាសផ្តាច់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ នៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានអះអាងថា លោកស្វាគមន៍ការកាត់ជំនួយនេះ ហើយថាគួរតែកាត់ជំនួយទាំងអស់តែម្តង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានប្រកាសថា លោកស្វាគមន៍ការកាត់ជំនួយទាំងអស់របស់សហរដ្ឋអាមេរិក ដោយលោកថា អាមេរិកកំពុងតែសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីផ្តួលរូបលោកមិនដួល។
ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ខ្លួននឹងមានវិធានការជាបន្តបន្ទាប់មកលើកម្ពុជា។ បើតាមសេចក្តីថ្លែងការណ៍នោះ ជំហានដំបូងដែលអាមេរិកនឹងធ្វើគឺបញ្ឈប់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) និងការរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ខាងមុខនេះ។
អាមេរិកបានបញ្ជាក់ថា៖
«នៅក្នុងសភាពបែបនេះ ការបោះឆ្នោតនៅឆ្នាំក្រោយនឹងគ្មានភាពស្របច្បាប់ ត្រឹមត្រូវ គ្មានភាពសេរី ឬយុត្តិធម៌ឡើយ»។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ លោក ហ៊ុន សែនបានថ្លែងថា លោកមិនខ្វល់នឹងការព្រមានកាត់ជំនួយរបស់អាមេរិកនោះទេ។ លោកក៏បានប្រកាសស្វាគមន៍អាមេរិកឲ្យកាត់ជំនួយទាំងអស់មកកម្ពុជា និងថា ការគំរាមបិទទីផ្សារកម្ពុជាក៏មិនអាចទៅរួចនោះដែរ។
លោកហ៊ុន សែនបានថ្លែងថា៖
«ឥឡូវមានអ្នកខ្លះគំរាម។ គេថា បិទផ្សារអីចេះអីចុះ។ អ្នកឯងបិទលមើល អ្នកឯងបិទក៏អ្នកឯងត្រូវទទួលខុសត្រូវចំពោះមុខវិស័យឯកជនរបស់អ្នកឯងដែលបានចុះកុងត្រាទិញរួចហើយ។ អ្នកឯងបិទ បិទជានយោបាយ។ ក៏ប៉ុន្តែអនុវត្ត អនុវត្តមិនបានទេ។ ហើយខ្ញុំស្វាគមន៍ណាស់ ស្វាគមន៍អាមេរិកកាត់ជំនួយ ទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ខ្ញុំស្វាគមន៍តែម្តង»។
លោកហ៊ុន សែនបានបញ្ជាក់បន្ថែមថា៖
«បានសេចក្តីថា អ្នកឯងនិយាយពីលទ្ធិប្រជាធិបតេយ្យ ហើយអ្នកឯងកាត់ជំនួយពីគណៈកម្មាធិការបោះឆ្នោត។ ទន្ទឹមនឹងផ្តួលខ្ញុំមិនដួលហើយ អ្នកឯងបានរួមចំណែកសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយយកល្អអំពាវនាវឲ្យអាមេរិកកាត់ជំនួយទាំងអស់តែម្តង ព្រោះកាត់ទៅ វាងាប់អា NGOs នៅក្នុងស្រុកទាំងអស់! ទៅសម្លាប់កូនរបស់ឯងតែម្តងទៅ! ស្អីឡើងកាត់! ស្អីឡើងកាត់! កាត់! កាត់ទៅ!»
VOA មិនអាចសុំការឆ្លើយតបពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបាននៅឡើយទេ។
កាលពីខែមេសាឆ្នាំ២០១៧ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសផ្ដល់ថវិកា១,៨លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គ.ជ.ប.សម្រាប់រៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
ចាប់តាំងពីបង្កើតស្ថានទូតអាមេរិកនៅកម្ពុជាឡើងវិញក្នុងឆ្នាំ១៩៩៤ រដ្ឋាភិបាលអាមេរិកមានគោលដៅសំខាន់គឺដើម្បីស្ដារទំនាក់ទំនងការទូតប្រទេសទាំងពីរឡើងវិញ តាមរយៈការជួយអភិវឌ្ឍសេដ្ឋកិច្ច វិស័យអប់រំ សុខភាពសាធារណៈ និងជំរុញប្រព័ន្ធយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យជាដើម។ បើតាមវេបសាយរបស់ក្រសួងការបរទេសអាមេរិក ក្នុងឆ្នាំ២០១៤ រដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយមកកម្ពុជាជាង៧៧លានដុល្លារអាមេរិកសម្រាប់កម្មវិធីមួយចំនួនទាក់ទងនឹងសុខភាព ការអប់រំ អភិបាលកិច្ច កំណើនសេដ្ឋកិច្ច និងការបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានលើកឡើងថា កម្ពុជាមិនមានវិបត្តិនយោបាយនោះទេ ហើយក៏គ្មានអ្នកទោសនយោបាយដែរ គឺមានតែអ្នកនយោបាយដែលមានទោស។ លោកបានបដិសេធការចោទប្រកាន់ដែលថា ការរំលាយគណបក្សសង្រ្គោះជាតិគឺជារឿងនយោបាយ។
លោកមានប្រសាសន៍ថា៖
«សូមផ្តាំទៅអ្នកការទូតមួយចំនួន ឲ្យមើលអង្គហេតុ និងអង្គច្បាប់ពិតប្រាកដ។ រឿងនេះមិនមែនរឿងនយោបាយទេ រឿងច្បាប់សុទ្ធសាធ»។
តាមរយៈសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែវិច្ឆិកា អាមេរិកបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅមានពេលនៅឡើយក្នុងការបង្វែសកម្មភាពរបស់ខ្លួនមកវិញ ក្នុងនោះមានការដោះលែងប្រធានគណបក្សប្រឆាំងគឺលោកកឹម សុខា ហើយអនុញ្ញាតឲ្យគណបក្សប្រឆាំងនានា សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយបន្តធ្វើសកម្មភាពស្របច្បាប់របស់ពួកគេតទៅទៀត។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សទើបត្រូវបានរំលាយចោល មានប្រសាសន៍ថា អ្នកស្រីមានការព្រួយបារម្ភជាខ្លាំងទៅលើទីផ្សារទំនិញរបស់កម្ពុជានៅអឺរ៉ុប និងប្រទេសផ្សេងៗ នាពេលខាងមុខ ដោយសារតែវិបត្តិនយោបាយធ្ងន់ធ្ងរនៅកម្ពុជា។ អ្នកស្រីបន្តថា កម្ពុជានឹងមានវិបត្តិសេដ្ឋកិច្ច ដោយសារប្រទេសផ្សេងៗបានផ្ញើសារខ្លាំងៗរួចទៅហើយ ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ។
អ្នកស្រីមានប្រសាសន៍ថា៖
«សេចក្តីថ្លែងការណ៍គេថ្មីៗនេះ ទុកពេលវេលាជូនទៅដល់សម្តេចនាយករដ្ឋមន្រ្តីដើម្បីឲ្យលោកគិតពិចារណា ឲ្យដោះស្រាយបញ្ហាវិបត្តិនយោបាយនេះ ដែលបង្កឡើងដោយសារអំណាចរបស់សម្តេចនាយករដ្ឋមន្រ្តី។ អាហ្នឹងច្បាស់ណាស់។ អីចឹងលោកហ៊ុន សែន គាត់ត្រូវពិចារណាទៅមុខទៀតថា តើភាពស្របច្បាប់នេះ ប្រទេសចិនអាចផ្តល់ជូនគាត់បានទេ? ប្រទេសរុស្ស៊ីជូនគាត់បានទេ? ប្រទេសវៀតណាមជូនគាត់បានទេ ភាពស្របច្បាប់ហ្នឹង!»
ទំនាក់ទំនងកម្ពុជាអាមេរិកមានភាពមិនល្អនឹងគ្នា ខណៈលោកហ៊ុន សែនបានប្រតិកម្មនឹងអាមេរិកពីរឿងទម្លាក់គ្រាប់បែកលើកម្ពុជាកាលពីអតីតកាល និងការចោទថា អាមេរិកលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ចុងក្រោយនេះ អាមេរិកត្រូវបានចោទប្រកាន់ថា នៅក្រោយគណបក្សសង្រ្គោះជាតិក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោកហ៊ុន សែនតាមទម្រង់បដិវត្តន៍ពណ៌។
លោកហ៊ុន សែនក៏បានប្រកាសនៅថ្ងៃអាទិត្យដែរថា ក្រោយរដ្ឋាភិបាលអាមេរិកបានលើកឡើងពីការផ្តាច់ជំនួយលើការដោះមីននៅកម្ពុជា ប្រទេសចិនក៏បានប្រកាសថា នឹងជួយលើបញ្ហានេះ តាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ប្រទេសមហាអំណាចមួយចំនួនក៏បានចាប់ផ្តើមព្រមានកម្ពុជា ក្នុងនោះរួមទាំងការដកចេញនូវការអនុគ្រោះពន្ធដល់ទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទាំងអស់អាចនឹងត្រូវបានហាមប្រាមការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុននានារបស់អាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយក្រោយគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ លោក Phil Robertson អនុប្រធានទទួលបន្ទុកតំបន់អាស៊ីរបស់អង្គការសិទ្ធិមនុស្ស Human Rights Watch មានប្រសាសន៍ថា ការរំលាយបក្សប្រឆាំងគឺជាគម្រោងសម្ងាត់របស់លោក ហ៊ុន សែន ដើម្បីធានាជោគជ័យរបស់លោកសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។ លោកបញ្ជាក់ថា ការលើកឡើងអំពីបដិវត្តន៍ពណ៌គឺជារឿងនិទាន ដែលសរសេរដោយគណបក្សប្រជាជនកម្ពុជា ហើយមានលក្ខណៈនយោបាយ។
លោកមានប្រសាសន៍ថា៖
«នេះជាការស្លាប់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយវាជានយោបាយសម្លាប់គោលការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលថា កម្ពុជាគួរតែមានការគោរពសិទ្ធិមនុស្ស និងមានប្រជាធិបតេយ្យពហុបក្ស»៕