នៅក្នុងសវនាការបណ្តឹងសុំរំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់ក្រសួងមហាផ្ទៃទាំង៤រូបបានលើកឡើងថា សហរដ្ឋអាមេរិកបានជួយជ្រោមជ្រែងគណបក្សសង្រ្គោះជាតិជាសម្ងាត់ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
សវនាការលើបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិនេះមានការរឹតបន្តឹងសន្តិសុខ និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ តុលាការកំពូលមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានយកឧបករណ៍ថតសំឡេងចូលនោះទេ។
មេធាវីទាំង ៤បានចំណាយពេលជាង៤ម៉ោង ដើម្បីបង្ហាញភស្តុតាងជាវីដេអូ ជាសំឡេង និងជារូបភាព ទៅក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល។ ដោយយោងតាមសម្តីរបស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ មេធាវីបានប្រាប់តុលាការកំពូលនូវភស្តុតាងមួយក្នុងចំណោមភស្តុតាងច្រើនទៀតដែលថា អាមេរិកពិតជាមាននយោបាយគាំទ្រប្រទេសផ្សេងដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់គេ។
លោក ដូណាល់ ត្រាំ បានថ្លែងកាលពីឆ្នាំ២០១៦ថា៖
«យើងនឹងបញ្ឈប់ការប្រជែងដើម្បីផ្តួលរំលំរបបបរទេសដែលយើងមិនដឹងទាល់តែសោះ ដែលនេះយើងមិនគួរពាក់ព័ន្ធ»។
តាមសម្តីនេះមេធាវីបានបញ្ជាក់ថា៖
«នេះបង្ហាញឲ្យឃើញច្បាស់ថា សហរដ្ឋអាមេរិកពិតជាមាននយោបាយគាំទ្រចារកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាល»។
ក្រៅពីបញ្ជាក់សម្តីរបស់លោក ដូណាល់ ត្រាំលើគោលនយោបាយផ្តួលរំលំរដ្ឋាភិបាល មេធាវីក៏បានបង្ហាញភស្តុតាងជាវីដេអូនៃសម្តីរបស់មេដឹកនាំ និងមន្រ្តីគណបក្សប្រឆាំង ដែលក្នុងនោះមានលោក កឹម សុខា និងលោក សម រង្ស៊ី។
នៅក្នុងសវនាការដែលមិនមានវត្តមានមេធាវី ឬតំណាងគណបក្សសង្រ្គោះជាតិ និងមិនមានអ្នកសង្កេតការណ៍អាមេរិកនោះទេ មេធាវីបានបង្ហាញវីដេអូដំបូងបង្អស់ ដែលលោក កឹម សុខា បានថ្លែងកាលពីឆ្នាំ២០១៣ថា អាមេរិកបានគាំទ្ររូបលោក និងបានផ្តល់គំនិតដល់រូបលោកសម្រាប់ការបង្កើតអង្គការសង្គមស៊ីវិល និងការងារនយោបាយ។ វីដេអូនេះត្រូវបានរដ្ឋាភិបាលប្រើប្រាស់ជាភស្តុតាងក្នុងការចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី៣ ខែកញ្ញា ដោយចោទថា ប្រព្រឹត្តអំពើក្បត់ជាតិ ប៉ុនប៉ុងផ្តួលរំលំរដ្ឋាភិបាល។
មេធាវីបានបញ្ជាក់ថា ការថ្លែងរបស់លោក កឹម សុខា មានភាពស៊ីសង្វាក់នឹងសកម្មភាពរបស់គាត់។ ពួកគេបានលើកឡើងថា តាមការបង្គាប់បញ្ជារបស់អាមេរិក លោក កឹម សុខា បានបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីឆ្នាំ២០០២ ដោយមានការជួយថវិកាដោយអាមេរិក។ បន្ទាប់មក លោកកឹម សុខា បានបង្កើតគណបក្សសិទ្ធិមនុស្ស ក្នុងឆ្នាំ២០០៧ ដែលមេធាវីថា នេះជាបង្គាប់បញ្ជារបស់អាមេរិកដែរ។
មេធាវីបានបញ្ជាក់ថា៖
«ការបង្កើត CCHR ក្រោមការបង្គាប់បញ្ជារបស់អាមេរិក ដូចសម្តីរបស់លោក កឹម សុខា លើកឡើង។ ការបង្កើត CCHR ដើម្បីអី? គឺដើម្បីប្រមូល កៀងគរកម្លាំងប្រជាជននៅតាមមូលដ្ឋាន ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ គោលដៅគឺ ប្រមូលកម្លាំងប្រជាជននៅមូលដ្ឋាន ដើម្បីយុទ្ធសាស្រ្តធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា»។
មេធាវីក៏បានលើកឡើងដែរថា សូម្បីតែការបង្កើតគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១២ ដែលជាការបញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ីគឺអាមេរិកបានជួយផ្តល់គំនិត និងផ្តល់ថវិកាជួយផងដែរ។
មេធាវីបានលើកឡើងថា៖
«ការចូលរួមរវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រៀបចំបញ្ចូលជាគណបក្សសង្រ្គោះជាតិ គឺមិនមែនតែលោក កឹម សុខា និងលោកសម រង្ស៊ីទេគឺ មានការសម្របសម្រួលពីបរទេស(អាមេរិក)»។ មេធាវីបញ្ជាក់បន្ថែមថា៖
«ទាំងការបង្កើត CCHR គណបក្សសិទ្ធិមនុស្ស និងការចូលគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី គឺ កើតឡើងដោយមានការទំនុកបម្រុង គាំពារ ជ្រោមជ្រែងពីសហរដ្ឋអាមេរិក តាមរយៈ NGOs ក្រោមលេសលើកស្ទួយប្រជាធិបតេយ្យ»។
មេធាវីបានបញ្ជាក់ប្រាប់តុលាការថា អាមេរិកបានជួយរៀបចំគោលនយោបាយ និងកម្មវិធីនយោបាយសម្រាប់គណបក្សសង្រ្គោះជាតិ តាំងពីដើមមករហូតមកដល់ពេលនេះ។ ក្រុមមេធាវីក៏បានបង្ហាញរូបភាព និងវីដេអូ ដែលលោកកឹម សុខា និងថ្នាក់ដឹកនាំបានជួបជាមួយមន្រ្តីការបរទេសអាមេរិកជាបន្តបន្ទាប់ និងសមាជិកព្រឹទ្ធសភា រួមមានលោក Ted Cruz និងលោក John McCain ដែលក្រុមមេធាវីរដ្ឋាភិបាលនិយាយថា វាបង្ហាញថា អាមេរិកពិតជាមានទំនាក់ទំនងជាមួយអាមេរិក។
មេធាវីក៏បានលើកឡើងថា អាមេរិកបានគាំទ្រគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ដែលពួកគេចាត់ទុកថា ស្ថិតក្នុងគម្រោងបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក្រោមរូបភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
មេធាវីបានមានប្រសាសន៍ថា៖
«នេះជាផែនការជាលក្ខណៈប្រព័ន្ធ មានសង្គមស៊ីវិលជាសេនាធិការ និងមានបរទេសផ្តល់ជំនួយ(អាមេរិក)»។
រដ្ឋាភិបាលបានបិទអង្គការ National Democractic Institute ឬវិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក កាលពីខែសីហា។ បន្ទាប់មកមានការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការចាប់ខ្លួនលោកកឹម សុខា មេដឹកនាំគណបក្សប្រឆាំង។
ចំណែកភស្តុតាងមួយទៀត មេធាវីបានអះអាងថា គណបក្សសង្រ្គោះជាតិបានបញ្ជូនមន្រ្តីរបស់ខ្លួនទៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៦ ដើម្បីចូលរួមការបណ្តុះបណ្តាលស្តីអំពីបដិវត្តន៍ពណ៌ ដែលរៀបចំដោយអង្គការ Canvas (Center for Applied Nonviolent Action and Strategies។ មេធាវីអះអាងថា អង្គការនេះត្រូវបានឧបត្ថម្ភដោយសហរដ្ឋអាមេរិក។
មេធាវីបានឲ្យដឹងទៀតថា គោលដៅនៃការផ្តួលរំលំរដ្ឋាភិបាលនេះគឺបន្តរហូតមកដល់ពេលនេះ ហើយឆ្នាំ២០១៨ជា ឆ្នាំចុងក្រោយសម្រាប់ការផ្តួលរំលំ។
មេធាវីមានប្រសាសន៍ថា៖
«ផែនការសម្ងាត់ជាមួយបរទេសបង្ហាញឲ្យឃើញច្បាស់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត២០១៨គឺ មិនមែនជាមធ្យោបាយប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែគ្រាន់តែជាលេសធ្វើបដិវត្តន៍ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។ ប្រសិនបើយើងមិនអនុវត្ត គឺ បដិវត្តន៍ពណ៌នឹងកើតឡើងនៅឆ្នាំ២០១៨»។
ជាការសន្និដ្ឋាន មេធាវីបានបញ្ជាក់ប្រាប់តុលាការថា ទាំងនេះជាភស្តុតាងសំខាន់មិនអាចប្រកែកបាន ហើយគណបក្សសង្រ្គោះជាតិចំណុះឲ្យសហរដ្ឋអាមេរិក។
ប្រធានក្រុមមេធាវីរដ្ឋាភិបាលគឺ លោក គី តិច មានប្រសាសន៍ថា៖
«អំពើ និងសកម្មភាពរបស់គណបក្សសង្រ្គោះជាតិដែលមានភស្តុតាងសន្ធឹកសន្ធាប់ជាការធ្វើបដិវត្តន៍ពណ៌ និងបង្គាប់ពីបរទេស ជាពិសេសសហរដ្ឋអាមេរិក»។
អ្នកនាំពាក្យស្ថានទូតអាមេរិកនៅកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយពីការលើកឡើងរបស់មេធាវីក្រសួងមហាផ្ទៃនៅតុលាការកំពូលកាលពីថ្ងៃព្រហស្បតិ៍នោះទេ។
កាលពីខែកញ្ញា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា គឺ លោក William Heidt បានឆ្លើយតបខ្លាំងៗទៅនឹងការចោទប្រកាន់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថា សហរដ្ឋអាមេរិកកំពុងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ លោកលើកឡើងថា ការចោទប្រកាន់នេះមិនមែនជា ការណ៍ពិត ភូតកុហក និងគ្មានហេតុផល។
ទោះជាយ៉ាងណា បន្ទាប់ពីការរំលាយគណបក្សសង្រ្គោះជាតិ សេតវិមានគឺ វិមានប្រធានាធិបតីអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះការចោទប្រកាន់ប្រឆាំងគណបក្សប្រឆាំងដ៏ធំនៃប្រទេសកម្ពុជា ដោយសំអាងទៅលើការចោទប្រកាន់ ដែលពុំសមហេតុសមផល និងដែលពាក់ព័ន្ធនឹងនយោបាយ ដែលថា គណបក្សប្រឆាំងនេះបានចូលរួមក្នុងការឃុបឃិតមួយដើម្បីប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖
«ពិភពលោកកាន់តែឃើញច្បាស់ឡើងថា ការដាក់ការរឹតបន្តឹងរបស់រដ្ឋាភិបាលទៅលើសង្គមស៊ីវិល ការគាបសង្កត់ទៅលើសារព័ត៌មាន និងការហាមឃាត់មិនឲ្យមេដឹកនាំគណបក្សប្រឆាំងជាង ១០០នាក់ធ្វើសកម្មភាពនយោបាយនោះ បានធ្វើឲ្យការអភិវឌ្ឍឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា ដើរថយក្រោយយ៉ាងលឿន ហើយបានដាក់ការលូតលាស់ផ្នែកសេដ្ឋកិច្ច និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិប្រឈមហានិភ័យ»។
សហរដ្ឋអាមេរិកក៏បានព្រមានថា នឹងចាត់វិធានការជាក់លាក់មួយចំនួន ដើម្បីឆ្លើយតបចំពោះសកម្មភាពដ៏គួរឲ្យសោកស្តាយយ៉ាងខ្លាំងរបស់រដ្ឋាភិបាលកម្ពុជា។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖
«ជាជំហានទីមួយ យើងនឹងបញ្ឈប់ការគាំទ្រចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប.) និងកិច្ចការរដ្ឋបាលរបស់គណៈកម្មាធិការនេះ សម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ខាងមុខ។ យោងតាមដំណើរការបច្ចុប្បន្ននេះ ការបោះឆ្នោតនៅឆ្នាំក្រោយនឹងមិនមានភាពស្របច្បាប់ និងមិនសេរី និងយុត្តិធម៌ឡើយ»។
ទំនាក់ទំនងអាមេរិកមានភាពមិនល្អនៅក្នុងរយៈពេលចុងក្រោយនេះ ស្របពេលនយោបាយនៅកម្ពុជាឡើងកំដៅ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែវាយប្រហារអាមេរិក ជាពិសេសការទម្លាក់គ្រាប់បែកនៅកម្ពុជា ក្នុងសម័យសង្រ្គាម ហើយលោកក៏ព្រមានកុំឲ្យប្រទេសមហាអំណាចមួយនេះលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។
លោក Phil Robertson អនុប្រធានទទួលបន្ទុកតំបន់អាស៊ីរបស់អង្គការសិទ្ធិមនុស្ស Human Rights Watch មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ការរំលាយគណបក្សសង្រ្គោះជាតិ គឺជា គម្រោងសម្ងាត់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីធានាជោគជ័យរបស់លោកសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយនេះ។ លោកបញ្ជាក់ថា ការលើកឡើងអំពីបដិវត្តន៍ពណ៌គឺជារឿងនិទាន ដែលសរសេរដោយគណបក្សប្រជាជនកម្ពុជា ហើយមានលក្ខណៈនយោបាយ។
លោកមានប្រសាសន៍ថា៖
«នេះជាការស្លាប់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយវាជានយោបាយសម្លាប់គោលការណ៍កិច្ចព្រមព្រៀងទីក្រុងប៉ារីសដែល ថា កម្ពុជាគួរតែមានការគោរពសិទ្ធិ និងមានប្រជាធិបតេយ្យពហុបក្ស»។
គណបក្សសង្រ្គោះជាតិបានលើកឡើងថា ពួកគេមានទំនាក់ទំនងធម្មតាជាមួយអាមេរិក ហើយគណបក្សមិនមានគម្រោងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលនោះទេ គឺផ្លាស់ប្តូរតាមរយៈការបោះឆ្នោតតែប៉ុណ្ណោះ៕