ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​​​សហភាព​​អឺរ៉ុប​​​នៅ​​តែ​​​ប្រយ័ត្ន​​​អំពី​​​យុទ្ធនាការ​​​ការទូត​​​របស់​លោក Erdogan


លោក Recep Tayyip Erdogan ប្រធានាធិបតី​ប្រទេស​​តួកគី​ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Ankara ប្រទេសតួកគី កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។
លោក Recep Tayyip Erdogan ប្រធានាធិបតី​ប្រទេស​​តួកគី​ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Ankara ប្រទេសតួកគី កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

ចាប់​តាំងពីលោក​ប្រធានាធិបតី Joe Biden បាន​ជាប់ឆ្នោត​ម​ក ប្រធានាធិបតី Recep Tayyip Erdogan នៃ​ប្រទេសតួកគី​បាន​ចាប់​ផ្តើម​ធ្វើកិច្ចការ​ទូត​ទៅកាន់បណ្តា​បស្ចិម​ប្រទេស​ ដោយលោក​បានសន្យា​ថា ​នឹងធ្វើ​កំណែ​ទម្រង់ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេសនេះ និង​ខិតខំ​ប្រឹង​ប្រែង​ខ្លាំង​ ដើម្បី​កែលម្អ​ចំណង​ទាក់ទង​ជា​មួយ​ប្រទេសដៃគូ​របស់តួកគីប្រចាំ​អង្គការ​អូតង់​ផង​ដែរ។

លោក Recep Tayyip Erdogan មេដឹកនាំ​នៃ​ប្រទេសតួកគី​ បាន​និយាយប្រាប់លោក​ប្រធានាធិបតីបារាំង Emmanuel Macron នៅ​ក្នុង​ការសន្ទនា​គ្នាតាម​វីដេអូ កាល​ពីថ្ងៃ​អង្គារ​ ទី២ ​ខែ​មីនា​ថា កិច្ច​សហប្រត្តិការ​មាន «សក្តានុពលខ្លាំង​ណាស់» ​ហើយលោក​បាន​និយាយ​បន្ថែម​ថា ការសន្ទនា​គ្នា​ មានមុខនាទីសំខាន់ត្រូវ​បំពេញ។

លោក​ Erdogan បាននិយាយនៅ​ក្នុងសេចក្តីថ្លែងការណ៍មួយ​ នៅ​ក្រោយ​ការសន្ទនា​គ្នា​នេះ​ថា៖ «ក្នុង​ឋានៈជា​សម្ព័ន្ធមិត្តដ៏​ខ្លាំង​ពីរ​នៃ​អង្គការ​អូតង់​ យើង​អាច​ធ្វើ​វិភាគទាន​ច្រើន​ក្រាស់​ក្រែលដល់​សន្តិភាព ស្ថិរភាព និង​កិច្ច​ខិតខំប្រឹងប្រែង​ធ្វើឱ្យ​មានសន្តិភាព​ នៅ​ក្នុង​ភូមិសាស្ត្រទូលំទូលាយ​មួយ ពី​ទ្វីបអឺរ៉ុបទៅដល់​តំបន់​កូកាស មជ្ឈិមបូព៌ា​ និង​ទ្វី​ប​អាហ្វ្រិក»។

កាល​ពី​ថ្ងៃ​អង្គារ​នោះ​ដែរ លោក​ Erdogan ក៏​បានលាតត្រដាង​អំពីផែនការសកម្មភាព​មួយ ​ដែល​លោក​បានស្វះស្វែងរក​យូរយា​មក​ហើយ ​ចាប់​តាំងពីលោក​ប្រធានាធិបតី Joe Biden បាន​ជាប់ឆ្នោត​កាលពី​ខែ​វិច្ឆិកា​មក។ លោកនិ​យាយថា ​ផែនការនេះមាន​គោលដៅកែលម្អ​សិទ្ធិ​មនុស្ស​ និងសិទ្ធិ​ពលរដ្ឋក្នុងប្រទេសតួកគី។

លោក​ប្រធានាធិបតី​តួកគី​រូប​នេះបាន​គូសបញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​របស់លោក​ថា៖ «គោលដៅសំខាន់​បំផុតនៃ​ផែនការសកម្មភាពនេះ​របស់​ប្រទេស​តួកគី ​គឺរដ្ឋធម្មនុញ្ញស៊ីវិល​ថ្មីមួយ​»។

លោក​បានប្រកាស​ថា ផែនការ​នេះមាន​មក​ពី «កាតព្វកិច្ច​របស់​រដ្ឋ​ក្នុង​ការការពារកិច្ចការ​ និងសកម្មភាពទាំងអស់​របស់​ខ្លួន ហើយ​ជា​មួយស្ថាប័ននិង​អង្គការ​ទាំង​អស់របស់រដ្ឋ​ ត្រូវធ្វើឱ្យ​មាន​ភាព​សុចរិត​ខាង​រាងកាយ​ និង​ខាងសីលធ៌ម​ព្រមទាំង​កិត្តិយស ​និង​សេចក្តី​ថ្លៃថ្នូររបស់​បុគ្គល​ផង​ដែរ»។

ក៏ប៉ុន្តែ​ ក្រុម​អ្នក​រិះគន់​លោក ​Erdogan បាន​និយាយថា ផែនការសកម្មភាព​នេះ​មិន​ត្រូវ​បាន​អនុវត្ត​ទេ ដោយសារ​រដ្ឋាភិបាល​របស់​លោក​បាន​បង្ក្រាប​ក្រុម​អ្នក​ប្រឆាំង។

រូបឯកសារ៖ មន្ត្រីប៉ូលិសតួកគីបាញ់គ្រាំជ័រលើក្រុមនិស្សិតនៃសាកលវិទ្យាល័យ Bogazici ប្រឆាំងរដ្ឋាភិបាលនៅទីក្រុង Istanbul កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ មន្ត្រីប៉ូលិសតួកគីបាញ់គ្រាំជ័រលើក្រុមនិស្សិតនៃសាកលវិទ្យាល័យ Bogazici ប្រឆាំងរដ្ឋាភិបាលនៅទីក្រុង Istanbul កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។

អាជ្ញាធរ​បាន​ចាប់អ្នក​កាសែត​ដាក់ពន្ធនាគារ​ច្រើនជាង នៅ​ក្នុង​ប្រទេស​ឯ​ទៀតៗ​ នៅ​ក្នុង​ពិភពលោក ហើយ​ក៏​មាន​ការចាប់​ពួក​មេដឹកនាំ​ក្រុម​ប្រឆាំង​ខាង​នយោបាយដាក់​ក្នុងពន្ធនាគារ ​ព្រមទាំងមានការ​បង្ក្រាប​លើក្រុម​ប្រឆាំង ដែល​បាន​រីកដាល​ខ្លាំង នៅក្រោយ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​គ្មាន​ជោគជ័យមួយ​ កាលពី​ឆ្នាំ ២០១៦ ​ដើម្បី​ទម្លាក់មេដឹកនាំ​ឥស្លាម​និយម​បែប​ប្រជានិយមរូប​នេះ។

ទោះ​ណា​ជា​មានការផ្តើម​ធ្វើ​កិច្ចការ​ទូតទៅ​កាន់លោក Biden និង​សហភាព​អឺរ៉ុប​ ដោយ​មាន​រួមបញ្ចូលទាំង​ការ​តែងតាំងឯកអគ្គរដ្ឋទូតតួកគី​ថ្មី​ប្រចាំនៅ​សហរដ្ឋ​អាមេរិកក៏​ដោយ ​ក៏សេចក្តី​សង្ឃឹម​របស់លោក Erdogan ក្នុង​ការ​បើក​ទំព័រ​ថ្មី​មួយ​ ក្នុង​ទំនាក់​ទំនង​បណ្តា​បស្ចិម​ប្រទេស នៅក្រោយរយៈពេល​ច្រើន​ឆ្នាំនៃ​ការមានការទាក់ទង​គ្នា​រអាក់រអួល​ ក៏​រហូត​មក​ដល់​ពេល​នេះការ​ចាប់ផ្តើម​ខាង​ការទូត​នេះ​ត្រូវ​បានទទួល ដោយ​មានការ​ប្រុងប្រយ័ត្ននិង​ការ​សង្ស័យ។

ក្រុមមន្ត្រី​សហរដ្ឋអាមេរិកបាននិយាយ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ថា លោក Erdogan បានធ្វើ​ឱ្យ​មានភាព មិន​ចាញ់​មិន​ឈ្នះ​ប្រកប​ដោយគ្រោះថ្នាក់ ​ក្នុង​ប៉ែក​ខាងកើត​នៃ​សមុទ្រ​មេឌីទែរ៉ាណេ​ ជា​មួយ​ប្រទេសក្រិក ​និង​ប្រទេសស៊ីប ​អំពី​សិទ្ធិខួង​រក​ឧស្ម័ន​និង​ប្រេង។

ប្រទេសនៅទ្វីបអឺរ៉ុប​ខាង​លិចនិង​ប្រទេសជិត​ខាងតួកគី​បានចោទ​ប្រកាន់រដ្ឋាភិបាលក្រុង​អង់ការ៉ា​ថា​ធ្វើឱ្យ​មានភាព​ទាល់ច្រក ដែល​បណ្តាល​ឱ្យ​កង​នាវា​ចម្បាំងនៃ​ប្រទេសជាគូ​បដិបក្ខ ហៀបប៉ះទង្គិច​គ្នា។ ហើយ​កាល​ពី​ខែ​ធ្នូ ប្រធានាធិបតី​តួក​គី​រូប​នេះនៅ​តែ​ត្អូញ​ត្អែរ​ថា​ មានការរួម​គំនិតប្រព្រឹត្តអំពើ​ទុច្ចរិត​មួយប្រឆាំង​នឹងប្រទេសតួកគី ដោយ​មាន​គោល​ដៅរារាំងអំណាច​និង​ឥទ្ធិពល​តួកគី​នៅក្រៅប្រទេស។

មន្ត្រី​អាមេរិកាំងម្នាក់​បាននិយាយ​ប្រាប់​វីអូអេ កាលពី​ថ្ងៃ​ពុធ​ ទី​៣ ខែមីនា​ថា៖ ​«មាន​សញ្ញាតិចតួច​ថា​ មេដឹកនាំតួក​គី​រូប​នេះ​ចង់កែប្រែរបៀប​ ទាក់ទង​ជា​មួយ​ពួក​បស្ចិម​ប្រទេស»។

មន្ត្រី​រូប​នេះបានថ្លែង​ដូច្នេះ​តែ​ប៉ុន្មានម៉ោង ក្រោយប្រទេសតួកគី​បាននិយាយ​ថា ​ខ្លួនកំពុង​ពិចារណាអំពីការទិញប្រ​ព័ន្ធ​មីស៊ីលប្រឆាំងយន្តហោះធុន S-400 ទី​ពីរ​ ពី​ប្រទេស​រុស្សី​ ទោះ​ជា​មានការ​ជំទាស់​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក​ និងអង្គការ​អូតង់​ក៏​ដោយ៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG