មេដឹកនាំសហភាពអឺរ៉ុប បានជម្នះការជាប់គាំងខាងការទូតនៅថ្ងៃសុក្រនេះ ដោយបានព្រមព្រៀងគ្នាធ្វើការដាក់ទណ្ឌកម្មលើប្រទេសបេឡារុស បន្ទាប់ពីការចរចាយ៉ាងយូរនៅក្នុងជំនួបកំពូលកាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីធ្វើការបញ្ជាក់ប្រាប់កោះស៊ីបថា សហភាពអឺរ៉ុប មិនបានផ្លាស់ប្តូរជំហរប្រឆាំងតួកគីចំពោះការខួងយកប្រេងនិងឧស្ម័នរបស់ខ្លួននៅក្នុងសមុទ្រមេឌីទែរ៉ាណេទេ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
កិច្ចព្រមព្រៀងដាក់ទណ្ឌកម្មមន្ត្រីបេឡារុស៤០នាក់ ដែលរងការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៩ ខែសីហា អនុញ្ញាតឲ្យសហភាពអឺរ៉ុប ធ្វើទៅតាមការសន្យារបស់ខ្លួនដើម្បីគាំទ្របាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងរដ្ឋធានី Minsk របស់បេឡារុស និងទទួលបានការជឿទុកចិត្តខ្លះមកវិញ ក្រោយការពន្យារពេល(សេចក្តីសម្រេច)អស់ច្រើនសប្តាហ៍មក ។
ក្រុមអ្នកការទូតនិយាយថា ខណៈដែលចក្រភពអង់គ្លេសនិងប្រទេសកាណាដា បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរដ្ឋាភិបាលក្រុង Minsk ដើម្បីបង្ហាញការគាំទ្រដល់បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនោះ ស្ថានភាពរកផ្លូវចេញគ្មាននៅក្នុងសហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេសហើយដែលការសម្រេចត្រូវតែមានការមូលមតិគ្នានោះ បានធ្វើឲ្យបាត់បង់ភាពគួរទុកចិត្តបានរបស់ប្លុកនោះ ។
ប្រធានាធិបតីកោះស៊ីបលោក Nicos Anastasiades នៅថ្ងៃបុណ្យខួបឯករាជ្យលើកទី៦០របស់ប្រទេសលោកពីចក្រភពអង់គ្លេស បានធ្វើការទាមទារឲ្យចាត់វិធានការកាន់តែខ្លាំងឡើងលើតួកគី ដែលជាថ្នូរនឹងការគាំទ្ររបស់ស៊ីបចំពោះការដាក់ទណ្ឌកម្មប្រទេសបេឡារុស។
លោកបាននិយាយថា សហភាពអឺរ៉ុបត្រូវតែបញ្ជូនសារថា ការរុករកប្រេងនិងឧស្ម័នរបស់រដ្ឋាភិបាលក្រុងអង់ការ៉ានៅតាមបណ្តោយឆ្នេរកោះក្នុងសមុទ្រមេឌីទែរ៉ាណេជាការមិនអាចទទួលយកបាន ។
ប្រទេសអាល្លឺម៉ង់ បានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើតួកគី ដោយភ័យខ្លាចថា ការដាក់ទណ្ឌកម្មនេះ នឹងបង្អាក់ការខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយប្រទេសក្រិក ។
តួកគីដែលជាបេក្ខជនដើម្បីចូលរួមក្នុងសហភាពអឺរ៉ុបនិងជាសមាជិកអង្គការអូតង់ បានធ្លាក់ ចូលក្នុងលទ្ធិផ្តាច់ការនិយមនៅក្រោមប្រធានាធិបតី Recep Tayyip Erdogan ក៏ប៉ុន្តែនៅតែជាដៃគូយុទ្ធសាស្ត្រដែលសហភាពអឺរ៉ុប មិនអាចធ្វើមើលរំលងបាន៕