ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានចោទសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទថាបានគាំទ្រក្រុមភេរវជន។
ការលើកឡើងរបស់លោក Erdogan នេះបានធ្វើឡើងមួយថ្ងៃក្រោយមក បន្ទាប់ពីរដ្ឋាភិបាលតួកគីបានចោទក្រុមឧទ្ទាមនៃគណបក្សពលករឃឺដ (PKK) ថាបានសម្លាប់ជនជាតិតួកគី ១៣ នាក់ នៅ ភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ជនជាតិតួកគីដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងទាំងនោះ ភាគច្រើនគឺជាមន្ត្រីយោធានិងប៉ូលិស។ ពួកគេត្រូវបានចាប់ខ្លួននៅភាគអាគ្នេយ៍ប្រទេសតួកគី ហើយត្រូវបានឃុំខ្លួនក្នុងរូងក្រោមដីមួយកន្លែងក្នុងប្រទេសអ៊ីរ៉ាក់។
គណបក្ស PKK បានធ្វើការបះបោរប្រឆាំងរដ្ឋាភិបាលតួកគីតាំងពីឆ្នាំ ១៩៨៤ មក។ ការបះបោរនេះកន្លងមកត្រូវបានគេជឿថាបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់បាត់បង់ជីវិត។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបស្ចិមប្រទេសនានារបស់ប្រទេសតួកគី បានទទួលស្គាល់ថា គណបក្ស PKK គឺជាក្រុមភេរវកម្ម។
ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានគាំទ្រក្រុមសកម្មប្រយុទ្ធឃឺដមួយផ្សេងទៀតនៅក្នុងប្រទេសស៊ីរី ដែលត្រូវបានតួកគីមើលឃើញថាជាសាខានៃគណបក្ស PKK។
លោក Erdogan បានបញ្ជាក់អំពីហេតុការណ៍នៃការសម្លាប់ជនជាតិតួកគីទាំង ១៣ នាក់នោះថា៖ «ការលើកឡើងរបស់សហរដ្ឋអាមេរិកគឺជារឿងកំប្លែងលេងសើច»។
លោក Erdogan បានបន្ថែមថា៖ «អ្នកបាននិយាយថា អ្នកមិនបានគាំទ្រពួកភេរវជន ប៉ុន្តែតាមការពិត អ្នកគាំទ្រពួកគេពីក្រោយ»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួន «សោកស្តាយចំពោះការស្លាប់របស់ជនជាតិតួកគី [ទាំង ១៣ នាក់]»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបន្ថែមថា៖ «ប្រសិនបើសេចក្ដីរាយការណ៍ដែលថា ការស្លាប់របស់ជនជាតិតួកគីទាំងនេះនៅក្រោមដៃរបស់គណបក្ស PKK ដែលជាក្រុមភេរវកម្មនោះ ជាការពិត សហរដ្ឋអាមេរិកនឹងថ្កោលទោសខ្លាំងក្លាលើទង្វើនេះ»។
គណបក្ស PKK ថា ជនជាតិតួកគីទាំង ១៣ នាក់នោះបានស្លាប់ នៅពេលដែលកងកម្លាំងតួកគីបានផ្លោងគ្រាប់បែកដាក់រូងក្រោមដីដែលជាកន្លែងឃុំឃាំងជនជាតិតួកគីទាំងនោះ៕