ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​សុំ​ឱ្យ​កម្ពុជា​ធ្វើការ​ជាមួយ​សង្គម​ស៊ីវិល​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​មនុស្ស


សកម្មជន​សិទ្ធិ​មនុស្ស​ធ្វើ​ការ​តវ៉ា​នៅ​មុខ​រដ្ឋសភា​ជាតិ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​​កាល​ពី​ថ្ងៃ​អង្គារ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៣។ (ម៉ៅ ច័ន្ទដាលី/វីអូអេ)
សកម្មជន​សិទ្ធិ​មនុស្ស​ធ្វើ​ការ​តវ៉ា​នៅ​មុខ​រដ្ឋសភា​ជាតិ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​​កាល​ពី​ថ្ងៃ​អង្គារ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៣។ (ម៉ៅ ច័ន្ទដាលី/វីអូអេ)
ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុងក្រុង​ភ្នំពេញបាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយបញ្ហារំលោភ​សិទ្ធិ​មនុស្ស​នានា​ដែល​កំពុង​តែ​មាន​យ៉ាង​ក្តៅ​គគុក​និង​ស្នើ​សុំ​ឱ្យ​ពួកគេ​ធ្វើការ​សហការ​គ្នា​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។​

នៅ​ក្នុង​សារ​ចូលរួមអបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិកាលពីថ្ងៃ​អង្គា​ទី​១០​ខែ​ធ្នូ លោក​វីលៀម ថុត (William Todd) ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​បាន​សរសើររដ្ឋាភិបាល​កម្ពុជាដែលបាន​ធ្វើ​ការងារ​ជាច្រើន​ក្នុង​ការ​ការពារ​សិទ្ធិ​ពលរដ្ឋ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ ​

«ទោះជា​យ៉ាងនេះ​ក្តី​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ការ​ប្រឈម​នៅក្នុង​បញ្ហា​ជម្លោះ​ដីធ្លី​និង​ការ​បណ្តេញ​ប្រជាជន​ចេញ​ពី​ផ្ទះ​សម្បែង​ អំពើ​ពុករលួយ​និង​ការ​រត់​ពន្ធ​មនុស្ស»។



លោក វីលៀម ថុត ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​មាន​ជំនឿ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អាច​ធ្វើ​ឱ្យ​មាន​ការ​រីកចម្រើន​ជា​សំខាន់​ចំពោះ​បញ្ហា​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ពិបាក​ដោះស្រាយ​របស់​ខ្លួន​ដោយ​ធ្វើ​ដៃ​គូ​ជាមួយ​សង្គម​ស៊ីវិល​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​បម្រើផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ»។​

លោក​ឯកអគ្គរដ្ឋ​ទូត​ក៏​បាន​សរសើរ​ដល់​ភាព​ក្លាហាន​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ធ្វើការ​ដើម្បី​ឱ្យ​ប្រសើរ​ឡើង​នូវ​សេចក្តី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​កម្ពុជា ​ហើយ​លោក​បាន​បញ្ជាក់​ថា​ការលើក​កម្ពស់​ការគោរព​សិទ្ធិ​មនុស្ស​និង​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​ជា​អាទិភាព​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក។​

ប្រទេស​កម្ពុជា​បាន​ចូលរួម​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​នានា​នៅ​លើ​ពិភព​លោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ខួប​លើក​ទី ​៦៥​ ដោយ​មាន​ការរៀបចំរបស់​រដ្ឋាភិបាល ​អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង​នៅ​ទីតាំង​ផ្សេងៗ​ពីគ្នា​ក្នុ​ងទីក្រុង​ភ្នំពេញ។

សមាគម​ខ្មែរ ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​បាន​ចេញ​នូវ​សារ​មួយទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​សេចក្តី​ប្រកាស​សាកល​ស្តី​ពី​សិទ្ធិ​មនុស្ស​និង​អនុវត្ត​តាម​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ផងដែរ​ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​ពិតប្រាកដ​ លទ្ធិ​ប្រជាធិបតេយ្យ​និង​ឯករាជ្យភាព​ក្នុង​ប្រទេស​កម្ពុជា។​

លោក​យ័ប គឹមទុង​ប្រធាន​សមាគម​បាន​បញ្ជាក់​ថា៖ «ប្រទេស​យើង​មាន​បញ្ហា​ច្រើន​ប្រទេស​យើង​ជឿនលឿន​មែន​ប៉ុន្តែ​ធ្វើ​ឱ្យ​តែ​ពួករដ្ឋ​មន្ត្រី​ក្រុម​គ្រួសារ​រដ្ឋមន្ត្រី​ភាគតូច​ដែល​បាន​ចំណេញ​ពីការ​ជឿនលឿន​ហ្នឹង​ប៉ុន្តែ​ប្រជាជន​ជាច្រើន​មិន​សូវ​បាន​ចំណេញ។ ដល់​ពេល​អញ្ចឹង​ទៅ​ធ្វើ​ឱ្យ​ប្រទេស​យើង​ដើរ​ឃ្លីងឃ្លោង។ ប្រទេស​នេះ​អាច​មាន​បញ្ហា​ទៅ​អនាគត»។ ​

គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្តី​ពី​របាយការណ៍​វាយ​តម្លៃ​មួយ​ដែល​បញ្ជាក់​ថា​ ក្នុង​តំបន់​អាស៊ី​នៅ​តែ​មាន​រដ្ឋ​ប្រកាន់​អំណាច​ផ្តាច់ការ​ជ្រក​ក្រោម​ផ្លាក​ប្រជាធិបតេយ្យ ​ហើយ​នៅ​មាន​អ្នក​ធ្វើ​ខុស​មិន​ទាន់​ចាប់​យក​មក​ដាក់​ទោស​និង​តែង​តាំង​ឱ្យ​កាន់​អំណាច​និង​ជំនួញ​ផ្អែកលើបក្ស​ពួក​គ្រួសារ​និយម។

គណៈកម្មការ​នេះ​ក៏​បាន​ស្នើ​សុំ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ប្រឈម​នឹង​រដ្ឋាភិបាល​ក្នុង​តំបន់​នេះ​និង​ទាមទារ​កុំ​ឱ្យ​គិត​តែ​ពី​ការអភិវឌ្ឍ​ដោយ​មិន​គិត​ពី​ពង្រឹង​ស្ថាប័ន​យុត្តិធម៌​នោះ៕
XS
SM
MD
LG