ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា នៅថ្ងៃអង្គារនេះ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាការពារជំហរនយោបាយអព្យាក្រឹតរបស់ខ្លួន ដោយសម្តែងពីកង្វល់ទាក់ទងទៅនឹងលទ្ធភាពវត្តមានរបស់កងយោធាចិននៅតំបន់សមុទ្រកម្ពុជា។
ការទទូចរបស់ស្ថានទូតសហរដ្ឋអាមេរិកធ្វើឡើង បន្ទាប់ពីលោក Joseph H. Felter ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានផ្ញើលិខិតមួយជូនលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដោយលើកពីចំណោទដែលអាចមានវត្តមាន និងទីតាំងកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹកកម្ពុជានៅឆ្នេរសមុទ្ររាម ក្នុងខេត្តព្រះសីហនុ។ ចំណោទនេះធ្វើឡើងក្រោយពីប្រទេសកម្ពុជាបដិសេធជំនួយរបស់សហរដ្ឋអាមេរិកដើម្បីជួសជុលទីតាំងមូលដ្ឋានកងទ័ពជើងទឹកនេះ។
លោកស្រី Emily Zeeberg អ្នកនំាពាក្យស្ថានបេសកកម្មការទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ថា លទ្ធភាពនៃការមានវត្តមានទីតាំងយោធាចិននៅកម្ពុជា គឺជា «កង្វល់ដ៏ពិតប្រាកដមួយ»។
លោកស្រីបានសរសេរតាមសារអេឡិចត្រូនិក ឬអ៊ីម៉ែលក្នុងន័យដើមថា៖ «បើមើលទៅលើកម្រិតខ្ពស់នៃឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចនៅប្រទេសកម្ពុជានោះ ការណ៍នេះគឺជាការព្រួយបារម្ភមួយយ៉ាងពិតប្រាកដ»។
លោកស្រីបានបន្ថែមថា៖ «ទង្វើណាមួយដែលធ្វើឲ្យឯករាជ្យភាពកម្ពុជាចុះខ្សោយ ឬក៏បើកឱកាសឲ្យមានវត្តមានកងទ័ពបរទេសនៅកម្ពុជា នឹងក្លាយជាក្តីបារម្ភធ្ងន់ធ្ងរមួយសម្រាប់សហរដ្ឋអាមេរិក ហើយអាចគំរាមកំហែងដល់ភាពដែលគួរឲ្យជឿជាក់បាន និងភាពជាអ្នកឈរនៅកណ្តាលរបស់សមាគមអាស៊ាន។ យើងទទូចសុំឲ្យថ្នាក់ដឹកនាំកម្ពុជារក្សាការតាំងចិត្តនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន ចំពោះនយោបាយការបរទេសឯករាជ្យ ហើយត្រូវការពារយ៉ាងរស់រវើកនូវឯករាជ្យភាពរបស់កម្ពុជាសម្រាប់អ្នកជំនាន់ក្រោយៗ»។
កាលពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៩កន្លងទៅនេះ លោក Joseph H. Felter ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានផ្ញើលិខិតជូនលោករដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៀ បាញ់។
ក្នុងលិខិតនោះលោក Joseph H. Felter បានដាក់ការសង្ស័យថា ការច្រានចោលជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ទីកន្លែងបណ្តុះបណ្តាល និងការថែទាំកប៉ាល់នៅមូលដ្ឋានកងទ័ពជើងទឹករាមពីសំណាក់ប្រទេសកម្ពុជាទំនងជាមានការទាក់ទងនឹងកងទ័ពចិន។
លោក Joseph H. Felter បានរំឭកឡើងវិញនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាមកាលពីខែមករា។ នៅទីនោះ លោកបានទទួលសំណើរពីមេបញ្ជាការរងមួយរូប ដែលស្នើសុំជំនួយសម្រាប់ជួសជុល និងថែទាំទីកន្លែងបណ្តុះបណ្តាលខាងលើ។
ក្រោយការច្រានចោលនេះលោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក បានស្នើដល់ភាគីកម្ពុជាផ្តល់នូវសេចក្តីពន្យល់លម្អិតនៅពីក្រោយការមិនទទួលយកជំនួយរបស់ក្រសួងការពារជាតិអាមេរិក និងការផ្លាស់ប្តូរភ្លាមមួយរំពេចនៃសេចក្តីសម្រេចចិត្តរបស់កម្ពុជានេះ។
VOA មិនទាន់អាចសុំការអធិប្បាយពីនាយឧត្តមសេនីយ៍ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានទេ ដោយទូរស័ព្ទរបស់ពួកលោករោទិ៍ តែគ្មានអ្នកទទួល។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ និងជាប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រាប់ VOA តាមសារឆ្លើយឆ្លងលើបណ្តាញទំនាក់ទំនងសង្គមមួយថា កម្ពុជាគ្មានមហិច្ឆតាទៅបង្កសង្គ្រាមជាមួយប្រទេសណានោះទេ ដូច្នេះគ្មានហេតុផលណាមកបញ្ជាក់ថា កម្ពុជាត្រូវការមូលដ្ឋានកងទ័ពចិននៅលើទឹកដីរបស់ខ្លួន។
«អត់មានចាំបាច់ទេ ឥឡូវឧទាហរណ៍ថា យើងយកទ័ព ដាក់ទ័ពចិនដើម្បីទៅវាយជាមួយពីណា ទៅវ៉ៃជាមួយវៀតណាម ឬមួយក៏ទៅវ៉ៃជាមួយថៃ? វ៉ៃអ៊ីចឹង នរណាចំណេញ នរណាខាត ហើយទៅវ៉ៃដើម្បីអី? យើងវាមិនមែនទៅ ពង្រីកទឹកដីអីណា ដើម្បីយកដូចជាអាណាចក្រខ្មែរអីទៀត»។
បញ្ហានៃវត្តមានកងទ័ពចិននៅកម្ពុជាត្រូវបានលើកឡើងជាលើកដំបូងកាលពីខែមេសា ឆ្នាំ២០១៨កន្លងទៅ ដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងសិក្សាជាន់ខ្ពស់លើកិច្ចការការពារជាតិ (C4ADS) របស់សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលនេះបានភ្ជាប់ក្រុមហ៊ុន Union Development Group ដែលជាវិនិយោគិនលើសំណង់ហេដ្ឋារចនាសម្ព័ន្ធជាប់មាត់សមុទ្រក្នុងខេត្តកោះកុងនៃប្រទេសកម្ពុជា ទៅនឹងកងទ័ពរំដោះប្រជាជនចិន។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានច្រានចោលការលើកឡើងនេះម្តងហើយម្តងទៀតដោយផ្អែកលើរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ដែលហាមមិនឲ្យមានវត្តមានកងទ័ពបរទេស៕