ការប្រកាសរបស់លោកហ៊ុន សែន កើតមានឡើង ក្រោយពីមានការចុះផ្សាយអត្ថបទដោយសារព័ត៌មានតាមបណ្តាញអ៊ីនធឺណិត Asia Times ដែលចោទថា កម្ពុជាបានបើកផ្លូវឲ្យមានការសាងសង់កំពង់ផែទឹកជ្រៅមួយ នៅក្នុងខេត្តកោះកុង ដែលទំនងជាមានគោលដៅសម្រាប់បម្រើដល់សកម្មភាពនាវាចរណ៍របស់កងទ័ពរំដោះប្រជាជនចិន។ ការសាងសង់កំពង់ផែនោះ កំពុងត្រូវបានធ្វើដោយក្រុមហ៊ុនចិនមួយឈ្មោះ Union Development Group (UDG)។
ថ្លែងនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីនាទីក្រុងភ្នំពេញនៅព្រឹកថ្ងៃច័ន្ទនេះ លោក ហ៊ុន សែន មានប្រសាសន៍ ច្រានចោលសេចក្តីរាយការណ៍នានាដែលចោទថា កម្ពុជាអាចជាទីតាំងសម្រាប់ការដាក់មូលដ្ឋានកងទ័ពបរទេស។
លោកថ្លែងថា៖
«ខ្ញុំសុំបញ្ជាក់សារជាថ្មី កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស មិនថា ជើងទឹក ជើងគោក ឬជើងអាកាសនោះទេ។ យើងទាត់ចោលនូវព័ត៌មានទាំងឡាយ ដែលបំភ្លៃនូវការណ៍ពិត។ ហើយយើងបញ្ជាក់ជាផ្លូវការនៅថ្ងៃនេះ ហើយខ្ញុំនឹងធ្វើលិខិតជូនទៅអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ដើម្បីឲ្យគាត់ច្បាស់ អំពីបញ្ហានេះ»។
សេចក្តីរាយការណ៍របស់ Asia Times ក៏បានលើកឡើងថា លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ត្រូវគេរំពឹងថា លោកនឹងលើកឡើងអំពីការលេចឡើងនូវមូលដ្ឋានកងទ័ពជើងទឹកចិននៅកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់នានានៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលការណ៍នេះ អាចនឹងដាក់ទីក្រុងភ្នំពេញឲ្យស្ថិតនៅចំកណ្ដាលនៃភាពតានតឹងនៃការប្រជែងអំណាចដែលកំពុងកើនឡើងខ្លាំងរវាងប្រទេសមហាអំណាច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាងបីទសវត្សរ៍មកហើយនោះ បានបញ្ជាក់ថា កម្ពុជាមានកងទ័ពដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការពារអធិបតេយ្យភាពជាតិខ្លួន ហើយកម្ពុជា ក៏មិនអនុញ្ញាតឲ្យកងទ័ពបរទេសយកកម្ពុជាជាទីតាំងវាយប្រយុទ្ធគ្នាផងដែរ។
«ខ្ញុំអត់ត្រូវការឲ្យបរទេស មកវាយគ្នានៅលើទឹកដីកម្ពុជាទេ សុំកុំយកកម្ពុជាធ្វើជាទីលានសាកល្បង មនោគមន៍វិជ្ជាក្តី ឬអាវុធក្តីឲ្យសោះ»។
VOA ព្យាយាមសុំការអធិប្បាយពីមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ទាក់ទិនខ្លឹមសារលិខិតរបស់លោកអនុប្រធានាធិបតី Mike Pence ដែលបានផ្ញើជូននាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន តែមិនមានការឆ្លើយតបនៅឡើយទេនៅថ្ងៃច័ន្ទនេះ។
យ៉ាងណាក៏ដោយ សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាមួយដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានបញ្ជាក់ឲ្យដឹងថា លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រីមួយរូបផងនោះ បានប្រាប់លោក John Sullivan អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកថា កម្ពុជាមិនបានបើកផ្លូវឲ្យប្រទេសចិនសាងសង់មូលដ្ឋានទ័ពជើងទឹករបស់ខ្លួនក្នុងទឹកដីកម្ពុជានោះទេ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសបានបញ្ជាក់ថា៖
«ចំពោះបញ្ហាទាក់ទងនឹងព័ត៌មានស្តីពីការរៀបចំមូលដ្ឋានកងទ័ពជើងទឹកនៅតំបន់សមុទ្រកម្ពុជានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា នេះគឺជាពាក្យចចាមអារាមដែលកើតចេញពីការកើនឡើងនៃទំហំវិនិយោគរបស់ចិននៅតំបន់នោះ»។
សេចក្តីប្រកាសដដែលបានបន្ថែមថា៖
«រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសឡើយ លើកលែងតែក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដូចជា ការបញ្ជូនកងទ័ពយើងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាលកម្ពុជា នឹងមិនរំលោភរដ្ឋធម្មនុញ្ញឡើយ»។
ការថែ្លងបញ្ជាក់របស់លោកប្រាក់ សុខុន បានធ្វើឡើង ក្រោយលោក John Sullivan បានលើកឡើងថា បញ្ហាជាក្តីកង្វល់ធំបំផុតនៅពេលនេះ គឺពាក់ព័ន្ធនឹងព័ត៌មានដែលបានលើកឡើងថា នឹងមានមូលដ្ឋានយោធាបរទេសនៅកម្ពុជា។ លោកអនុរដ្ឋមន្ត្រីការបរទេសអាមេរិក John Sullivan បានបញ្ជាក់ថា «បើមានរឿងបែបនេះកើតឡើងមែននោះ វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទេ្វភាគី»។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃច័ន្ទដដែលនេះ លោកហ៊ុន សែន បានបញ្ជាក់ឲ្យដឹងទៀតថា លោកនឹងជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក William Heidt ដែលជិតបញ្ចប់បេសកកម្មការទូតរបស់លោកនៅកម្ពុជា។ លោក ហ៊ុន សែន មានការស្ទាក់ស្ទើរចិត្តថា លោកគួរតែនិយាយពីបញ្ហាមូលដ្ឋានទ័ពបរទេសនេះជាមួយលោក William Heidt ឬយ៉ាងណានោះ។
ក្នុងអត្ថបទដែលចេញផ្សាយតាមបណ្តាញអ៊ីនធឺណិត កាសែត Asia Times បានលើកឡើងពីអ្នកវិភាគជាច្រើនដែលអះអាងថា កំពង់ផែថ្មីកោះកុង (Koh Kong New Port) ដែលជាកំពង់ផែទឹកជ្រៅនោះ គឺធំគ្រប់គ្រាន់សម្រាប់ទទួលនាវាចម្បាំង និងនាវាប្រដេញក្នុងការប្រយុទ្ធដ៏មានសក្តានុពល និងកប៉ាល់ធំៗផ្សេងទៀតរបស់កងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន។
កាលពីឆ្នាំ២០០៨ ក្រុមហ៊ុនអភិវឌ្ឍន៍ Tianjin Union របស់ចិនដែលគេស្គាល់ថា ជាក្រុមហ៊ុន UDG និងកំពុងសង់កំពង់ផែទឹកជ្រៅនោះ ត្រូវបានផ្តល់សម្បទានចំនួន៩៩ឆ្នាំលើផ្ទៃដីប្រមាណ២០%នៃតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាក្នុងទឹកប្រាក់ត្រឹមតែ៣០ដុល្លារក្នុងមួយហិកតាប៉ុណ្ណោះ។
គម្រោងរបស់ក្រុមហ៊ុន UDG ដែលគេជឿថា ជា «គម្រោងសាកល្បង» នឹងត្រូវចំណាយទឹកប្រាក់សរុប៣.៨០០លានដុល្លារ ដើម្បីសាងសង់កំពង់ផែថ្មីមួយនៅខេត្តកោះកុង និងអាកាសយានដ្ឋាន រួមទាំងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
គម្រោងនេះកំពុងត្រូវបានសាងសង់លើដីកម្ពុជាទំហំ៤៥.០០០ ហិកតា ក្នុងស្រុកចំនួនពីរនៃខេត្តកោះកុង គឺស្រុកគិរីសាគរ និងបទុមសាគរ ដែលស្ថិតនៅចំកណ្តាលសួនឧទ្យានជាតិបទុមសាគរក្នុងខេត្តកោះកុង ដែលមានព្រំប្រទល់ជាប់ប្រទេសថៃ។
ការសិក្សាស្រាវជ្រាវមួយ ក្រោមឈ្មោះថា «មហិច្ឆតាក្រសោបយក៖ បែបផែននៃ ការវិនិយោគលើគម្រោងកំពង់ផែដោយចិន កំពុងតែប្រែផ្លាស់យុទ្ធសាស្រ្តនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» ដោយអង្គការស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញ C4ADS ដែលចេញផ្សាយកាលពីខែមេសា ដោយមជ្ឈមណ្ឌលដើម្បីការសិក្សាជាន់ខ្ពស់ផ្នែកការពារជាតិ (Center for Advanced Defense Studies) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក បានព្រមានថា «តំបន់អភិវឌ្ឍន៍ខ្នាតធំខាងលើរបស់ក្រុមហ៊ុន UDG មានជាប់ពាក់ព័ន្ធនឹងគណបក្សកុម្មុយនីស្តចិន ជាផ្នែកមួយនៃគម្រោងការយុទ្ធសាស្ត្រសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ចិន នៅក្នុងតំបន់ចុងបូព៌ា ដូចយ៉ាង គម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន [Belt and Road Initiative] ជាដើម»។
មួយភាគធំនៃការវិនិយោគទាំងនេះ ត្រូវបានជំរុញដោយគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន ដែលនឹងមានការសាងសង់ផ្លូវ ស្ពាន ផ្លូវដែក និងរោងចក្រថាមពលក្នុងប្រទេសជាង ៧០ ដើម្បីជំរុញពាណិជ្ជកម្មនៅលើពិភពលោកឲ្យបានជាប្រយោជន៍របស់ចិន។
ចិនដោយត្រូវបានឲ្យឈ្មោះថាជា ការជំរុញ «ឈ្នះ ឈ្នះ» របស់ចិន ដើម្បីបង្កើតឱកាសសេដ្ឋកិច្ចនៅអាស៊ី និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជា កំពង់ផែទឹកជ្រៅ កំពុងតែប្រឈមនឹងមន្ទិលសង្ស័យកាន់តែខ្លាំងឡើង។
អ្នកវិភាគមួយចំនួន «អះអាងថា គោលដៅចម្បងរបស់រដ្ឋាភិបាលក្រុងប៉េកាំងគឺ ប្រមូលផ្តុំគ្រឿង ដោះដូរផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលត្រូវបានបង្កើតឡើង ដោយគម្រោងផ្តល់ហិរញ្ញប្បទានដោយចិន»។ នេះបើយោងទៅតាមរបាយការណ៍ឆ្នាំ២០១៧ របស់អង្គការស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញ C4ADS។
គម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិននៅក្នុងដែនទឹក ក្រោមឈ្មោះថា ស្រឡាយខ្សែគុជ (String of Pearls) នៅតាមតំបន់ឆ្នេរនានានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបានអ្នកវិភាគមួយចំនួនយល់ឃើញថា ជាវិធានការ «ដើម្បីបង្កើតជាមូលដ្ឋានទ័ពយោធាជាក់សែ្តងសម្រាប់កងកម្លាំងយោធាចិន»។ នេះបើយោងទៅតាមរបាយការណ៍ដដែលរបស់អង្គការ C4ADS។
របាយការណ៍នេះបានបន្តថា ស្របពេលដែលការសិក្សាបានរកឃើញថា «កំពង់ផែទាំងនោះខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីទ្រទ្រង់សង្គ្រាមជាធម្មតាមួយ» ហើយថា «ការរកឃើញនេះមិនលុបបំបាត់នូវការភ័យខ្លាច ដែលថា ចិនកំពុងព្យាយាមប្រើប្រាស់កំពង់ផែពាណិជ្ជកម្ម ដើម្បីធ្វើជា គោលដៅទ្រទ្រង់ការដឹកជញ្ជូនសម្រាប់កងល្បាតជើងទឹកក្នុងរយៈចម្ងាយឆ្ងាយ ដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅក្រៅប្រទេស។
លោក Wang Dexin ប្រធានផ្នែកកិច្ចការនយោបាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា បដិសេធមិនផ្តល់ការអធិប្បាយនៅថ្ងៃច័ន្ទនេះ។
ដោយឡែក ចិនកាន់កាប់ជិតពាក់កណ្តាលនៃបំណុលបរទេសចំនួន ៦ពាន់លានដុល្លាររបស់កម្ពុជា ហើយជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់មួយរបស់កម្ពុជាផងដែរ។ ការវិនិយោគរបស់ចិនកំពុងតែប្រែផ្លាស់ទីផ្សារអចលនទ្រព្យរបស់កម្ពុជា និងវិស័យល្បែងស៊ីសង ជាពិសេសនៅខេត្តព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ។
ក្រៅពីភាពជាម្ចាស់បំណុលរបស់កម្ពុជា និងជាអ្នកវិនិយោគដ៏ធំមួយរបស់កម្ពុជានោះ ក្រុមអ្នកសង្កេតការណ៍នយោបាយ ក៏បានមើលឃើញពីការផ្តល់ជំនួយខាងហិរញ្ញវត្ថុ និងយោធាមកដល់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នាយឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា នឹងមានការធ្វើសមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងចិន តាមរយៈ «លំហាត់យោធានាគមាស» នៅខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។ លោកមិនអាចបញ្ជាក់បានទេថា នឹងមានការចាប់ផ្តើមឡើងវិញនៃលំហាត់យោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក តែលោកថា លំហាត់យោធាចិនកម្ពុជានាពេលខាងមុខនោះ អាចនឹងធំជាងមុនទៀតផង។
«ប្រហែលធំហើយ ព្រោះយើងមួយឆ្នាំទៅមួយឆ្នាំ យើងមានចំនួនកាន់តែច្រើនឡើងៗ មានបទពិសោធន៍បច្ចេកទេសអីក៏ច្រើនជាងមុន កំណត់ថ្ងៃមុន យើងកំណត់ដូចជាថ្ងៃ ខែមីនា ឆ្នាំ...ឆ្នាំ២០១៩ អាហ្នឹងលើកទីបី។ ដោយឡែកអាមេរិកាំង ខ្ញុំអត់ទាន់បានដំណឹងទេនែ៎»។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដោយបានលើកឡើងថា សារព័ត៌មានបរទេសមួយចំនួន បានចម្លងគ្នា ផ្សព្វផ្សាយដោយគ្មានប្រភពច្បាស់លាស់ថា ប្រទេសដទៃមានបំណងប្រើប្រាស់ទឹកដីកម្ពុជាធ្វើមូលដ្ឋានយោធា សំចតនាវាចម្បាំង ហើយកម្ពុជា កំពុងស្ថិតនៅចំណុចកណ្តាលនៃសង្គ្រាមត្រជាក់រវាងចិន និងអាមេរិកជាដើម។
សេចក្តីថ្លែងការណ៍បានទាត់ចោលព័ត៌មានទាំងនោះ ដោយបានបញ្ជាក់ថា៖
«នេះគា្រន់តែជាដំណឹងក្លែងក្លាយ (Fake News) ដែលក្រុមប្រទេសមួយចំនួន ព្យាយាមផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជាក្នុងចេតនាអាក្រក់ ញុះញង់ ដើម្បីបំភាន់សាធារណជនជាតិ អន្តរជាតិ និងជាចេតនាបំផ្លាញដល់ឯករាជ្យ ភាពអព្យាក្រឹតអចិន្ត្រៃយ៍របស់កម្ពុជាតែប៉ុណ្ណោះ»៕