មន្ត្រីជាន់ខ្ពស់បង្អស់នៃស្ថាប័នចារកម្មរដ្ឋរបស់សហរដ្ឋអាមេរិក បានបន្តបង្ហាញក្ដីបារម្ភអំពីលទ្ធភាពដែលកងទ័ពរំដោះប្រជាជនចិន អាចមានវត្តមាន តាំងទីនៅកម្ពុជាដោយបានភ្ជាប់លទ្ធភាពនេះទៅដល់ការគ្រប់គ្រងអំណាចផ្ដាច់មុខរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងរបាយការណ៍កម្រាស់៤២ទំព័រ ចេញផ្សាយកាលពីថ្ងៃអង្គារ ដែលសំយោគពីទិន្នន័យប្រមូលបានពីទីភ្នាក់ងារស៊ើបការណ៍ទាំងអស់របស់អាមេរិក ក្នុងការធ្វើការវាយតម្លៃ ពីកម្រិតនៃការគំរាមកំហែង ដល់សន្ដិសុខជាតិអាមេរិក លោក Daniel Ray Coats នាយកមន្ទីរចារកម្មជាតិអាមេរិកាំង បានភ្ជាប់អនុត្តរភាពអំណាចនយោបាយក្នុងប្រទេសកម្ពុជារបស់បក្សកាន់អំណាច និងសិទ្ធិអំណាចក្នុងការកែប្រែរដ្ឋធម្មនុញ្ញ។
ចារបុរសកំពូលរូបនេះបានលើកឡើងក្នុងរបាយការណ៍ថា៖
«ការធ្វើដំណើររបស់កម្ពុជាឆ្ពោះទៅរកការដឹកនាំផ្ដាច់ការ ដែលអភិក្រមស្ដែងចេញតាមរយៈការបន្តស្ថិតក្នុងអំណាចរបស់គណបក្សប្រជាជនកម្ពុជា និងការគ្រប់គ្រងទាំងស្រុងរបស់គណបក្សមួយនេះ ទៅលើស្ថាប័ននីតិប្បញ្ញត្តិរបស់ជាតិ បានបើកផ្លូវ[នូវអំណាច]ធ្វើវិសោធនកម្មណាមួយ ដែលនៅទីបំផុតអាចនាំឱ្យមានវត្តមានយោធារបស់ចិននៅក្នុងប្រទេសមួយនេះ»។
រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា មាត្រា៥៣ បានហាមប្រាមមិនឱ្យមានវត្តមាននៃមូលដ្ឋានទ័ពបរទេសលើទឹកដីរបស់ខ្លួនឡើយ។ ការកែប្រែរដ្ឋធម្មនុញ្ញ ត្រូវការសំឡេងគាំទ្រ២ភាគ៣ ក្នុងរដ្ឋសភា ដើម្បីអនុម័តយល់ព្រម។
បន្ទាប់ពីបានធ្វើការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សជំទាស់ធំបង្អស់នៅក្នុងប្រទេស កម្ពុជាបានរៀបចំការបោះឆ្នោតដែលនាំឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះគ្រប់គ្រងអាសនៈទាំងអស់១២៥នៅក្នុងរដ្ឋសភា ដែលលើសពីតម្រូវការ២ភាគ៣នៃសំឡេងសមាជិកសភា អាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បានដោយគ្មានឧបសគ្គ ខណៈបក្សនេះក៏គ្រប់គ្រងអាសនៈ៥៨/៦២ នៅព្រឹទ្ធសភាផងដែរ។
បញ្ហានៃវត្តមានកងទ័ពចិននៅកម្ពុជា ត្រូវបានលើកឡើងដំបូងកាលពីខែមេសា ឆ្នាំ២០១៨កន្លងទៅ ដោយមជ្ឈមណ្ឌលស្រាវជ្រាវនិងសិក្សាជាន់ខ្ពស់លើកិច្ចការការពារជាតិ (C4ADS) ដែលបានភ្ជាប់ក្រុមហ៊ុន Union Development Group ដែលជាវិនិយោគិនលើសំណង់ហេដ្ឋារចនាសម្ព័ន្ធជាប់មាត់សមុទ្រក្នុងខេត្តកោះកុងរបស់ខ្មែរ ទៅនឹងកងទ័ពរំដោះប្រជាជនចិន។
លោកអនុប្រធានាធិបតី Mike Pence របស់សហរដ្ឋអាមេរិក បានលើកឡើងជាផ្លូវការនូវការសង្ស័យនេះ ក្នុងកំណត់លិខិតមួយ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់កម្ពុជា កាលពីខែវិច្ឆិកាកន្លងទៅ។ រដ្ឋាភិបាលកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការនូវការលើកឡើងខាងលើ អំពីវត្តមានយោធាចិននៅប្រទេសរបស់ខ្លួន។
លោក ហ៊ុន សែន ផ្ទាល់ ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ផងនោះ បានលើកឡើងក្នុងសុន្ទរកថាមួយនៅខេត្តកោះកុង បន្ទាប់ពីលោកបានធ្វើដំណើរទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន UDG កាលពីខែធ្នូថា គណបក្សលោកនឹងមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជានោះទេ លើមាត្រាទាក់ទងនឹងការហាមប្រាមការតាំងទីរបស់មូលដ្ឋានទ័ពបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថាបក្សកាន់អំណាចឈរពីក្រោយ គាំទ្រជំហររបស់លោកនាយករដ្ឋមន្ត្រី ទាក់ទិននឹងការមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រាទី៥៣ ទាក់ទិននឹងការហាមប្រាមវត្តមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីខ្មែរ។
អ្នកនាំពាក្យរូបនេះបានប្រាប់ VOA តាមទូរស័ព្ទថា៖
«ចុះនាយករដ្ឋមន្ត្រី គាត់ជាប្រធានគណបក្សស្រាប់ហើយ បើគាត់មានជំហរអ៊ីចឹង បានសេចក្ដីថា ជំហរនាយករដ្ឋមន្ត្រី និងជំហរប្រធានគណបក្ស ដូចគ្នា ហើយគណបក្សប្រជាជន គឺជាគណបក្សមានវិន័យ អ៊ីចឹង តែកាលណាប្រធានគណបក្សមានមតិដូចម្ដេច យើងគោរពតាមហើយ!»។
លោក សុខ ឥសាន ក៏បានបន្តដែរថា បក្សកាន់អំណាចបានមើលឃើញពីហានិភ័យនៃវត្តមានមូលដ្ឋានទ័ពបរទេស ថានឹងនាំឱ្យខូចខាតដល់នយោបាយការបរទេសរបស់ប្រទេសកម្ពុជា៖
«អូ! អាហ្នឹងវាប៉ះពាល់ច្រើនណាស់ ប៉ះពាល់ដល់សន្តិភាព ប៉ះពាល់ដល់ស្ថិរភាពនយោបាយ ក៏ដូចជាអព្យាក្រឹត្យអចិន្ត្រៃយ៍របស់កម្ពុជា ព្រោះតែកាលណាយើងមិនអព្យាក្រឹត្យអចិន្ត្រៃយ៍ទេ និន្នាការមនោគមវិជ្ជានឹងវាយលុកហើយ។ យើងដឹងថាអន្តរជាតិឥឡូវនេះ មេធំៗកំពុងតែយកចិត្តទុកដាក់អំពីភូមិសាស្ត្រនយោបាយ កំពុងតែប្រកួតប្រជែងមនោគមវិជ្ជាអន្តរជាតិហ្នឹងឯង អ៊ីចឹងទេ បានយើងប្រយ័ត្នអារឿងហ្នឹងណាស់»។
ខណៈដែលបណ្ដារដ្ឋាភិបាលបស្ចិមលោក បានកំពុងដាក់សម្ពាធរិះគន់ការរៀបចំបោះឆ្នោត និងការជាប់ឆ្នោតសាជាថ្មីរបស់លោក ហ៊ុន សែន រដ្ឋាភិបាលរបស់លោកក៏បានកំពុងប្រឈមនឹងការគំរាមដាក់ទណ្ឌកម្មពីសំណាក់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។
ការណ៍នេះ បាននាំឱ្យប្រទេសចិន ផ្ដល់ការធានាផ្សេងៗ ដូចយ៉ាងការធានាទិញអង្ករកម្ពុជា និងសន្យាបន្តផ្ដល់ជំនួយបន្ថែម ក្នុងនាមជាប្រទេសម្ចាស់ជំនួយ និងប្រភពវិនិយោគធំបំផុតរបស់កម្ពុជា ក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ។
កម្ពុជាក៏បានបន្តពូនជ្រុំទំនាក់ទំនងយោធាកាន់តែស្អិតរមួតជាមួយនឹងប្រទេសចិន តាមរយៈជំនួយយោធាផ្ដល់ដោយទីក្រុងប៉េកាំង ការបណ្ដុះបណ្ដាលយោធិនកម្ពុជា ពីសំណាក់អ្នកជំនាញចិន និងការធ្វើសមយុទ្ធនាគមាសរួមគ្នា រវាងទ័ពជើងគោកប្រទេសទាំងពីរ ដែលនឹងគ្រោងធ្វើជាលើកទីបី នាខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។
ស្របពេលជាមួយគ្នានេះដែរ ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងភ្នំពេញនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន បានស្គាល់នូវភាពរកាំរកូស រួមទាំងផ្នែកនយោបាយ និងយោធា ខណៈដែលមានការចោទប្រកាន់សហរដ្ឋអាមេរិកថា បានផ្ដល់ការជួយទំនុកបម្រុងដល់គណបក្សជំទាស់ដែលត្រូវបានតុលាការរំលាយចោល ក្នុងការតស៊ូប្រឆាំងនឹងរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។
មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោន ទទួលបន្ទុកគោលនយោបាយតំបន់អាស៊ីអាគ្នេយ៍ លោក Joseph H. Felter បានប្រាប់ VOA ក្នុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះនៅទីក្រុងភ្នំពេញថា សហរដ្ឋអាមេរិក ប្រាថ្នាស្ដារទំនាក់ទំនងយោធាជាមួយកម្ពុជា ជាមួយនឹងបំណងប្រាថ្នា ថាកម្ពុជា នឹងផ្ដល់សិទ្ធិសេរីភាព ច្រើនជាងមុនដល់អ្នកជំទាស់ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដែលមិនចំណុះរដ្ឋ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំខាងលើ លោកនាយកមន្ទីរចារកម្មជាតិអាមេរិក ក៏បានធ្វើការព្រមានអំពីការដកខ្លួនថយរបស់សហរដ្ឋអាមេរិក ពីកិច្ចសហប្រតិបត្តិការពហុភាគីនានា ថាបានបើកផ្លូវឱ្យប្រទេសចិន ធ្វើការប្រមែប្រមូលរដ្ឋតូចធំនានា បង្កជាសំឡេងប្រឆាំងនឹងជំហរអាមេរិក ដូចយ៉ាងលើសំណុំរឿងពាណិជ្ជកម្មអន្តរជាតិ និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម៕