សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកភាគច្រើន ក៏ដូចជាសត្រូវរបស់សហរដ្ឋអាមេរិកផងដែរ បានរិះគន់លើការសម្រេចរបស់សហរដ្ឋអាមេរិកនៅក្នុងការបើកដំណើរការស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុង Jerusalem ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទម្សិលមិញ ដោយពួកគេបានបញ្ជាក់ថា ការធ្វើដូច្នេះអាចបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។
អ្នកនាំពាក្យរបស់លោកស្រី Theresa May នាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា៖ «យើងជំទាស់នឹងការសម្រេចរបស់សហរដ្ឋអាមេរិកនៅក្នុងការប្ដូរទីតាំងស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុង Jerusalem និងទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលនេះ» មុនពេលសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ចំណែកឯប្រធានាធិបតីបារាំងលោក Emmanuel Macron វិញ បានថ្កោលទោសអំពើហិង្សាកាលពីថ្ងៃចន្ទម្សិលមិញនៅក្នុងតំបន់ Gaza ដែលនៅទីនោះ ទាហានអ៊ីស្រាអែលបានបាញ់សម្លាប់ជនស៊ីវិលប៉ាឡេស្ទីន ៥២ នាក់ នៅក្នុងការប៉ះទង្គិចគ្នានៅឯព្រំដែន។
រីឯនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Sergei Lavrov វិញ បានបញ្ជាក់ឡើងវិញអំពីការជំទាស់របស់រដ្ឋាភិបាលរុស្ស៊ីចំពោះវិធានការរបស់សហរដ្ឋអាមេរិកក្នុងការប្ដូរទីតាំងស្ថានទូតនេះ។
មេដឹកនាំនៃបណ្ដាប្រទេសអារ៉ាប់ជាច្រើនក៏បានថ្កោលទោសការសម្រេចរបស់សហរដ្ឋអាមេរិកដូចនេះដែរ ដោយនាយករដ្ឋមន្ត្រីលីបង់លោក Saad Hariri បានហៅវិធានការដូចនេះថាជា «ការបង្កហេតុ» ហើយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានហៅការសម្រេចនេះថាជា «ថ្ងៃដ៏គួរឲ្យអាម៉ាស់បំផុតមួយ»។
សម្រាប់ប្រធានាធិបតីទួរគីលោក Racep Tayyip Erdogan វិញ លោកបានថ្លែងថា វិធានការប្ដូរទីតាំងស្ថានទូតរបស់សហរដ្ឋអាមេរិកនេះគឺជារឿងដ៏គួរឲ្យ «អកុសលយ៉ាងខ្លាំង» ហើយការធ្វើដូច្នេះ គឺធ្វើឲ្យសហរដ្ឋអាមេរិកគ្មានសិទ្ធិក្នុងការធ្វើជាអ្នកសម្របសម្រួលនៅក្នុងដំណើរការសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា៕