ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ហិង្សា​រីករាលដាល​ក្នុង​តំបន់ Gaza ខណៈ​អាមេរិក​បើក​ស្ថានទូត​ខ្លួន​ក្នុង​ទីក្រុង Jerusalem


បាតុករ​​ប៉ាឡេស្ទីន​នាំ​យុវជន​ម្នាក់​ដែល​របួស​ចេញ​ពី​កន្លែង​បាតុកម្ម​នៅ​ក្បែរ​របង​ព្រំដែន​អ៊ីស្រាអែល នៅ​ក្នុង​តំបន់ Gaza Strip កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
បាតុករ​​ប៉ាឡេស្ទីន​នាំ​យុវជន​ម្នាក់​ដែល​របួស​ចេញ​ពី​កន្លែង​បាតុកម្ម​នៅ​ក្បែរ​របង​ព្រំដែន​អ៊ីស្រាអែល នៅ​ក្នុង​តំបន់ Gaza Strip កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

ជនជាតិ​ប៉ាឡេស្ទីន​រាប់​សិប​នាក់​ត្រូវ​បាន​សម្លាប់ និង​របួស​ជាង​២០០០​នាក់ នៅ​ក្នុង​ការ​ប៉ះទង្គិចគ្នា​ជាមួយ​នឹង​កងកម្លាំង​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ចន្ទ នៅ​តាម​ព្រំដែន​តំបន់ Gaza ខណៈ​ដែល​ពលរដ្ឋ​រាប់​ពាន់​នាក់​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បើក​ស្ថានទូត​អាមេរិក​ថ្មី​នៅ​ក្នុង​ទីក្រុង Jerusalem។

ខណៈ​ដែល​មន្ត្រី​អាមេរិក​និង​អ៊ីស្រាអែល​អបអរ​សាទរ​ស្ថានទូត​ថ្មី​របស់​អាមេរិក អំពើ​ហិង្សា​បាន​កើតឡើង​ក្នុង​ចម្ងាយ​១០០​គីឡូម៉ែត្រ​ពី​ទីនោះ។ យោធា​អ៊ីស្រាអែល​និយាយ​ថា មនុស្ស​ជាង​៤ម៉ឺន​នាក់​ធ្វើ​ការ​តវ៉ា ហើយ​មន្ត្រី​សុខាភិបាល​ប៉ាឡេស្ទីន​ថ្លែង​ថា អ្នក​តវ៉ា​៥២​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​សារ​ការ​បាញ់​កាំភ្លើង​គ្រាប់​ពិត​និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។ ​

ហេតុការណ៍កាល​ពី​ម្សិលមិញ​នេះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ក្នុង​តំបន់ Gaza ចាប់​តាំង​ពី​ឆ្នាំ​២០១៤ ក្នុង​អំឡុងពេល​ដែល​មាន​សង្គ្រាម​ជាមួយ​នឹង​អ៊ីស្រាអែល​មក។

ខណៈ​ដែល​តួលេខ​អ្នក​ស្លាប់​នៅ​តែ​បន្ត​កើនឡើង ប្រទេស​មួយ​ចំនួន​រួមទាំង​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​ដូចជា​បារាំង​និង​អង់គ្លេស បាន​ស្នើឲ្យ​ភាគី​អ៊ីស្រាអែល​អត់ធ្មត់​ដើម្បី​ទប់ស្កាត់​ការ​បង្ហូរ​ឈាម។ ប៉ុន្តែ​សហរដ្ឋអាមេរិកផ្ទាល់​មិន​បាន​ស្នើ​ដល់​អ៊ីស្រាអែល​ឲ្យ​បន្ថយ​ការ​ឆ្លើយតប​របស់​ខ្លួន​ទៅ​នឹង​ការ​តវ៉ា​នោះ​ទេ ហើយ​ងាក​ទៅ​ចោទប្រកាន់​ក្រុម​សកម្មប្រយុទ្ធHamasចំពោះ​អំពើ​ហិង្សា​ដែល​កើតឡើង​នៅ​តំបន់ Gaza នេះ។

លោក Raj Shah អ្នក​នាំពាក្យ​សេតវិមាន​បាន​និយាយ​ថា «យើង​មិន​គួរ​មើល​រំលង​ថា ក្រុម Hamas ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ស្ថានភាព​ទាំងស្រុង​នេះ​ទេ‍»។ លោក​បាន​ចោទប្រកាន់​ក្រុម Hamas ថា​បាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដែល​កាន់​តែ​អាក្រក់​នេះ ដើម្បី​បង្កើន​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ជ្វីស​និង​សកម្មភាព​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ប្តូរ​ទីតាំង​ស្ថានទូត​របស់​ខ្លួន​ពី​ទីក្រុង Tel Aviv ទៅ​ទីក្រុង Jerusalem ទោះ​ជា​ប្រទេស​ភាគច្រើន​នៅ​រក្សា​ប្រតិបត្តិការ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ទីក្រុង Tel Aviv ក៏​ដោយ។

ស្របពេល​ដែល​ស្ថានទូត​អាមេរិក​បើក​ដំណើរការ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​នៅ​ក្នុង​សារ​ជា​វីដេអូ​មួយ​ថា ទីក្រុង Jerusalem គឺ​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។ លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​ប្រកាស​ថា «យើង​ស្ថិត​នៅ​ក្នុង​ទីក្រុង Jerusalem ហើយ​យើង​នឹង​នៅ​ទីនេះ​រហូត​ត​ទៅ‍»៕

XS
SM
MD
LG