ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ប៉ាឡេស្ទីន​ស្លាប់ និង​រង​របួស​ជា​ច្រើន​នៅ​ក្នុង​ការ​តវ៉ា​នៅ​ព្រំដែន​តំបន់ Gaza


បាតុករ​ប៉ាឡេស្ទីន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដូរ​ស្ថានទូត​អាមេរិក​ទៅ​ក្រុង Jerusalem នៅ​មុន​ថ្ងៃ​បុណ្យ​ខួប Nakba លើក​ទី៧០ នៅ​តំបន់ Gaza កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
បាតុករ​ប៉ាឡេស្ទីន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដូរ​ស្ថានទូត​អាមេរិក​ទៅ​ក្រុង Jerusalem នៅ​មុន​ថ្ងៃ​បុណ្យ​ខួប Nakba លើក​ទី៧០ នៅ​តំបន់ Gaza កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

នៅ​ថ្ងៃ​ចន្ទ​នេះ ក្រសួង​សុខាភិបាល​នៅ​តំបន់ Gaza បាន​បញ្ជាក់​ថា កង​កម្លាំង​អ៊ីស្រាអែល​បាន​បាញ់​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាង​តិច ៣៧ នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ផ្សេង​ទៀតរង​របួស នៅ​តាម​ព្រំដែន​នៃ​តំបន់ Gaza Strip ដែល​នៅ​ទី​នោះ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​តវ៉ា ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ត្រៀម​ប្ដូរ​ទីតាំង​ស្ថានទូត​របស់​ខ្លួន​ជា​ផ្លូវការ​ពី​ទីក្រុង Tel Aviv ទៅ​កាន់​ទីក្រុង Jerusalem ក្នុង​ប្រទេស​អ៊ីស្រាអែល។

ការ​ប៉ះ​ទង្គិច​គ្នា​លើក​នេះ គឺ​ជា​ការ​ប៉ះ​ទង្គិច​ថ្មី​បំផុត​មួយ​នៅ​ក្នុង​ការ​តវ៉ា និង​អំពើ​ហិង្សា​ប្រទូស​សារ៉ាយ​គ្នា​អស់​រយៈពេល ៦ សប្ដាហ៍​កន្លង​មក​នេះ ដែល​ទាហាន​អ៊ីស្រាអែល​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​អស់​ជាង ៤០ នាក់​មក​ហើយ។

អ្នក​រិះគន់​នានា​បាន​ចោទ​ប្រកាន់​ទាហាន​អ៊ីស្រាអែល​ថា​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិតៗ។ ចំណែក​ឯ​អ៊ីស្រាអែល​វិញ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​ចាំបាច់​ដើម្បី​ការពារ​សុវត្ថិភាព ដោយសារតែ​មនុស្ស​គំរាម​បង្ក​ជា​បញ្ហា​នៅ​ឯ​របង​ព្រំដែន។

បន្ថែម​ទៅ​នឹង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ប្ដូរ​ទីតាំង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នេះ ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ក៏​តវ៉ា​ផង​ដែរ​ដើម្បី​ប្រារព្ធ​ខួប​នៃ​អ្វី​ដែល​ពួកគេ​ហៅ​ថា «nakba‍» ឬ​ក៏ «មហន្តរាយ‍» ដែល​នេះ​ជា​អ្វី​ដែល​ពួកគេ​ចង់​សំដៅ​លើ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​រាប់​សែន​នាក់​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ ឬ​ក៏​រត់​គេច​ចេញ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​អំឡុង​ពេល​សង្គ្រាម​ឆ្នាំ ១៩៤៨ ទាក់ទិន​នឹង​ការ​បង្កើត​ប្រទេស​អ៊ីស្រាអែល។

ទីតាំង​ស្ថានទូត​អាមេរិក​ថ្មី​នេះ​គឺ​ជា​ទីតាំង​បណ្ដោះ​អាសន្ន​ដែល​ដំណើរការ​នៅ​ក្នុង​អាគារ​កុងស៊ុល​សហរដ្ឋ​អាមេរិក​ដែល​មាន​ស្រាប់​នៅ​ក្នុង​ទីក្រុង Jerusalem ស្រប​ពេល​ដែល​រដ្ឋាភិបាល​អាមេរិក​កំពុង​ស្វែង​រក​ទីតាំង​ធំ​ជាង​នេះ៕

XS
SM
MD
LG