ទោះបីជាពលរដ្ឋប៉ាឡេស្ទីនមានកំហឹងជុំវិញការបើកស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងJerusalem នៅថ្ងៃចន្ទស្អែកនេះក៏ដោយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ៊ីស្រាអែល លោកឯកអគ្គរដ្ឋទូត David Friedman បាននិយាយកាលពីថ្ងៃសៅរ៍អំពីការធ្វើតវ៉ារបស់ពលរដ្ឋប៉ាឡេស្ទីនទាមទារទីក្រុងJerusalemផ្នែកខាងកើតជារដ្ឋធានីរបស់ពួកគេនៅថ្ងៃអានាគតនោះថា«ជាទង្វើមិនត្រឹមត្រូវ»។
អ៊ីស្រាអែលទាមទារទីក្រុង Jerusalemទាំងមូលជារដ្ឋធានីរបស់ខ្លួន។
ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ក្នុងការផ្លាស់ប្តូរស្ថានទូតសហរដ្ឋអាមេរិកពីទីក្រុង Tel Aviv បានរំលោភលើការមូលមតិអន្តរជាតិដែលបានព្រមព្រៀងថាទីក្រុង Jerusalemគួរតែត្រូវបានដោះស្រាយតាមរយៈកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
គេរំពឹងថានឹងមានពលរដ្ឋប៉ាឡេស្ទីនរាប់សែននាក់ប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅតាមព្រំដែនរវាងតំបន់កាហ្សា និងអ៊ីស្រាអែលនៅថ្ងៃចន្ទស្អែកនេះ ដើម្បីតវ៉ាពីការបើកស្ថានទូតនេះ។
ប៉ុន្តែលោក Friedmanបានប្រាប់សារព័ត៌មានFox News ថាពេលវេលានឹងធ្វើឲ្យកំហឹងរបស់ពលរដ្ឋប៉ាឡេស្ទីនផ្លាស់ប្តូរ ដោយសារតែពួកគេនឹងយល់ថាសហរដ្ឋអាមេរិកនៅបន្តពង្រីកកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការងារសន្តិភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ ដើម្បីផ្តោតលើអ្វីដែលជាការងារសំខាន់ដូចជា គុណភាពនៃជិវិត ការសង់ហេដ្ឋារចនាបន្ថែមទៀត សន្តិសុខ និងធ្វើឲ្យមានប្រព័ន្ធសុខាភិបាលល្អជាងមុន។
លោកបានថ្លែងបន្ថែមថា សហរដ្ឋអាមេរិកនៅទីនោះដើម្បីជួយដល់ពលរដ្ឋប៉ាឡេស្ទីន និងគ្មានហេតុផលដែលត្រូវគិតថា ការផ្លាស់ប្តូរទីតាំងស្ថានទូតនេះគឺជាការប្រឆាំងនឹងសន្តិភាពនោះទេ៕