ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​ស.រ.អា បង្ហើប​ពី​វិធី​ឱ្យ​ទំនាក់​ទំនង​កម្ពុជា-អាមេរិកាំង​បាន​ប្រសើរ


រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ​​ កាលពី​​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (VOA)
រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ​​ កាលពី​​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (VOA)

អ្នកស្រី​ Emily Zeeberg ​បាន​ថ្លែង​បញ្ជាក់​តាម Email នោះ​ថា​ ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បង្ហោះ​សារ​នោះ ​គឺ​ដោយសារ​​ស.រ.អា ​ជា​សមាជិក​ហត្ថលេ​ខី​នៃ​សន្ធិ​សញ្ញា​សន្តិ​ភាព​ទីក្រុង​ប៉ារីស ​ដែល​មាន​១៨​ ប្រទេស។​

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា​ កម្ពុជា​នឹង​មិន​អាច​មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ជាមួ​យ​សហរដ្ឋអាមេរិក​បាន​ទេ​ ប្រសិន​បើ​រដ្ឋាភិបាល​ប្រទេស​នេះ ​ខកខានមិន​អាច​រកច្រក​ដោះ​ស្រាយ​ករណី​ចាប់​ខ្លួន​លោ​ក ​កឹម សុខា ដោយ​ត្រឹម​ត្រូវ​ និង​ដោយ​ការ​គោរព​គ្នា​ទេ​នោះ​ ។

លោក​កឹម សុខា​ មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចោទថា ​បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

កាលពី​ថ្ងៃអាទិត្យ​នេះ ​អ្នក​ស្រី Emily Zeeberg អ្នក​នាំ​ពាក្យ​សា្ថ​ន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ​បាន​ផ្ញើ​សារ​អេឡិកត្រូនិក ​ឬ​អ៊ីមែល​ឲ្យ​អ្នកសារ​ព័ត៌មាន​ដើម្បី​បញ្ជាក់​អំពី​សារ​ដែល​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បង្ហោះ​កាលពី​ល្ងាច​ថ្ងៃសុក្រ​ ដែល​មាន​ន័យថា លោក កឹម សុខា ជា​មនុស្ស ​«ស្អាត​ស្អំ​»។

អ្នកស្រី​ Emily Zeeberg ​បាន​ថ្លែង​បញ្ជាក់​តាម​សារអេឡិកត្រូនិក​ ឬ Email នោះ​ថា​ ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បង្ហោះ​សារ​នោះ ​គឺ​ដោយសារសហរដ្ឋ​អាមេរិក​ជា​សមាជិក​ហត្ថលេ​ខី​នៃ​សន្ធិ​សញ្ញា​សន្តិ​ភាព​ទីក្រុង​ប៉ារីស ​ដែល​មាន​១៨​ ប្រទេស​ ហើយ​ថា ​សហរដ្ឋ​អាមេរិក​មាន​ការ​ទទួល​ខុស​ត្រូវក្នុង​ការ​ត្រួត​ពិនិត្យ​ថាលទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​សិទ្ធិ​មនុ​ស្ស​ត្រូវ​បាន​គេ​គោរព​នៅ​ក្នុង​ប្រទេសកម្ពុជា។

អ្នក​ស្រី​បន្ថែម​ថា ​ប្រទេស​កម្ពុជា ​នឹង​មិន​អាច​មា​ន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ជាមួ​យ​សហរដ្ឋអាមេរិក​បាន​ទេ ​ដរាប​ណាបញ្ហា​ការ​ភ្ជាប់​លោ​ក ​កឹម សុខា ​បាន​ឃុបឃិត​ជា​មួយសហរដ្ឋ​អាមេរិក ​មិន​ត្រូវ​បាន​ដោះ​ស្រាយដោយ​ត្រឹម​ត្រូវតាម​លក្ខខណ្ឌ​ច្បាប់​ ​និង​ដោយ​គោលការណ៍​គោរព​គ្នា​ទៅវិញ​ទៅ​មក​ទេ​នោះ​។

អ្នកស្រី​ Emily Zeeberg បញ្ជាក់​ថា​៖

«លោក កឹម សុខា ​ត្រូវ​បានចោទ​ប្រកាន់​ថា​ បាន​ឃុបឃិត​ជាមួយនឹង​សហរដ្ឋ​អាមេរិក​ ដើម្បី​ផ្ដួលរំលំ​រដ្ឋា​ភិបា​ល ដែល​ការ​ចោទ​ប្រកាន់​នេះ​ វា​មិនសម​ហេតុ​សម​ផល​ និង​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ។ ដូច្នេះ​រដ្ឋា​ភិបា​ល​កម្ពុជា​ បាន​ទាញ​ពួកយើង ​ឲ្យ​ទៅជា​ប់​ទាក់​ទង​ដោយ​ផ្ទាល់​នៅ​ក្នុង​ករណី​នេះ។ កម្ពុជា​មិន​អាច​មាន​ទំនាក់​ទំនង​ប្រកប​ដោយ​ផ្លែផ្កាជាមួយ​សហរដ្ឋ​អាមេរិក​នោះ​ទេ រហូត​ដល់​ករណី​ទាំង​នេះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ភាព​ត្រឹមត្រូវ និង​ការ​គោរព​»។

កាលពី​ថ្ងៃសុក្រ​កន្លងទៅ​ ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហោះសារ​មួយលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ ដោយ​បាន​ចោទសួរ​ថា​៖

«តើ​អ្នក​មាន​ដឹង​ទេ​ថា លោក កឹម សុខា បាន​ជាប់​ក្នុង​ការឃុំឃាំង​ជិត​១៨​ខែ​មក​ហើយ? វា​មាន​រយៈពេល ៥៣០​ថ្ងៃ​នៃ​ការជាប់​ឃុំ។ គាត់​ជា​មនុស្ស​ស្អាតស្អំ ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទ​ប្រកាន់​មិន​ពិត។ មិនមាន​ភស្តុតាង​ណាមួយ​ប្រឆាំង​នឹង​គាត់​ឡើយ ហើយ​ក៏​មិន​ទាន់​មាន​ការកំណត់​បើក​សវនាការ​កាត់​ទោស​គាត់​ដែរ។ គ្មាន​ភស្តុតាង គ្មាន​សវនាការ​កាត់​ទោស គ្មាន​យុត្តិធម៌»។

ក្រោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បង្ហោះ​សារ​ ដែល​ចាត់​ទុកថា​ ​ការ​ឃុំខ្លួន​លោក ​កឹម សុខា​មេដឹកនាំ ក្រុម​ជំទាស់​ជារឿង​ «អយុត្តិធម៌» ​ហើយថា​ លោក​ជា​មនុស្ស​ស្អាតស្អំ​ផង​ គេ​ឃើញ​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បង្ហាញ​ការ​មិនពេញ​ចិត្ត ​និង​ថា​ សារ​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ ​ជា«ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ និង​ផ្ទុយ​ពី​ច្បាប់​ការទូត»។​

លោក ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ប្រាប់​ VOA ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា ​បច្ចុប្បន្ន​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​មិនទាន់​មាន​ឯកអគ្គ​រដ្ឋទូត​នៅឡើយ​ ដូច្នេះ​លោក​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ស្ថានទូត​គឺជា​ការ​លើក​ឡើង​ដែល​ខុសពី​ដែន​សមត្ថកិច្ច​របស់​អ្នកនាំ​ពាក្យ។

លោក​បន្ត​ថា ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​នៅ​តែ​មាន​ទំនាក់​ទំនង​ និង​ផល​ប្រយោជន៍​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ដដែល។

លោក​បញ្ជាក់​ថា៖ «ផល​ប្រយោជន៍​សហរដ្ឋ​អាមេរិក និង​ផល​ប្រយោជន៍​កម្ពុជា គឺ​នៅមាន​ដដែល តាមរយៈ​ការ​សហ​ប្រតិបត្តិ​ការ​គ្នា​ទៅវិញ​ទៅមក។ អានេះ​ជា​សេចក្តី​បញ្ជាក់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន គឺ​យើង​មិន​ដែល​មើល​ឃើញ​សហរដ្ឋ​អាមេរិក​ជា​សត្រូវ​របស់​យើង​ទេ ប្រហែល​ជា​អ្នក​នាំពាក្យ​ហ្នឹង​ដែល​យល់​ឃើញ​ថា​កម្ពុជា​ជា​សត្រូវ​របស់​គេ។ កាលណា​គាត់មាន​អារម្មណ៍​អីចឹង​យើង​មិនអាច​ទទួល​យក​បាន​ទេ។ គាត់​គួរតែ​ស្វែង​រក​សមត្ថកិច្ច ​អានោះ​ហើយ​ជា​បេសកកម្ម​របស់​គាត់​ដែល​មក​អង្គុយ​កន្លែង​ស្រុក​ខ្មែរ»។

អ្នកនាំពាក្យ​រដ្ឋាភិបាលរូប​នេះ​បន្ថែម​ថា ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ គួរ​ស្វែង​មេធាវី ឬ​ការ​ការពារ​ផ្លូវ​ច្បាប់សម្រាប់​លោក កឹម សុខា ឬ​ស្វែងរក​អំណះ​អំណាង​ដើម្បី​ការពារ​ការ​ចោទ​ប្រកាន់​ណា​មួយ​នោះ។

ចាប់​តាំង​ពី​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ងាក​ទៅ​ស្និទ្ធស្នាល​ជាមួយ​រដ្ឋាភិបាល​ទីក្រុងប៉េកាំង​របស់​លោក​ប្រធានាធិបតី​ Xi Jinping ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ ​គេឃើញ​ថា ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ ​តែង​មាន​ភាព​រកាំ​រកូស​ជា​ញឹកញាប់​។

កន្លងមក​ លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​អស់​រយៈ​ពេល​ជាង​៣៤​ឆ្នាំ​មក​ហើយ​នោះ តែង​ពង្រីក​វោហា​រសាស្ត្រ​របស់​លោក​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ​ថា​ជា​អ្នក​ស្ថិត​នៅ​ពីក្រោយ​គណ​បក្ស​ប្រឆាំង​ ក្នុង​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។

ទាំង​លោក​ ​ហ៊ុន សែន​ ​ផ្ទាល់​ ​និង​មន្រ្តី​រដ្ឋាភិបាល​ក្រោម​ឱវាទ​របស់​លោក តែង​វាយ​ប្រហារ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ជាពិសេស​អតីត​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​គឺ​លោក William Heidt ​ជាច្រើន​លើក​ថា ព្យាយាម​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទៀត​ផង។

លោក​ ឯម សុវណ្ណារ៉ា ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ប្រាប់​ VOA​ នៅថ្ងៃ​ច័ន្ទ​នេះ​ថា ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា អាច​លើក​ឡើង​អំពី​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ករណីលោក​ កឹម ​សុខា បាន​ដោយសារ​សហរដ្ឋ​អាមេរិក​គឺជា​សមាជិក​ហត្ថលេខីនៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ និង​ថា ដោយសារសហរដ្ឋ​អាមេរិកត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចោទ​ប្រកាន់ថាជាអ្នក​នៅ​ពី​ក្រោយការ​ប្រព្រឹត្តិ​របស់​លោក កឹម សុខា។

អ្នកវិភាគ​រូប​នេះ​បន្ថែម​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ នោះ​កម្ពុជា​នឹងត្រូវ​បាត់បង់​ផល​ប្រយោជន៍ និង​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​លទ្ធិ​ប្រជាធិប្បតេយ្យ​ធំៗ​ជាច្រើន​ទៀត​ លើ​ពិភព​លោក។

លោក​មាន​ប្រសាសន៍​ថា៖

«នៅ​ពេល​ដែល​អឺរ៉ុប​ឈាន​ជំហាន​មុន​អាមេរិក​រឿង​ EBA អញ្ចឹងអាមេរិក​ក៏​មាន​ចំណាត់​ការ​ GSP ដែរ។ ហើយ​បើ​យើង​ឃើញ​ជំហរ​នេះ គឺ​កម្ពុជា​យើង​ផ្នែក​សេដ្ឋកិច្ច​ហ្នឹង​ អាច​ប៉ះពាល់​ច្រើន។ ហើយ​មួយ​ទៀត ​បើ​ពីរ​ប៉ូល​នយោបាយហ្នឹង​ទៅ​ហើយ ​អង់គ្លេស ​និង​ជប៉ុន​ គឺ​ដើរ​ទៅ​តាម​ក្រោយ​ទេ​»។

លោក​ ​កឹម សុខា​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ ​និង​ឃុំ​ខ្លួន​ពី​បទ​ឃុបឃិត​ជា​មួយ​បរទេស​ជា​ពិសេស​សហរដ្ឋ​អាមេរិក​ដែល​ជា​បទ​ក្បត់ជាតិ។

ក្រោយ​ការ​ឃុំខ្លួន​តាំងពី​ដើមខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​អស់​រយៈពេល​ជាង​១ឆ្នាំ​ដោយ​មិន​មាន​ការ​កាត់ទោស​ ​លោក​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅឃុំ​នៅក្នុង​ផ្ទះរបស់​លោកវិញ​ ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​។

ក្រោយ​ការ​ចាប់​និង​ឃុំ​ខ្លួន​លោក​ កឹម សុខា​ ជា​បន្ត​បន្ទាប់​ទាំង​ក្នុង​ពន្ធនាគារ​និង​ក្នុង​ផ្ទះ​គេ​ឃើញ​អង្គការ​អន្តរជាតិ​ផ្នែក​ការ​ពារ​សិទ្ធិមនុស្ស​ ​និង​សហគមន៍​អន្តរជាតិ​ជាច្រើន​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​ លោក​ កឹម​ សុខា​ ដោយ​ឥត​លក្ខខណ្ឌ។

យ៉ាងណា​ក្តី​ ​ក្រុម​មន្រ្តី​ជាន់ខ្ពស់​រដ្ឋា​ភិបាល​បាន​ចេញ​មុខ​ការពារ​ចំណាត់​ការ​ឃុំខ្លួន​លោក​ ​កឹម សុខា​ ​ថា​ធ្វើ​ឡើង​ទៅ​តាមច្បាប់ ​ស្រប​តាម​ប្រទេស​នីតិ​រដ្ឋ​ប៉ុណ្ណោះ។

ការបង្ហោះ​សារ​ផ្សេងៗ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ដែលបាន​បញ្ចេញ​យោបល់​លើ​នយោ​បាយ​កម្ពុជា ព្រម​ទាំង​ការរិះគន់​រដ្ឋា​ភិបាល​កម្ពុជា​ជាបន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ ធ្វើ​ឡើង ​ខណៈ​ដែល​សហភាព​អឺរ៉ុបបាន​បញ្ជាក់​កាល​ពី​សប្តាហ៍​មុន​ថា​ ខ្លួន​បាន​ចាប់ផ្តើម​ដើរ​ទៅមុខ​ឆ្ពោះ​ទៅ​រក​ការ​ដក​ជា​បណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ដែល​មាន​ឈ្មោះ​ថា «រាល់​មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ‍» (EBA) ដោយសារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ។

សហភាព​អឺរ៉ុប​បាន​ទុក​ឱកាស​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​លម្អ​ស្ថានការណ៍​ប្រជាធិបតេយ្យ​ មុន​ពេល​ដែល​ការ​ដកហូត​ឋានៈ​អនុគ្រោះពន្ធ​នេះ​ចូល​ជា​ធរមាន​ ​ក្នុ​ងរយៈពេល​១៨ខែ​ទៀត​ គឺ​នៅ​ខែ​សីហា​ឆ្នាំ​២០២០​។

លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ គឺ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស ​សិទ្ធិ​សហជីព ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ ក្នុង​នោះ​មាន​ការ​ដោះលែង​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​គេហដ្ឋាន​របស់​លោក ​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ៕

XS
SM
MD
LG