ក្រោយ១ថ្ងៃដែលស្ថានទូតស.រ.អា ចាត់ទុកថា ការឃុំខ្លួនលោក កឹម សុខាមេដឹកនាំ ក្រុមជំទាស់ជារឿងអយុត្តិធម៌ ហើយថា លោកជាមនុស្សស្អាតស្អំផងនោះ រដ្ឋាភិបាល កម្ពុជាបានប្រតិកម្មតបនៅថ្ងៃនេះថា សាររបស់ស្ថានទូតស.រ.អា.ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងផ្ទុយពីច្បាប់ការទូត។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃនេះ បានបញ្ជាក់ពីការភ្ញាក់ផ្អើល ដោយនិយាយថា ទង្វើស្ថានទូតស.រ.អា.ជាការមិនគោរពអធិបតេយ្យភាពកម្ពុជានិងគ្មានលក្ខណៈការទូត។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់តាមខ្លឹមសារដើមថា៖
«ទង្វើក្នុងទិសដៅលម្អៀងបែបនេះរបស់ស្ថានទូតស.រ.អា.គឺផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ប្រទេសទាំងពីរ ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីដែលបម្រើដល់ប្រយោជន៍រួមរបស់ប្រទេសនិងប្រជាជនទាំងពីរ»។
សារតាមប្រព័ន្ធសង្គម Facebook របស់ស្ថានទូតស.រ.អា. កាលពីថ្ងៃសុក្រ បានចាប់ផ្តើមពីសំណួរថា «តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត១៨ខែមកហើយ? វាមានរយៈពេល៥៣០ថ្ងៃនៃការជាប់ឃុំ»។
សារដដែលបានសង្កត់ធ្ងន់ថា៖ «(លោក កឹម សុខា) គាត់ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។ មិនមានភស្តុតាងណាមួយប្រឆាំងនឹងគាត់ឡើយ ហើយក៏មិនទាន់មានការកំណត់បើកសវនាការកាត់ទោសគាត់ដែរ។ គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌។ តើអ្នកកំពុងមើលឃើញរូបភាពរួមទេ?»
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានលើកយកអនុសញ្ញាទីក្រុងវីយេនឆ្នាំ១៩៦១ស្តីពីទំនាក់ទំនងការទូតមកក្រើនរំឭកស្ថានទូត ស.រ.អា. ហើយបានទាមទារឲ្យស្ថានទូតបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលមានហេតុផលនយោបាយ និងគ្មានការទូតនេះ និងបានប្តេជ្ញាលើកកម្ពស់នីតិរដ្ឋ ថែរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ ដែលប្រជាជនកម្ពុជាកំពុងទទួលបាននាពេលនេះ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីយប់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ ដោយចោទលោកថា បានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ។ ហើយក្រោយមកត្រូវបានដោះលែងឲ្យស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះវិញ ដោយសារអ្វីមួយដែលក្រុមមន្ត្រីថា ក្រោមហេតុផលសុខភាព។
ទាំងលោក កឹម សុខា ទាំងគណបក្សសង្គ្រោះជាតិ និងទាំងសហរដ្ឋអាមេរិក សុទ្ធតែបានបដិសេធបទចោទទាំងនោះថា ជារឿងមិនពិត។ ជាមួយនឹងការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មបុគ្គលផង បណ្ដារដ្ឋាភិបាលលោកខាងលិចក៏បានថ្កោលទោសសកម្មភាពបង្ក្រាបនេះផងដែរ ដោយពួកគេ និងអ្នកឃ្លាំមើលផ្សេងទៀតចាត់ទុកថា វាជាវិធីផាត់ចេញនូវគូប្រជែងផ្នែកនយោបាយនៅមុនការបោះឆ្នោតឈានចូលមកដល់ ហើយកំពុងទាមទារឲ្យមានការស្តារសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញ តែរដ្ឋាភិបាលកម្ពុជាបានអះអាងថា នឹងមិនឱនក្បាលជាមួយបរទេស និងមិនយកអធិបតេយ្យភាពដូរនឹងជំនួយនោះឡើយ៕