លោក គង់ គាំ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអតីតទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានបក្សជំទាស់ បានបញ្ជាក់ប្រាប់ តុលាការរាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធនេះថា លោកមិនបានដឹងថា លោកកឹម សុខាមានជាប់ពាក់ព័ន្ធជាមួយបរទសក្នុងការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលនោះទេ។
លោក គង់ គាំ ត្រូវបានចៅក្រមស៊ើបសួរលោក គី ឫទ្ធី កោះហៅឱ្យចូលឆ្លើយបំភ្លឺនៅតុលាការក្នុងនាមជាសាក្សីក្នុងសំណុំរឿងដែលតុលាការចោទលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិពីបទក្បត់ជាតិតាមដីកាកោះដែលចេញកាលពីចុងខែធ្នូឆ្នាំ២០១៨។
ក្រោយចេញពីការបំភ្លឺនៅតុលាការនាព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០១៩នេះ លោកគង់ គាំ អតីតមន្រ្តី និងជាទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកសារព័ត៌មាននៅខាងមុខតុលាការថា ចៅក្រមបានសួរអំពីទំនាក់ទំនងការងាររវាងលោក លោកកឹម សុខា និងលោកសម រង្ស៊ី។ លោកបន្ថែមថា លោកបានឆ្លើយប្រាប់ចៅក្រមថា លោកមិនបានដឹងរឿងដែលថា លោកកឹម សុខាមានជាប់ពាក់ព័ន្ធនឹងបរទេសនោះទេ ប៉ុន្តែលោកថា លោកមានការភ្ញាក់ផ្អើលដោយឃើញការថ្លែងរបស់លោកកឹម សុខាក្នុងវីដេអូមួយដែលតុលាការបានយកធ្វើជាភស្តុតាងក្នុងការចោទប្រកាន់លោកកឹម សុខា។
លោកបានបញ្ជាក់ពីមូលហេតុដែលតុលាការកោះហៅលោកមកឆ្លើយបំភ្លឺ។ លោកនិយាយថា៖
«ព្រោះខ្ញុំជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលគេយល់ថា ខ្ញុំអាចដឹងបញ្ហារបស់ថ្នាក់ដឹកនាំសង្គ្រោះជាតិ មានប្រធានសម រង្ស៊ី និងកឹម សុខាហ្នឹង។ ដូចខ្ញុំបញ្ជាក់អ៊ីចឹងថា ខ្ញុំពិតជាមិនបានដឹង គ្មានឯកសារ ហើយនឹងមិនបានដឹងច្រើនដូចលោកសម រង្ស៊ីដែលថា អ្វីៗទាំងអស់មានតែគាត់ទេជាអ្នកដឹងច្រើនជាងគេ»។
លោក កឹម សុខា ប្រធានគណបក្សប្រឆាំងគឺជាអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអតីតប្រធានគណបក្សសិទ្ធិមនុស្ស នៅមុនពេលដែលលោកសម្រេចបញ្ចូលគណបក្សសិទ្ធិមនុស្សជាមួយគណបក្សសម រង្ស៊ី បង្កើតជាគណបក្សសង្គ្រោះជាតិ។
លោកកឹម សុខាត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្តាលយប់រំលងអាធ្រាត្រ កាលពីដើមខែកញ្ញាឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬស្មើនឹងបទក្បត់ជាតិ បន្ទាប់ពីតុលាការយោងលើវីដេអូឃ្លីបមួយដែលលោកកឹម សុខាបានថ្លែងទៅកាន់អ្នកគាំទ្រខ្លួនឯប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០១៣។ ក្នុងវីដេអូឃ្លីបនោះ លោក កឹម សុខា បានលើកឡើងអំពីយុទ្ធសាស្រ្តនៃការផ្តួលរំលំមេដឹកនាំផ្តាច់ការ។
ក្រោយការចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុងឯខេត្តត្បូងឃ្មុំអស់រយៈពេលជាង១ឆ្នាំ លោក កឹម សុខា ត្រូវបានអាជ្ញាធរបញ្ជាឲ្យបញ្ជូនត្រឡប់ទៅឃុំក្នុងផ្ទះវិញ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះ លោកត្រូវបានឃុំខ្លួនទាំងក្នុងពន្ធនាគារ និងក្នុងផ្ទះសរុបអស់រយៈពេលជិត១៦ខែ ដោយមិនទាន់មានការកាត់ទោសណាមួយនៅឡើយ។
ក្រៅពីលោក គង់ គាំ តុលាការក៏បានកោះហៅសាក្សីមួយចំនួនទៀតដែលភាគច្រើនជាសាក្សីដោះបន្ទុកឲ្យលោក កឹម សុខា ក្នុងនោះរួមមានមន្រ្តីសង្គមស៊ីវិលផងដែរ។
ក្រោយការចេញដីកាកោះហៅលោក គង់ គាំ ឲ្យចូលបំភ្លឺ លោក សម រង្ស៊ី មេដឹកនាំស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅក្រៅប្រទេស បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ដោយរិះគន់តុលាការកម្ពុជាថា ធ្វើតាមការបញ្ជារបស់អ្នកមានអំណាចទាក់ទងនឹងរឿងនយោបាយផ្សេងៗ។ លោក សម រង្ស៊ី បន្ថែមក្នុងសារនោះថា តុលាការមិនគួរកោះហៅលោក គង់ គាំ នោះទេ។លោកនិយាយថា លោក គង់ គាំ មិនដឹងរឿងឡើយ។
ប៉ុន្តែលោក សម រង្ស៊ី បានអះអាងថា លោកជាអ្នកដឹងរឿងច្រើនជាងគេបង្អស់ ហើយលោកក៏ជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេបង្អស់ដែរ ពីព្រោះលោកជាអ្នកធ្វើសេចក្តីសម្រេចចុងក្រោយក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិ។
លោកបញ្ជាក់ក្នុងន័យដើមថា៖
«បើចង់ស៊ើបអង្កេតស៊ីជម្រៅក្នុងសំណុំរឿងចោទប្រកាន់លោកកឹម សុខាពីបទល្មើសទាំងពីរដូចបានបញ្ជាក់ខាងលើនេះ តុលាការអាយ៉ងត្រូវតែហៅខ្ញុំ សម រង្ស៊ីមកសាកសួរមុនគេបង្អស់។ ខ្ញុំយល់ព្រមផ្តល់ព័ត៌មានពាក់ព័ន្ធសំណុំរឿងលោកកឹម សុខាជូនតុលាការអាយ៉ង តាមរយៈប្រព័ន្ធវីដេអូ Skype ពីសហរដ្ឋអាមេរិក ដែលខ្ញុំកំពុងតែស្ថិតនៅពេលនេះ»។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនបានឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងការថ្លែងរបស់លោកគង់ គាំ ឬលោកសម រង្ស៊ីនោះទេ ប៉ុន្តែលោកបានប្រាប់ VOA តាមរយៈបណ្តាញសង្គមតេឡេក្រាមថា៖
«ចៅក្រមស៊ើបសួរជាអ្នកដែលមានអំណាចនៅក្នុងការស៊ើបសួរដើម្បីជាប្រយោជន៍ដល់រឿងក្តី ដោយរក្សាការសម្ងាត់នៃការស៊ើបសួរ»។
លោក ផែង ហេង មេធាវីមួយរូបក្នុងចំណោមបួនរូបដែលការពារក្តីឲ្យលោក កឹម សុខា លើកឡើងថា រហូតមកដល់ពេលនេះ តុលាការនៅបន្តការសាកសួរក្នុងសំណុំរឿងលោក កឹម សុខា តែលោកថា មិនទាន់មានដំណឹងពីការបើកសវនាការនៅឡើយ។
លោកបញ្ជាក់ថា៖
«ការដែលកោះហៅសាក្សីថ្មី ឯកឧត្តម គង់ គាំនេះគឺជាដំណាក់កាលបំពេញកិច្ចរបស់ចៅក្រមតាមការស្នើសុំរបស់តំណាងអយ្យការ។ អ៊ីចឹងយើងមិនដឹងថាចៅក្រមស៊ើបសួរបិទការស៊ើបសួរនៅពេលណាទេ។ យើងអត់ដឹងច្បាស់ទេចំណុចហ្នឹង។ មិនដឹងថា គាត់ហៅសាក្សីណាទៀត ឬគាត់ត្រូវបញ្ចប់? ធម្មតានីតិវិធីកាលណាសួរចប់ គាត់ត្រូវចេញដីកាដំណោះស្រាយចុងក្រោយមួយថា ត្រូវទម្លាក់ចោលបទចោទ ឬក៏បញ្ជូនទៅជម្រះ»។
ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា ដដែលនេះ ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានដាក់បណ្តឹងជាលើកទី៣ កាលពីខែធ្នូ ឆ្នាំ២០១៨ ស្នើឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ប៉ុន្តែលោក ផែង ហេង ប្រាប់ថាតុលាការបានច្រានចោលបណ្តឹងនោះ ដោយលើកមូលហេតុថា តុលាការមិនទាន់បញ្ចប់ការសាកសួរនៅឡើយ។
បើទោះជាលោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ និងដាក់ឲ្យស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះជំនួសវិញក៏ដោយ ក៏អង្គការអន្តរជាតិផ្នែកការពារសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិជាច្រើននៅតែទាមទារឲ្យមានការទម្លាក់ចោលបទចោទលើ លោក កឹម សុខា ដោយឥតលក្ខខណ្ឌ៕