ក្រសួងមហាផ្ទៃបានពិនិត្យមើលខ្លឹមសារចុងក្រោយនៃសេចក្ដីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅថ្ងៃអង្គារនេះមុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីឱ្យពិនិត្យនិងសម្រេច។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានប្រាប់ VOA ថាច្បាប់នេះមិនទាន់មកដល់គណៈរដ្ឋមន្ត្រីនៅឡើយទេ៖
«ខ្ញុំដឹងកាលពីព្រឹកមិញនេះគឺថាមានការប្រជុំក្រោមអធិបតីភាពឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង ដើម្បី ពិនិត្យមើលច្បាប់ហ្នឹង។ ខ្ញុំមិនហ៊ានថាចុងក្រោយទេប៉ុន្តែបើតាមការដឹងរបស់មន្ត្រីដែលចូលរួមនោះគេថាជាការពិនិត្យមើលទាំងពាក្យនៃកិច្ចតែងសេចក្តីក៏ដូចជាគោលដៅហើយនឹងអ្វីដែលនឹងឆ្លើយតបនឹងខ្លឹមសារនៃច្បាប់។ អាស្រ័យហេតុដូច្នេះអ្វីដែលយើងដឹងពីព្រឹកមិញយើងគ្រាន់ប្រហែលថាគេអាចបញ្ចប់ការមើល គេកែហើយគេនឹងបញ្ជូនមកទីស្តីការគណៈរដ្ឋមន្ត្រី ប៉ុន្តែនៅម៉ោងប្រាំពេលដែលខ្ញុំនៅក្នុងការិយាល័យរបស់ខ្ញុំយើងអត់ទទួលបានទេ»។
អង្គការសង្គមស៊ីវិលក្នុងស្រុកនិងអន្តរជាតិបានសម្តែងការជំទាស់នឹងការចេញច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលហើយព្រមានឲ្យដឹងកាលពីថ្ងៃច័ន្ទថាការអនុម័តច្បាប់នេះដោយមិនមានការចូលរួមពិគ្រោះយោបល់ពីអង្គការពាក់ព័ន្ធវានឹងអាចធ្វើឲ្យផលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិទាំងមូល។
ពួកគេលើកឡើងថាច្បាប់នេះនឹងប៉ះពាល់ដល់គម្រោងជាង៤.០០០របស់អង្គការសង្គមស៊ីវិលនានាដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ ជាងនេះទៀតវាអាចធ្វើឲ្យមនុស្សជាង១លាននាក់ប្រឈមនឹងការបាត់បង់ការងារធ្វើ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងចេតនាជំរុញច្បាប់នេះមានការអនុម័តឲ្យបាននាខែឧសភានេះជាកំហិតហើយគំរាមដាក់ខ្នោះជនណាដែលមិនគោរពតាមពេលដែលច្បាប់នេះត្រូវដាក់ឱ្យអនុវត្ត៕