លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជារបស់ អង្គការសហប្រជាជាតិ នឹងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភាខាងមុខនេះ ដើម្បីពិនិត្យមើលដោយផ្ទាល់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
ការអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជានេះធ្វើឡើងបន្ទាប់ពីលោកស្រីត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប តែងតាំងជំនួសលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី នៅខែមិនាឆ្នាំ២០១៥ ដើម្បីឃ្លាំមើលដំណើរវិវត្តន៍សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យសិទ្ធិមនុស្ស អ.ស.បដដែលបញ្ជាក់ថា លោកស្រី ស្មីត ដែលជាសាស្រ្តាចារ្យផ្នែកសិទ្ធិមនុស្សអន្តរជាតិនៅចក្រភពអង់គ្លេស គ្រោងនឹងជួបមន្ត្រីរដ្ឋាភិបាលកម្ពុជាព្រមទាំងក្រុមអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សាលើកិច្ចការសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
លោកស្រីមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖ «ខ្ញុំមានបំណងចង់ជួបពិភាក្សាជាមួយក្រុមមនុស្សជាច្រើននៅក្នុងជួររដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីឲ្យខ្ញុំអាចយល់កាន់តែច្បាស់អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា»។
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី ដែលបានកាន់ការងារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានបញ្ចប់បេសកកម្មរបស់លោកក្នុងរយៈពេល៦ឆ្នាំ ដោយបានវាយតម្លៃថាស្ថានភាពសិទ្ធិមនុស្សមានភាពល្អប្រសើរនៅត្រង់ថា ប្រជាពលរដ្ឋខ្មែរមានភាពក្លាហានក្នុងការហ៊ានប្រឆាំងនឹងអំពើអយុត្តិធម៌ ខណៈពេលដែលយុវជនមានសេចក្តីក្លាហានច្រើនក្នុងការចូលរួមសកម្មភាពសង្គម។
ប៉ុន្តែលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី យល់ថា ការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិនៅពុំទាន់មានភាពល្អប្រសើរនៅឡើយ រីឯស្ថាប័នតុលាការក៏ពុំទាន់បានផ្តល់យុត្តិធម៌តាមការទាមទាររបស់ប្រជាពលរដ្ឋកម្ពុជាដែរ។
លោក នី ចរិយា ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក ត្រៀមនឹងលើកយកបញ្ហាសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយនឹងបញ្ហានិទណ្ឌភាពដែលកើតមានក្នុងសង្គមកម្ពុជា នៅពេលដែលលោកស្រី ស្មីត មកដល់ប្រទេសកម្ពុជា។
លោកនិយាយថា៖ «យើងនឹងផ្តោតទៅលើទាក់ទងសេរីភាពនៃការសម្តែងមតិជាមួយនឹងអំពើនិទណ្ឌភាព ជាពិសេសកំណែទម្រង់តុលាការនេះឯង»។
លោកបន្ថែមថា៖ «យើងលើកបញ្ហាទាក់ទងទៅនឹងការដែលមន្ត្រីកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលបាញ់សម្លាប់ទៅលើពលករ ដែលកើតឡើងកាលពីដើមឆ្នាំ២០១៤ ដូចជាស្ពានក្បាលថ្នល់ និងលើផ្លូវវេងស្រេងជាដើម»។
នៅក្នុងព្រឹត្តិការណ៍បង្ក្រាបដ៏ហិង្សាពីក្រុមសមត្ថកិច្ចកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅលើស្ពានក្បាលថ្នល់ មនុស្សម្នាក់បានស្លាប់ និងយ៉ាងតិច១០នាក់ផ្សេងទៀតត្រូវកងកម្លាំងមានសមត្ថកិច្ចបាញ់ឲ្យរងរបួស។ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មានមនុស្សយ៉ាងហោចណាស់ប្រាំនាក់បានស្លាប់ និង២៣នាក់ផ្សេងទៀតបានរងរបួសនៅក្នុងព្រឹត្តិការណ៍បង្រ្កាបបាតុកម្ម ដោយការបាញ់រះមួយដោយក្រុមសមត្ថកិច្ចនៅតំបន់សួនឧស្សហកម្មកាត់ដេរកាណាឌីយ៉ាក្នុងទីក្រុងភ្នំពេញ៕