ពួកអ្នកស្រាវជ្រាវនៅទូទាំងពិភពលោកប្រញាប់ប្រញាល់អភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា ហើយអង្គការសុខភាពពិភពលោកបានតាមដានការធ្វើវ៉ាក់សាំងចំនួន១៧០ប្រភេទ។
ពួកអ្នកវិទ្យាសាស្ត្រសម្តែងការទុកចិត្តថា វ៉ាក់សាំងមានប្រសិទ្ធភាពនឹងត្រូវអភិវឌ្ឍលឿនជាងរំពឹងទុកនៅពេលការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បានលេចឡើងជាលើកដំបូង។ ក៏ប៉ុន្តែសេចក្តីសង្ឃឹមនេះក៏មានលាយឡំនឹងកំណើនកង្វល់ដែលថា រដ្ឋាភិបាលមិនបានចំណាយគ្រប់គ្រាន់ដើម្បីបញ្ចៀសកុំឱ្យខ្វះដូសឬខ្នាតកម្រិតថ្នាំវ៉ាក់សាំងនេះទេ។ ហើយរដ្ឋាភិបាលក៏មិនបានគ្រោងឱ្យបានគ្រប់គ្រាន់អំពីឧបសគ្គខាងភស្តុភារដែរ។
ពួកអ្នកវិភាគស្ទង់ប្រមាណថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានវិនិយោគក្នុងការផ្តល់វ៉ាក់សាំងគ្រាប់គ្រាន់សម្រាប់តែពាក់កណ្តាលប៉ុណ្ណោះនៃប្រជាជនក្នុងពិភពលោកជិត៨ពាន់លាននាក់។ ពួកប្រទេសនានាកំពុងប្រញាប់ប្រញាល់ចុះហត្ថលេខាជាមួយក្រុមហ៊ុនឱសថលើកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងដោយរង់ចាំវ៉ាក់សាំងដែលនឹងធ្វើការពិសោធន៍ខាងគ្លីនិកដោយជោគជ័យ។
ប្រទេសជាង១៧០កំពុងចូលរួមក្នុងការចរចាដែលមើលការខុសត្រូវដោយអង្គការសុខភាពពិភពលោក (WHO) និងមានការទាក់ទិនជាមួយអង្គការសម្ព័ន្ធភាពវ៉ាក់សាំង (The Vaccine Alliance) ដែលជាក្រុមមួយបង្កើតដោយលោក Bill និងលោកស្រី Melinda Gates មានគោលដៅជួយផលិតនិងចែកចាយវ៉ាក់សាំងដោយសមធម៌។
ស.រ.អា.បានប្រកែកមិនចូលរូមក្នុងការផ្តើមគំនិតនេះទេ មួយផ្នែកពីព្រោះគម្រោងការនេះដឹកនាំដោយអង្គការសុខភាពពិភពលោក ដែលរដ្ឋបាល Donald Trump (ដូណាល់ ត្រាំ)ចោទប្រកាន់ថា បានចាត់ការមិនល្អក្នុងការទប់ទល់នឹងជំងឺកូវីដ១៩នៅពេលដំបូង។
ការស្វះស្វែងបង្កើតវ៉ាក់សាំងដោយខ្លួនឯង ក៏ប៉ុន្តែស.រ.អា.មិនមែនជាប្រទេសតែមួយដែលរារែកក្នុងការគាំទ្រការផ្តើមគំនិតសាកលនេះទេ។ ប្រទេសឯទៀតៗដែលមិនទុកចិត្តគ្នាខ្លាំងឡើងៗ ប្រញាប់ប្រញាល់ធ្វើឱ្យប្រាកដថា ប្រជាជនររបស់ពួកគេផ្ទាល់មិនខកខានក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ទេ ទោះណាជាពួកគេសម្តែងការយកចិត្តទុកដាក់ជាផ្លូវការក្នុងការចរចាអំពីការចែកចាយវ៉ាក់សាំងនេះដោយសមធ៌មក៏ដោយ។
រដ្ឋាភិបាលអង់គ្លេសកំពុងមមារញឹកទិញវ៉ាក់សាំងយ៉ាងច្រើនដែលខ្លួនអាចទិញបាននៅពេលវ៉ាក់សាំងទាំងនេះកំពុងត្រូវអភិវឌ្ឍ។
កាលពីខែមុន រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ខ្លួនបានធ្វើកិច្ចសន្យាទិញ៩០លានដូសនៃវ៉ាក់សាំងកូវីដ១៩ពីក្រុមហ៊ុនបរទេសនៅពេលខ្លួនជ្រើសរើសវ៉ាក់សាំងណាមួយដែលអាចមានប្រសិទ្ធភាព ប្រសិនបើវ៉ាក់សាំងអង់គ្លេសគ្មានជោគជ័យ។
លោក Alok Sharma រដ្ឋមន្ត្រីធុរកិច្ចនៃចក្រភាពអង់គ្លេសបាននិយាយថា រដ្ឋាភិបាលត្រូវធ្វើ«អ្វីទាំងអស់យើងអាចធ្វើបានដើម្បីធ្វើឱ្យប្រាកដថា សាធារណជនអង់គ្លេសអាចទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងពេលឆាប់តាមអាចធ្វើបាន»។
ដូចពួកសមភាគីលោកនៅក្នុងប្រទេសឯទៀតៗដែរលោក Sharma បារម្ភថា ចក្រភពអង់គ្លេសនឹងចាញ់គេ បើមិនប្រញាប់ប្រញាល់ទិញវ៉ាក់សាំងនេះឱ្យបានមុនគេទេនោះ។
ជាសរុប ចក្រភពអង់គ្លេសរហូតដល់ពេលនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៦សម្រាប់ទិញវ៉ាក់សាំងនេះសរុបចំនួន៣៤០លានដូស។ មន្ត្រីអង់គ្លេសជាន់ខ្ពស់ម្នាក់បាននិយាយប្រាប់វីអូអេថា៖ «នឹងមានការប្រញាប់ប្រញាល់នៅទូទាំងពិភពលោកចង់បានវ៉ាក់សាំងនេះ ដូចគ្នានៅពេលការរាតត្បាតនៃជំងឺកូវីដ១៩ចាប់ផ្តើម ដែលពេលនោះមានការប្រញាប់ប្រញាល់ទិញសម្ភារៈការពារខ្លួន PPE និងការទិញសារធាតុ reagents សម្រាប់ការធ្វើតេស្តរកវីរុសនេះ»។ លោកបាននិយាយបន្ថែមទៀតថា៖«ពួកអ្នកបោះឆ្នោតយើងមិនអត់ឱនឱ្យយើងទេ ប្រសិនបើយើងមិនប្រាកដជាធ្វើឱ្យមានវ៉ាក់សាំងគ្រប់គ្រាន់ដែលពួកគេត្រូវការ»។
ពួកអ្នកវិភាគនិងក្រុមអ្នកជំនាញខាងវ៉ាក់សាំងនិយាយថា ចក្រភពអង់គ្លេសមិនមែនជាប្រទេសតែមួយទេដែលស្វះស្វែងទិញវ៉ាក់សាំងនេះទេ ហើយគេអាចយល់បានអំពីការបារម្ភអំពីការបាត់បង់មិនបានថ្នាំនេះមកចាក់ ជាពិសេសនៅពេលមានការខ្វះវ៉ាក់សាំងនេះ ដោយសារខ្វះសមត្ថភាពផលិត។
ការខ្វះការផ្គត់ផ្គង់
លោក Peter Piot ជាព្រឹទ្ធបុរសមហាវិទ្យាល័យខាងអនាម័យ និងវេជ្ជសាស្ត្រតំបន់ត្រូពិកក្នុងទីក្រុងឡុងដ៍។ លោកបានព្រមានកាលពីពេលថ្មីៗនេះថា នឹងគ្មានកូនដបតូចៗដើម្បីដាក់វ៉ាក់សាំងតាមចំនួនដែលគេត្រូវការជាសាកលនៅពេលនេះទេ ដោយសារការផលិតមានកម្រិត។ លោក Peter Piot បានថ្លែងថា៖ «នៅពេលពួកអ្នកនយោបាយខ្លះឬឥស្សរជនខាងសុខាភិបាលសាធារណៈខ្លះនិយាយថា យើងត្រូវការធ្វើកិច្ចការទាំងនេះហើយនៅឆ្នាំក្រោយយើងនឹងមានវ៉ាក់សាំងហើយយើងនឹងវិលត្រឡប់ទៅកាន់ស្ថានភាពធម្មតាវិញ។ ខ្ញុំយល់ថា មិនមែនដូចការនិយាយដូច្នេះទេ»។
លោក Peter Piot ដែលផ្តល់ការណែនាំដល់គណៈកម្មការអឺរ៉ុបបានព្រមានអំពី«ជាតិនិយមខាងការអភិវឌ្ឍវ៉ាក់សាំង»។ ក៏ប៉ុន្តែនៅពេលមានការចរចាគ្នាតទៅទៀតដើម្បីស្វែងរកវិធីធ្វើឱ្យមានវ៉ាក់សាំងដោយសមធម៌ រដ្ឋាភិបាលមួយចំនួនតូច ជាពិសេសរដ្ឋាភិបាលមានធនធានច្រើន បានកេងចំណេញពីការចែកដោយសមធម៍ដោយកំណត់ទិញ ស្តុក វ៉ាក់សាំង ហើយពួកគេបានធ្វើមុនកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក ដោយទិញស្តុកវ៉ាក់សាំងនេះរួចស្រេចហើយ។
កាលពីដើមខែកញ្ញា ពួកអ្នកនយោបាយប្រឆាំងនៅអូស្ត្រាលីបានព្រមានថា ប្រទេសអូស្ត្រាលីនៅពីក្រោយប្រទេសខ្លះក្នុងការចាត់វិធានការធ្វើឱ្យប្រាកដថា មានវ៉ាក់សាំងនេះគ្រប់គ្រាន់ ហើយនឹងត្រូរង់ចាំយូរជាងប្រទេសឯទៀតៗដើម្បីទទួលបានវ៉ាក់សាំងនេះ។
លោក Chris Bowen ជាអ្នកនាំពាក្យខាងសុខាភិបាលរបស់ក្រុមប្រឆាំងនៅអូស្ត្រាលី។ លោកបាននិយាយអះអាងថា ប្រទេសអូស្ត្រាលី«នៅក្រោយគេក្នុងការឈរតម្រង់ជួរ»ទទួលវ៉ាក់សាំងនេះដោយលោកបានកត់សម្គាល់ថា ប្រទេសជប៉ុននិងប្រទេសមួយចំនួនទៀតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំងនេះហើយ។ លោកបានថ្លែងបន្ថែមថា៖«យើងមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយទេ។ យើងត្រូវតែពិភាក្សាអំពីការទិញវ៉ាក់សាំង។ យើងត្រូវតែចុះហតក្ថលេខាទិញវ៉ាក់សាំង។ យើងត្រូវផ្តល់ប្រាក់សម្រាប់ធ្វើការស្រាវជ្រាវ»។
រដ្ឋាភិបាលកាណាដាបានប្រកាសកាលពីថ្ងៃចន្ទ ទី៣១ ខែសីហាថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថអាមេរិកាំងពីរគឺក្រុមហ៊ុន Novavax និងក្រុមហ៊ុន Johnson & Johnson ដើម្បីទិញវ៉ាក់សាំងដល់ទៅ១១៤លានដូសដែលកំពុងត្រូវបានអភិវឌ្ឍ។ ប្រទេសឥណ្ឌានិងប្រទេសជប៉ុនឋិតនៅក្នុងចំណោមពួកប្រទេសឯទៀតៗដែលបានធ្វើឱ្យមានការព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុនNovavax ដែរ។
ទីភ្នាក់ងារព័តមាន Kyodo បានរាយការណ៍ថា ប្រទេសជប៉ុនបានព្រមព្រៀងជាមួយក្រុមហ៊ុនឱសថ AstraZeneca ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ចំនួន១២០លានដូសដែលកំពុងត្រូវបានអភិវឌ្ឍដោយសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។ ប្រទេសជប៉ុនក៏បានយល់ព្រមទិញវ៉ាក់សាំងកូវីដ១៩ចំនួន១២០លានដូសពីក្រុមហ៊ុនឱសថ Pfizer និងដៃគូគឺក្រុមហ៊ុន BioNTech សម្រាប់មនុស្ស៦០លាននាក់នៅដំណាច់ខែមិថុនាឆ្នាំក្រោយប្រសិនបើក្រុមហ៊ុនទាំងពីរនេះមានជោគជ័យក្នុងការអភិវឌ្ឍវ៉ាក់សាំង៕
ប្រែសម្រួលដោយលោកឈឹម សុមេធ