ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការទូត​អាមេរិក​ជំរុញ​ឲ្យ​សារព័ត៌មាន​ឯករាជ្យ​កម្ពុជា​​ដែល​នៅ​សល់​ ខិតខំ​បន្ត​ការងារ​របស់​ខ្លួន


លោក Michael Newbill អនុប្រធានបេសកកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងអំឡុងពេលសិក្ខាសិលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅក្រុងភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក Michael Newbill អនុប្រធានបេសកកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងអំឡុងពេលសិក្ខាសិលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅក្រុងភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ខណៈ​ដែល​សិទ្ធិ​សេរី​ភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​រួម​តូច​ទៅៗ អ្នក​ការទូត​អាមេរិក​ អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ឯករាជ្យ​ដែល​នៅ​សេសសល់​តែ​បន្តិចបន្តួច ​ឲ្យ​បន្ត​ការងារ​របស់​ខ្លួន​ក្នុង​ការ​ផ្សព្វផ្សាយ​និង​រាយការណ៍​ព័ត៌មាន​ពិត​ក្នុង​សង្គម​ ជូន​ដល់​ប្រជាពលរដ្ឋ​​​កម្ពុជា​តទៅ​ទៀត​។

​តំណាង​ស្ថានទូត​សហរដ្ឋ​អាមេរិក លោក​ ​Michael Newbill​ ​នៅ​សប្ដាហ៍​នេះ​ ​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ ឲ្យ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា ​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​ដើម្បី​ផ្ដល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ ជូន​ពល​រដ្ឋ​ខ្មែរ​ ខណៈ​ស្ថានភាព​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ស្រុក​ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្រោយ​ការ​បង្ក្រាប​នៅ​ក្នុង​ឆ្នាំ​២០១៧។​

ថ្លែង​នៅ​ក្នុងសិក្ខា​សិលា​ស្តីពី​ ​«ការ​ប្រឆាំង​ព័ត៌មាន​ក្លែង​បន្លំ​សម្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា»​ ​ដែល​រៀបចំ​ដោយ​សារព័ត៌មាន​ថ្មីៗ​និង​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​ Michael Newbill​ ​ភារធារី​នៃ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ថ្លែង​សរសើរ​ពី​សារ​សំខាន់​នៃ​សេរី​ភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ ​និងបង្ហាញ​ពី​ការ​សោកស្ដាយ ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​លុប​បំបាត់​សារព័ត៌មាន​ឯករាជ្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។​

លោក​ ​Michael Newbill​ ​បាន​ថ្លែង​ក្នុង​ន័យ​ដើមថា៖

«បរិយាកាស​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​មួយ​ផ្នែក​ធំ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ ដែល​អ្នក​សារព័ត៌មាន​ត្រូវ​បាន​គេ​រឹតត្បិត​ ​ឬ​ក៏​រឹតត្បិត​ខ្លួន​ឯង​ដើម្បី​រក្សា​ដំណែង​របស់​ពួកគេ»។​

​លោក​ ​Michael​ ​បាន​បន្ត​ថា​សេរី​ភាព​សារព័ត៌មាន​ជា​គ្រឹះ​សំខាន់នៅ​ក្នុង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ ហើយ​ការ​ធ្លាក់​ចុះ​ដ៏​គួរ​ឱ្យ​បារម្ភ​នៃ​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ស្រុក​ ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ដ៏​វ័យ​ក្មេង​នេះ​ផង​ដែរ។​

លោក​បាន​បន្ថែម​ថា៖

«សេរីភាព​សារព័ត៌មាន​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ឥឡូវ​នេះ​នៅ​សល់​តែ​បន្តិច​បន្តួច​ ​មិន​អាច​ចូល​រួមចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​បាន​នោះ​ទេ»។

​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​កាល​ពី​ឆ្នាំ​ទៅ​មិញ​មុន​ការបោះឆ្នោត​ជាតិ​ ​បានធ្វើ​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​មួយ​ទៅលើ​ស្ថាប័ន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​សារព័ត៌មាន​ឯករាជ្យ​ និង​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល។​

បន្ទាប់​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧​ ដែល​លទ្ធផល​បង្ហាញ​ពី​ការ​មាន​ប្រៀប​របស់​គណបក្ស​ប្រឆាំង​ សារព័ត៌មាន​ឯករាជ្យ​មាន​ដូចជា​ ​កាសែត ​ឌឹ​ខេមបូឌា ដេលី​ ​ដែល​ជា​កាសែត​ភាសា​អង់គ្លេស​ឯករាជ្យ ដែល​បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​១៩៩០​ ​ត្រូវ​បាន​បិទ រួមទាំង​ស្ថានីយ​វិទ្យុ​ជាង​៣០​ស្ថានីយ​ផ្សេង​ទៀត។​

មិនតែ​ប៉ុណ្ណោះ​កាល​ពី​ចុង​ខែ​មិថុនា​ មួយ​ខែ​មុន​នឹង​ការ​បោះឆ្នោត​ជាតិ​ចូល​មកដល់ ក្រសួង​សំខាន់ៗ​ចំនួន​បី​គឺ​ក្រសួង​ព័ត៌មាន ​ក្រសួង​មហា​ផ្ទៃ​ និង​ក្រសួង​ប្រៃសណីយ៍​ ​បាន​ចេញប្រកាស​ដើម្បី​តាមដាន ​និង​ចាត់​វិធាន​ការ​លើ​ខ្លឹមសារ​នៃ​ការ​ផ្សព្វ​ផ្សាយ​នានា​តាម​បណ្ដាញ​អ៊ីនធឺណិត​ ​ដែល​មាន​ចេតនា​បង្ក​ជា​ចលាចល​បណ្ដាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ​ ​និង​សណ្ដាប់​ធ្នាប់​សង្គម​ ​គ្រប់​រូប​ភាព​ ​និង​ទម្រង់​ ​ក្នុង​ប្រទេស​កម្ពុជា។​

​បន្ថែម​ពី​នេះ​ ​នៅ​មុន​ការ​បោះ​ឆ្នោត​២​ថ្ងៃ រដ្ឋាភិបាល​បាន​សម្រេច​រាំង​ខ្ទប់​វេបសាយ​មួយ​ចំនួន ក្នុង​នោះ​មាន​វេបសាយ​របស់​ ​VOA​ ​ជា​ភាសា​ខ្មែរ វិទ្យុ​អាស៊ី​សេរី វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ ​(VOD)​ ​និង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផង​ដែរ​ ​ក្រោម​ហេតុ​ផល​ថា​វេបសាយ​ទាំង​នោះ«រំខាន​ដល់​ការ​បោះ​ឆ្នោត»។​

យ៉ាងណា​ក៏​ដោយ​ ​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​លោក​ ​មាស សុភ័ណ្ឌ​ ​ដែល​បាន​ចូល​រួម​សិក្ខា​សិលា​ស្ដីពី​ ​«ការ​ប្រឆាំង​ព័ត៌មាន​ក្លែង​បន្លំ​សម្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា»​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ ​ក៏​បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ ​លោក​ ​Michael Newbill​ ​ភារធារី​នៃ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ ​

លោក​ ​មាស សុភ័ណ្ឌ​ ​អ្នក​តំណាង​ឲ្យ​លោក​ ​ខៀវ កញ្ញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា​ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ កំពុង​លើក​កម្ពស់​និង​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​ ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ​និង​សេរីភាព​របស់​ប្រជាជន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ មាស សុភ័ណ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្លែងអំឡុងពេលសិក្ខាសិលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅក្រុងភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក​ មាស សុភ័ណ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្លែងអំឡុងពេលសិក្ខាសិលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅក្រុងភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា តែងតែ​ចាត់​ទុក​អ្នក​សារព័ត៌មាន​ជា​ដៃ​គូ​ដែល​មិន​អាច​ខ្វះ​បាននៅ​ក្នុង​ការ​ដើរតួ​ជា​កញ្ចក់​ឆ្លុះ​មិន​អាច​ខ្វះ​បាន​ពី​តថភាព​សង្គម​ក្នុង​ការ​បញ្ជូនព័ត៌មាន​ពី​រដ្ឋាភិបាល​ទៅ​ប្រជា​ពល​រដ្ឋ​និង​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ទៅ​រដ្ឋាភិបាល​ដែល​វា​ផ្ទុយ​អំពី​គំនិត​អគតិរបស់​ក្រុម​ប្រឆាំង​មួយ​ចំនួន ​ក្រុម​អគតិ​មួយ​ចំនួន​ដែល​វាយ​តម្លៃ​តែ​មួយ​ជ្រុង​អំពី​ស្ថានភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​អ្នក​តំណាង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​ ​Michael Newbill​ ​បាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​សារព័ត៌មាន​ដែល​នៅ​សេស​សល់​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន ក្នុង​ការ​រាយការណ៍ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​ និង​យុវជន​កម្ពុជា។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​របាយការណ៍​ស្តីពី​សេរីភាព​សារព័ត៌មាន​សាកល​ ​ដែល​ផលិត​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​គ្មាន​ព្រំដែន​ ​កម្ពុជា​បាន​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៣២​ ​ក្នុង​ឆ្នាំ​២០១៧​ ​និង​១៤៧​ ក្នុង​ឆ្នាំ​២០១៨​ ​ក្នុង​ចំណោម​១៨០​ប្រទេស​ ​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​សារព័ត៌មាន​ឯករាជ្យ​និង​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ កាលពី​ឆ្នាំ​២០១៧​៕

XS
SM
MD
LG