ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា ខ្លួន​នឹង​មិន​ត្រួតត្រា​លើ​ការ​ស៊ើបអង្កេត​ករណី​លោក Kavanaugh ទេ


លោក Brett Kavanaugh ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​យុត្តិធម៌​របស់​ព្រឹទ្ធសភា​អាមេរិក នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
លោក Brett Kavanaugh ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​យុត្តិធម៌​របស់​ព្រឹទ្ធសភា​អាមេរិក នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

សេតវិមាន​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​នឹង​មិន​ត្រួតត្រា​លើ​ការ​ស៊ើបអង្កេត​ថ្មី​របស់​ប៉ូលិស FBI លើ​ករណី​បំពាន​ផ្លូវ​ភេទ​របស់​លោក Brett Kavanaugh ទេ។ លោក Kavanaugh ​ត្រូវ​បាន​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ តែងតាំង​សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​អាមេរិក។

អ្នកស្រី Huckabee Sanders អ្នក​នាំពាក្យ​សេតវិមាន​បាន​ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មាន Fox News ថា «ក្រុមប្រឹក្សា​សេតវិមាន​បាន​អនុញ្ញាត​ឲ្យ​ព្រឹទ្ធសភា​ជា​អ្នក​សម្រេច​ទៅ​លើ​ទំហំ​នៃ​ការ​ស៊ើបអង្កេត​នេះ»។ ការ​ស៊ើបអង្កេត​នេះ​គឺ​ជា​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស FBI ទៅ​លើ​ការ​ចោទប្រកាន់​ការ​បំពាន​ផ្លូវភេទ​ពី​សំណាក់​លោកស្រី​ Christine Blassey Ford ទៅលើ​លោក Kavanaugh។

ទាំង​លោក Kavanaugh និង​លោកស្រី Ford បាន​ផ្តល់​សក្ខីកម្ម​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ចៅក្រម​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ លោកស្រី Ford បាន​ប្រាប់​ទៅ​គណៈកម្មាធិការ​ចៅ​ក្រម​ព្រឹទ្ធសភា​ថា លោកស្រី​ច្បាស់​ «១០០%»​ ថា លោក Kavanaugh បាន​បំពាន​ផ្លូវភេទ​លោកស្រី នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​នៅ​ជា​សិស្ស​វិទ្យាល័យ​នៅ​ឡើយ​ក្នុង​ឆ្នាំ​១៩៨២ ខណៈ​ដែល​លោក Kavanaugh បាន​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទប្រកាន់​នេះ។

លោក ត្រាំ បាន​បញ្ជា​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ថ្មី​ទៅ​លើ​ករណី​លោក Kavanaugh កាល​ពី​ថ្ងៃ​សុក្រ ទៅ​តាម​សំណើ​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា។ ការ​សម្រេច​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​នេះ​ត្រូវ​សម្រេច​ដោយ​រដ្ឋបាល​លោក ត្រាំ និង​សមាជិក​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​អះអាង​យ៉ាង​មុតមាំ​ថា លោក Kavanaugh ត្រូវ​បាន​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ៕

XS
SM
MD
LG