លោក Joe Biden កំពុងបន្តនាំមុខគេនៅក្នុងចំណោមបេក្ខជនជាង២០នាក់ ដែលកំពុងប្រជែងគ្នាដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ។
ការស្ទង់មតិមួយរបស់សាកលវិទ្យាល័យ Quinnipiac នៅសប្តាហ៍នេះ បង្ហាញថា លោក Biden មានការគាំទ្រ៣០ភាគរយក្នុងចំណោមអ្នកបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។ បន្ទាប់មកគឺលោក Bernie Sanders ដែលជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Vermont ដែលទទួលបានការគាំទ្រពីអ្នកបោះឆ្នោតចំនួន ១៩ ភាគរយ និងបន្ទាប់មក គឺលោកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Massachusetts ដែលមានការគាំទ្រចំនួន ១៥ភាគរយ។
ការស្ទង់មតិនៅសប្តាហ៍នេះ បានបង្ហាញថាលោក Biden ឈ្នះលោក ត្រាំ យ៉ាងងាយ គឺ ៥៣ ទល់និង ៤០ ភាគរយ បើសិនជាការបោះឆ្នោតធ្វើឡើងនៅសប្តាហ៏នេះ។ ក្នុងការធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅរដ្ឋ Iowa នៅសប្តាហ៍នេះ លោក Biden បន្តផ្តោតលើលោកប្រធានាធិបតីត្រាំ ដោយរិះគន់ថា លោក ត្រាំ នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីបំភ័យអ្នកបោះឆ្នោត និងធ្វើឲ្យមានការស្អប់គ្នា។
លោក ត្រាំ ក៏ផ្តោតទៅលើលោក Biden ដែរ។ លោក ត្រាំ ថ្លែងថា មើលទៅដូចជាគូប្រជែងនិយមឆ្វេងរបស់លោក Biden នឹងយកឈ្នះលោក Biden នៅពេលឆាប់ៗខាងមុខជាមិនខាន៕