ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ព្យាយាម​ចោទ​ប្រកាន់​លោក​ Donald Trump ​នាំ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​បាត់​ការគាំទ្រ


រូបភាព​ឯកសារ៖ លោក​សមាជិក​ព្រឹទ្ធសភា Lindsey Graham ថ្លែង​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​ពី​លោក​រដ្ឋអាជ្ញាពិសេស Robert Mueller រក​មិន​ឃើញ​ភស្តុតាង​ពី​ការ​លូកដៃ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០១៦ នៅ​ក្នុង​វិមានសភា Capitol Hill កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ លោក​សមាជិក​ព្រឹទ្ធសភា Lindsey Graham ថ្លែង​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​ពី​លោក​រដ្ឋអាជ្ញាពិសេស Robert Mueller រក​មិន​ឃើញ​ភស្តុតាង​ពី​ការ​លូកដៃ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០១៦ នៅ​ក្នុង​វិមានសភា Capitol Hill កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

តំណារាស្ត្រ​អាមេរិក​កំពូល​ម្នាក់នៃ​គណបក្ស​សាធារណរដ្ឋ​ បាន​ទស្សន៍​ទាយ​កាល​ពីថ្ងៃ​អាទិត្យ​ថា ប្រសិន​បើ​គណបក្ស​ប្រជាធិបតេយ្យ​កាន់កាប់សភា​ ព្យាយាម​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump នោះ ​លោក​ប្រធានាធិបតី​នឹង​បាន​ជាប់​បោះឆ្នោត​មួយ​អាណត្តិ​ទៀតនៅ​ឆ្នាំ​ក្រោយ​ ហើយ​គណ​បក្ស​សាធារណរដ្ឋ​នឹង​មាន​សំឡេង​ភាគច្រើន​កាន់​កាប់​សភា​វិញ។ ​

លោក​ Lindsey Graham​ សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ​ South Carolina ​ដែល​ជាសម្ព័ន្ធ​មិត្ត​របស់​លោក ​Trump ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ Fox News​ កាលពី​ថ្ងៃអាទិត្យ​ថា​ប្រសិន​បើ​លោកស្រី​ Nancy Pelosi ​ជាមេដឹកនាំ​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ អនុញ្ញាត​ឱ្យមាន​ចាប់​ផ្តើម​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​នោះ​ «វានឹង​ក្លាយ​ជា​ការ​ធ្វើ​អត្តឃាត​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ»។​

លោក ​Graham ​បាន​និយាយ​ថា «ការងារ​របស់​លោកស្រី​ Pelosi ​ស្ថិត​នៅ​លើ​បន្ទាត់​កំណត់​មួយ» ​ដោយ​អាស្រ័យ​ថា​ តើ​ជាយថាហេតុ​ អ្នកស្រី​អាច​បន្ទន់​ចិត្ត​លើ​ការ​អនុញ្ញាត​ឱ្យ​បើក​សវនាការ​ចោទ​ប្រកាន់​ ឬ​យ៉ាង​ណា។​

តំណាង​រាស្ត្រគណបក្ស​ប្រជា​ធិបតេយ្យ​ជាង ​៣០ ​នាក់​ និង​តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ​ម្នាក់​នៅក្នុង​សភា​មាន​ ៤៣៥ ​អាសនៈ​ បាន​អំពាវនាវ​ឱ្យមាន​សវនាការ​ចាប់​ផ្តើម​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​លោក ​Trump ​ដើម្បី​ពិចារណា​ថា​ តើលោក​បាន​រារាំង​យុត្តិធម៌​ដោយការ​ព្យាយាម​រារាំង​ការ​ស៊ើប​អង្កេតរបស់លោក ​Robert Mueller ​រដ្ឋអាជ្ញា​ពិសេស​ទាក់ទង​នឹង​ការ​លូកដៃរបស់​រុស្ស៊ីក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​ ២០១៦ ​ដែល​លោក​ Trump ​បាន​ឈ្នះ​នោះ។

បើទោះ​បី​ជាសភា​តំណាង​រាស្ត្រនេះ​សម្រេច​ចោទ​ប្រកាន់​លោក Trump ​ក៏ដោយ​ ​ក៏​ព្រឹទ្ធ​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណ​រដ្ឋ​ទំនង​ជា​នឹង​មិន​ដក​លោក​ចេញ​ពីតំណែង​នោះ​ទេ៕

XS
SM
MD
LG