ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​ថ្កោលទោស​លោក Trump រឿង​បើក​ចំហ​ទទួល​យក​ព័ត៌មាន​អំពី​ការ​បោះ​ឆ្នោត​ពី​មហា​អំណាច​បរទេស

រូបឯកសារ៖ បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី Amy Klobuchar (កណ្តាល) និយាយ​ជាមួយ​​អ្នកនយាបាយ​មួយ​រូប​ទៀត​ អំឡុងពេល​ពិធី​ទទួល​អាហារ​ពេលល្ងាច​ នៅ​ក្រុង Des Moines រដ្ឋ Iowa កាល​ពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

នៅ​ពេល​ដែល​គេ​សួរ​លោក​ថា ​តើ​លោក​ចង់​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​បែប​នេះ​នៅ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ឬ​ក៏​យ៉ាង​ណា​នោះ លោក Trump បាន​និយាយ​ដូច្នេះ​ថា៖ «នេះ​មិន​មែន​ជា​រឿង​ជ្រៀតជ្រែក​នោះ​ទេ‍» ហើយ​លោក​បាន​បន្ថែម​ថា សមាជិក​សភា «ទាំង​អស់​គឺ​ស្ដាប់​ព័ត៌មាន​ដូច្នេះ​ដែរ‍»។

គណបក្ស​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump មិន​ខ្វល់​នឹង​ក្ដី​បារម្ភ​នានា​ទាក់ទិន​នឹង​រឿង​ទទួល​យក​ព័ត៌មាន​ពី​ប្រទេស​មហា​អំណាច​បរទេស​អំពី​គូ​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សហរដ្ឋ​អាមេរិក។ លោក Trump បាន​និយាយ​ថា ការ​ទទួល​យក​ព័ត៌មាន​បែប​នេះ​មិន​អាច​ចាត់ទុក​ថា​ជា​ការ​ជ្រៀតជ្រែក​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​បាន​ទេ។

លោក Trump បាន​ប្រាប់​ទូរទស្សន៍ ABC News នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា យើង​អាច​ស្ដាប់​បាន។ ការ​ស្ដាប់​រឿង​អ្វី​មួយ​ គឺ​គ្មាន​អ្វី​ខុស​នោះ​ទេ។ ឧទាហរណ៍ ប្រសិនបើ​មាន​នរណា​ម្នាក់​ទូរស័ព្ទ​មក​ពី​ប្រទេស​មួយ​ ដូចជា​ប្រទេស​ន័រវែស​ជា​ដើម ហើយ​និយាយ​ថា «យើង​មាន​ព័ត៌មាន​អំពី​គូ​ប្រជែង​របស់​អ្នក‍» ខ្ញុំ​គិត​ថា ខ្ញុំ​ចង់​ឭ​ព័ត៌មាន​នោះ‍»។

នៅ​ពេល​ដែល​គេ​សួរ​លោក​ថា ​តើ​លោក​ចង់​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​បែប​នេះ​នៅ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ឬ​ក៏​យ៉ាង​ណា​នោះ លោក Trump បាន​និយាយ​ដូច្នេះ​ថា៖ «នេះ​មិន​មែន​ជា​រឿង​ជ្រៀតជ្រែក​នោះ​ទេ‍» ហើយ​លោក​បាន​បន្ថែម​ថា សមាជិក​សភា «ទាំង​អស់​គឺ​ស្ដាប់​ព័ត៌មាន​ដូច្នេះ​ដែរ‍»។

លោក Brian Schatz សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Hawaii បាន​ច្រាន​ចោល​ការ​អះអាង​របស់​លោក Trump ដោយ​លោក​បាន​ហៅ​ការណ៍​ដែល​មាន​បំណង​ចង់​ស្ដាប់​ព័ត៌មាន​បែប​នេះ​ថា​ជា​រឿង «ឆ្កួត​លីលា»។

លោក Jim McGovern សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Massachusetts បាន​និយាយ​ថា ការ​ទទួល​បាន​ព័ត៌មាន​ពី​សត្រូវ​បរទេស​ណា​មួយ​ គឺ «មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ‍» ហើយ «មនុស្ស​ភាគ​ច្រើន​នឹង​ទូរស័ព្ទ​ទៅ​ទីភ្នាក់ងារ​ប៉ូលិស FBI‍» ជា​មិន​ខាន។

ចំណែក​ឯ​លោក Chris Coons សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Delaware វិញ បាន​និយាយ​ថា៖ «គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​គួរតែ​ហ៊ាន​និយាយ​ប្រឆាំង​នឹង​រឿង​នេះ​ឲ្យ​ខ្លាំងក្លា។ ការ​ជ្រៀតជ្រែក​របស់​បរទេស​ណា​មួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​គឺ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត»៕

XS
SM
MD
LG