រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយនៅថ្ងៃអង្គារថា លោកនឹងធ្វើការជាមួយសភាអាមេរិកដើម្បីដកអាជ្ញាសាលាអំពីបទរំលោភផ្លូវភេទចេញពីបញ្ជាការយោធាអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលគាំទ្រអនុសាសន៍របស់គណៈកម្មការឯករាជ្យមួយលោក Austin និយាយថាលោកក៏គាំទ្រផងដែរនូវការផ្លាស់ប្តូរដំណើរការកាត់ទោសបទឧក្រិដ្ឋពាក់ព័ន្ធផ្សេងទៀតដូចជាអំពើហិង្សាក្នុងគ្រួសារជាដើម។
លោក Austin លើកឡើងថា៖ «ខ្ញុំគាំទ្ររឿងនេះផងដែរព្រោះវាមានទំនាក់ទំនងគ្នារវាងបទឧក្រិដ្ឋទាំងនេះនិងការកើតមានការបំពានផ្លូវភេទនោះ»។
ប្រមុខមន្ទីរបញ្ចកោណអាមេរិករូបនេះនៅថ្ងៃពុធគ្រោងនឹងផ្តល់សក្ខីកម្មនៅគណៈកម្មាធិការកិច្ចការការពារជាតិនៃរដ្ឋសភាអាមេរិកស្តីពីថវិការបស់ក្រសួងការពារជាតិអាមេរិក។
ការបំពានផ្លូវភេទនៅក្នុងជួរកម្លាំងយោធាអាមេរិកត្រូវបានកំណត់ឲ្យធ្វើកំណែទម្រង់ជាយូរមកហើយ ដែលក្នុងនោះសមាជិកព្រឹទ្ធសភាអ្នកស្រី Kirsten Gillibrand បានស្នើសេចក្តីព្រាងច្បាប់មួយដែលនឹងឲ្យរដ្ឋអាជ្ញាឯករាជ្យទទួលបន្ទុកក្នុងរឿងក្តីក្តាំរំលោភបំពានផ្លូវភេទនេះក៏ដូចជាបទឧក្រិដ្ឋសំខាន់ៗមួយចំនួនទៀតផងដែរ។
របាយការណ៍ការស្ទង់មតិមួយរបស់មន្ទីរបញ្ចកោណដែលបានធ្វើឡើងក្នុងឆ្នាំ២០១៨បានបង្ហាញថាកងយោធាអាមេរិកប្រមាណជាង២ម៉ឺននាក់រងការរំលោភបំពានផ្លូវភេទនៅក្នុងឆ្នាំ២០១៨។
លោក Austin និយាយនៅថ្ងៃអង្គារថាបញ្ហានេះតម្រូវឲ្យមានការទទួលខុសត្រូវកាន់តែធំឡើងហើយឲ្យមន្ទីរបញ្ចកោណផ្លាស់ប្តូរនូវរបៀបដោះស្រាយក្នុងការការពារនិងផ្តល់សេវាសម្រាប់ជនរងគ្រោះ៕