រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានចាប់ផ្តើមកិច្ចប្រឹងប្រែងកាលពីថ្ងៃពុធម្សិលមិញដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាជាមួយប្រទេសចិនដែលជាការប្រឈមសម្រាប់យោធាសហរដ្ឋអាមេរិក។
ខណៈគំនិតផ្តួចផ្តើមមួយចំនួននៅត្រូវរក្សាជាការសម្ងាត់នោះ ក្រុមមន្រ្តីក្រសួងការពារជាតិបានប្រាប់អ្នកយកព័ត៌មានថាកិច្ចប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធថ្មីគឺដើម្បីផ្តល់អាទិភាពដល់ការប្រកួតប្រជែងជាមួយប្រទេសចិននិងធ្វើឱ្យប្រាកដថាបញ្ហាប្រឈមនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានការយកចិត្តទុកដាក់ស្របតាមសារៈសំខាន់របស់វា។
មន្ត្រីការពារជាតិម្នាក់បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធថាកិច្ចខិតខំប្រឹងប្រែងនេះមិនមែនជា«យុទ្ធសាស្ត្រថ្មីឬការផ្លាស់ប្តូរទិសដៅដែលរដ្ឋបាលលោក Biden បានធ្វើមកដល់សព្វថ្ងៃនេះទេ»។
គំនិតផ្តួចផ្តើមទាំងនេះគឺផ្អែកលើក្រុមការងារពិសេសរបស់ក្រសួងការពារជាតិអាមេរិកស្តីពីប្រទេសចិនដែលត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយទាក់ទងនឹងប្រទេសចិននិងអាទិភាពកំពូលៗ។
មន្រ្តីសហរដ្ឋអាមេរិកបានលើកឡើងពីការព្រួយបារម្ភអំពីចារកម្មឧស្សាហកម្មរបស់ចិនការលួចព័ត៌មានជីវសាស្រ្តនិងបច្ចេកវិទ្យា ដូចជាបណ្តាញ 5G ជាដើម៕