ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក ឆ្លង​ជំងឺកូវីដ១៩


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នៅ​ក្រសួង​ការពារ​ជាតិ​អាមេរិក ក្នុង​ទីក្រុង Arlington រដ្ឋ Virginia កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នៅ​ក្រសួង​ការពារ​ជាតិ​អាមេរិក ក្នុង​ទីក្រុង Arlington រដ្ឋ Virginia កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោក Lloyd Austin បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ថា​ លោក​បាន​ឆ្លងជំងឺ​កូវីដ​១៩ ស្រប​ពេល​ដែល​ការ​ឆ្លង​ដោយ​វីរុស​កូរូណាបំប្លែង​ថ្មី​អូមីក្រុង​ កំពុង​វាយលុកខ្លាំងនៅ​ទូទាំង​សហរដ្ឋអាមេរិក។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​ការពារ​ជាតិ​អាមេរិក បានបញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា លោក Austin មាន​រោគ​សញ្ញា​បន្តិច​បន្តួច ហើយនឹង​ធ្វើ​ចត្តឡីស័កនៅ​ផ្ទះ​ចំនួន​៥​ថ្ងៃ ​ក្នុង​ពេល​ខាង​មុខ​នេះ។

លោក Austin បាន​និយាយ​ថា លោក​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ និង​ដូស​ជំរុញ​ផង​ដែរ​ ដែល​បាន​ជួយលោក​មិន​ឲ្យមាន​ការ​ឆ្លងធ្ងន់​ធ្ងរ។

លោក​បាន​បន្ថែមទៀត​ថា «វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ១៩ មាន​ប្រសិទ្ធិភាព​ ហើយ​នៅ​តែជា​តម្រូវ​ការ​សម្រាប់កងទ័ព​អាមេរិក​ទាំង​អស់។ ខ្ញុំ​បន្ត​លើក​ទឹក​ចិត្ត​ដល់​អ្នក​ទាំង​អស់​ ដែល​ត្រូវ​ទទួលវ៉ាក់សាំង​ដូស​ជំរុញ​ត្រូវ​ទៅ​ចាក់​ឲ្យ​បាន​រួសរាន់»។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​រូប​នេះ និយាយ​ថា លោក​បាន​ទាក់​ទង​ចុង​ក្រោយ​បង្អស់ជា​មួយ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden កាលពី​ថ្ងៃ​ទី​២១​ ខែ​ធ្នូ​កន្លង​ទៅ​ គឺ​រយៈពេលជាង​មួយ​សប្តាហ៍​មុនពេល​លោក​ចាប់​ផ្តើម​មាន​រោគ​សញ្ញា​ និង​បានធ្វើ​តេស្តឃើញ​លទ្ធផល​អវិជ្ជមាន ​នៅ​ព្រឹក​នោះ។

លោក Austin នឹងនៅ​កាន់​តំណែង​របស់​លោក​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​និង​ចូល​រួម​កិច្ចប្រជុំ​ និង​ការពិភាក្សា​សំខាន់ៗនានា​តាមប្រព័ន្ធអនឡាញ ដែល​លោក​អាច​ធ្វើ​បាន។ នេះ​ បើតាមការបញ្ជាក់​របស់​លោក​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ។

លោក Austin ជា​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ចុងក្រុង​បង្អស់​ដែលឆ្លង​ជំងឺ​កូវីដ១៩ ខណៈដែល​ការ​ឆ្លង​ដោយ​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង​ កំពុងហក់​ឡើង​ខ្ពស់​ក្នុង​កំណត់​ត្រា​មួយមិន​ដែល​មាន​កាល​ពី​មុន។

សមាជិក​សភា​អាមេរិក​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ពេល​ថ្មីៗ​នេះ​ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា ពួក​គេ​បាន​ធ្វើ​តេស្ត​ឃើញ​មាន​វិជ្ជមាន​នៃ​ជំងឺកូវីដ១៩។ អ្នក​នាំពាក្យ​សេតវិមាន​អ្នក​ស្រី Jen Psaki ក៏​បាន​ឆ្លង​ជំងឺកូវីដ១៩​ ផងដែរ កាល​ពី​ខែ​តុលា ឆ្នាំមុន៕

XS
SM
MD
LG