ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ការងារ​សេតវិមាន​ថា ទោះ​បី​ការ​ឆ្លង​កូវីដ១៩​កើនឡើង ក៏​ការ​ចូល​​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិន​កើន​ឡើង


រូប​ឯកសារ៖ បុរស​ម្នាក់​កំពុង​ត្រូវ​​គេ​​ធ្វើ​តេស្ត​កូវីដ១៩​​ ​នៅ​កន្លែង​ធ្វើ​តេស្ត​​​​មួយ​កន្លែង​​នៅ​កណ្តាល​ក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១។
រូប​ឯកសារ៖ បុរស​ម្នាក់​កំពុង​ត្រូវ​​គេ​​ធ្វើ​តេស្ត​កូវីដ១៩​​ ​នៅ​កន្លែង​ធ្វើ​តេស្ត​​​​មួយ​កន្លែង​​នៅ​កណ្តាល​ក្រុង Miami រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១។

នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ ​(CDC) ​របស់​សហរដ្ឋ​អាមេរិក​អ្នកស្រី Rochelle Walensky បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ចំនួន​អ្នក​ស្លាប់​និង​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ​រហូត​មក​ដល់ពេល​នេះ​មាន​កម្រិត​ទាប​ខណៈ​វីរុសបំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង (omicron) កំពុង​រាលដាល។ នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ថ្លែង​អំពី​ករណី​ទូទៅ អ្នកស្រី​បាន​និយាយ​ថា៖ «ក្នុង​រយៈពេល​ខ្លី​តែ​ពីរ​បី​សប្តាហ៍​វីរុស​អូមីក្រុង​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ទូទាំង​ប្រទេស​ហើយ​យើង​រំពឹង​ថា វា​នឹង​បន្ត​រាលដាល​នៅ​ក្នុង​សប្តាហ៍​ខាង​មុខ​នេះ។ ខណៈ​ការឆ្លង​បាន​កើនឡើង​យ៉ាង​ខ្លាំង​ពី​សប្តាហ៍​មុន ការព្យាបាល​នៅ​មន្ទីរពេទ្យ​និង​ការស្លាប់​នៅ​តែ​មាន​កម្រិត​ទាប​នា​ពេល​នេះ»។

អ្នកស្រី Walensky បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា មធ្យមភាគ​នៃ​ការឆ្លង​ប្រចាំ​ថ្ងៃ​រយៈ​ពេល​មួយ​សប្តាហ៍​បច្ចុប្បន្ន​នេះ​គឺ​កើន​ឡើង​៦០% បើ​ប្រៀបធៀប​នឹង​សប្តាហ៍​មុន​គឺ​ឡើង​ដល់​ប្រហែល​២៤០.៤០០​ករណី​ក្នុង​មួយ​ថ្ងៃ។ អ្នកស្រី​បន្ត​ថា អត្រា​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ប្រចាំ​ថ្ងៃ​ជា​មធ្យម​ក្នុង​រយៈ​ពេល​ដូចគ្នា​កើន​ឡើង១៤%គឺ​ប្រហែល​៩.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​ហើយ​ការ​ស្លាប់​បាន​ធ្លាក់​ចុះ​ប្រហែល​៧%​មក​នៅ​ត្រឹម​១.១០០​ក្នុង​មួយ​ថ្ងៃ។

ចំនួន​ឆ្លង​ជា​មធ្យម​ដែល​ត្រូវ​បាន​បញ្ជាក់​ប្រចាំ​ថ្ងៃ​នៅសហរដ្ឋ​អាមេរិក​បាន​ឡើង​ដល់​កំណត់ត្រា​ថ្មី​កាល​ពី​ថ្ងៃ​ពុធ។ ទិន្នន័យ​ពី​ដំបូង​នៅ​សហរដ្ឋ​អាមេរិក​និង​កន្លែង​ផ្សេង​ទៀត​បង្ហាញ​ថា អត្រា​អ្នក​ជំងឺ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​សារ​វីរុស​អូមីក្រុង​នឹង​មាន​សមាមាត្រទាប​ជាង​វីរុស​ប្រភេទ​ដែលតា​(Delta)។ នេះ​បើតាម​លោក Anthony Fauci ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​ថ្លែង​នៅ​សន្និសីទ​សារ​ព័ត៌មាន។ លោក​ថាវ៉ាក់សាំង​ដូស​ជំរុញ​នឹង​មាន​សារៈ​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។

លោក​បាន​និយាយ​ថា៖ «សូចនាករ​ទាំងអស់​ចង្អុល​បង្ហាញ​ថា វីរុស​អូមីក្រុង​មិន​ធ្ងន់ធ្ងរ​ដូច​វីរុស​ដែលតា​ទេ»។ លោក Fauci និង​អ្នកស្រី Walensky បាន​និយាយ​ថា ទិន្នន័យ​ស្តីពី​ការ​ស្លាប់​និង​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ទំនោរ​ត្រឹម​ពីរ​សប្តាហ៍។

លោក Fauci បាន​និយាយ​ថា សហរដ្ឋ​អាមេរិក អាច​ត្រូវ​ចាក់​វ៉ាក់សាំង​ជំរុញ​ដូស​ទី២ ប៉ុន្តែ​គេ​មិន​អាច​ដឹង​ទេ​លុះត្រា​បាន​កំណត់​ត្រា​អំពី​អង្គ​បដិប្រាណ​ជំរុញ​ដោយ​វ៉ាក់សាំង​ជំរុញ​ដូស​ដំបូង​សិន។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ​យើង​មិន​មាន​ព័ត៌មាន​នោះ​ទេ។ យើង​អាច​ទៅ​រួច​ដែលថា នៅ​ពេល​អនាគត​យើង​អាច​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​បន្ថែម​ទៀត​ប៉ុន្តែ​ឥឡូវ​នេះ​យើង​សង្ឃឹម​ថា​យើង​នឹង​ទទួល​បាន​កម្រិត​ការពារ​រឹងមាំ​វ៉ាក់សាំង​ដូសជំរុញនោះ»។

លោក​ Fauci ​ក៏បាន​ប៉ាន់​ប្រមាណ​ថា​ការ​ឆ្លង​ជំងឺ​ដោយសារ​វីរុសអូមីក្រុង​នឹង​ឡើង​ដល់​កម្រិត​កំពូល​នៅ​ចុង​ខែ​មករា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG