ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានលាតត្រដាងពីកិច្ចប្រឹងប្រែងថ្មី កាលពីថ្ងៃអង្គារ ដើម្បីប្រយុទ្ធប្រឆាំងការកើនឡើងការឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនអូមីក្រុង (Omicron) ដោយការដាក់ពង្រាយបុគ្គលិកថែទាំសុខភាពសហព័ន្ធនៅមន្ទីរពេទ្យដែលមិនមានបុគ្គលិកគ្រប់គ្រាន់ ការប្រុងប្រៀបរៀបចំស្តុកទុកគ្រឿងបរិក្ខារពេទ្យនៅទូទាំងប្រទេស ហើយនឹងការផ្តល់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ១៩ ដោយឥតគិតថ្លៃចំនួន ៥០០ លានដល់ប្រជាពលរដ្ឋអាមេរិកាំង។
លោកប្រធានាធិបតី Biden បានបង្ហាញផែនការលម្អិតរបស់លោកនៅក្នុងសន្ទរកថានៅសេតវិមាន ខណៈដែលចំនួននៃករណីឆ្លងវីរុសកូរ៉ូណាថ្មីនៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងគំហុកម្តងទៀត ដោយមានការឆ្លងចំនួន ១៤៣.០០០ ករណីកាលពីថ្ងៃចន្ទ រួមជាមួយមនុស្សស្លាប់១ពាន់ ៣រយនាក់។ ករណីឆ្លងថ្មីជិត៣ ភាគ៤ មានជាប់ទាក់ទិននឹងវីរុសបំប្លែងថ្មីដែលឆ្លងខ្លាំងអូមីក្រុង។
ក៏ប៉ុន្តែ លោក Biden បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសពេញ លេញរួច ហើយជាពិសេសអ្នកដែលបានចាក់វ៉ាក់សាំងដូសជំរុញរួច អាចប្រារព្ធដោយសុវត្ថិភាពនូវពិធីបុណ្យឈប់សម្រាកណូអែល និងបុណ្យចូលឆ្នាំថ្មីសាកលនៅពេលខាងមុខជាមួយក្រុមគ្រួសារ និងមិត្តភក្តិបាន។
ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីបានព្រមានថា៖ «ប្រសិនបើលោកអ្នកមិនបានចាក់វ៉ាក់សាំងពេញលេញទេ លោកអ្នកមានហេតុផលដែលត្រូវព្រួយបារម្ភ»។ លោក Biden បាននិយាយទៀតថា ប្រជាពលរដ្ឋអាមេរិកាំងដែលមិនបានចាក់វ៉ាក់សាំងចំនួន ៤០លាននាក់ នៅក្នុងសហរដ្ឋអាមេរិក «មានកាតព្វកិច្ច និងភារកិច្ចស្នេហាជាតិរបស់ពួកគេ» នៅក្នុងការចាក់វ៉ាក់សាំងនេះ។
លោកប្រធានាធិបតី បានបញ្ជាក់ទៀតថា៖ «ជម្រើសរបស់លោកអ្នកថា តើត្រូវចាក់វ៉ាក់សាំង ឬក៏អត់ អាចជាជម្រើសរវាងស្លាប់ និងរស់។ សូមអញ្ជើញទៅចាក់វ៉ាក់សាំង។ វាជាកាតព្វកិច្ចដែលត្រូវធ្វើ»។
ក៏ប៉ុន្តែ ទោះបីមានការគំរាមកំហែងកាន់តែខ្លាំងពីវីរុសអូមីក្រុងក៏ដោយ ក៏លោកប្រធានាធិបតីថា សហរដ្ឋអាមេរិក នឹងមិនវិលត្រឡប់ទៅស្ថានភាពបិទខ្ទប់អាជីវកម្ម និងសាលារៀនរាប់ពាន់ ដូចនៅដំណាក់កាលដំបូងនៃវិបត្តិកូវីដកាលពីខែមីនា ឆ្នាំ២០២០ នោះទេ៕