រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងជួយកោះតៃវ៉ាន់ «អភិវឌ្ឍសមត្ថភាពដើម្បីការពារខ្លួន» ពីការឈ្លានពានណាមួយពីប្រទេសចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Austin បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងបណ្ដាញព័ត៌មាន CNN ថា៖ «សហរដ្ឋអាមេរិកតាំងចិត្តជួយតៃវ៉ាន់អភិវឌ្ឍសមត្ថភាពដើម្បីការពារខ្លួន»។
កន្លងមក សហរដ្ឋអាមេរិកបានរក្សាគោលនយោបាយនៃ «ភាពមិនច្បាស់លាស់ផ្នែកយុទ្ធសាស្ត្រ» លើករណីថា តើខ្លួននឹងធ្វើអន្តរាគមន៍បែបយោធាឬក៏យ៉ាងណានោះប្រសិនបើមានការវាយប្រហារណាមួយពីប្រទេសចិនលើកោះតៃវ៉ាន់។
កាលពីខែមុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានឆ្លើយទៅនឹងសំណួរនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ CBS ដែលសួរថា តើកងទ័ពសហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់ដែរឬទេ ដោយលោកបាននិយាយថា «ប្រាកដណាស់» ប្រសិនបើកោះតៃវ៉ាន់រង «ការវាយប្រហារណាមួយដែលមិនធ្លាប់មានពីមុនមក»។
សម្រាប់លោក Austin វិញ នៅពេលដែលបណ្ដាញព័ត៌មាន CNN សួរលោកថា តើយោធាសហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈបញ្ជូនកងទ័ពទៅកាន់កោះតៃវ៉ាន់ស្របតាមអ្វីដែលលោក Biden បានលើកឡើងឬក៏យ៉ាងណានោះ លោកបានបដិសេធមិនឆ្លើយឱ្យចំចំពោះសំណួរនេះ។
ប៉ុន្តែ លោក Austin បាននិយាយដូច្នេះថា៖ «យោធាសហរដ្ឋអាមេរិកតែងតែត្រៀមលក្ខណៈដើម្បីការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងសម្រេចឱ្យបានតាមការតាំងចិត្តរបស់ខ្លួន។ ខ្ញុំគិតថា លោកប្រធានាធិបតី [Biden] បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងចម្លើយរបស់លោកនៅពេលដែលលោកឆ្លើយទៅនឹងសំណួរនោះ»។
លោក Austin បានបន្តថា៖ «ប៉ុន្តែជាថ្មីម្ដងទៀត យើងបន្តធ្វើការដើម្បីធ្វើឱ្យច្បាស់ថា យើងមានសមត្ថភាពត្រឹមត្រូវនៅកន្លែងត្រឹមត្រូវដើម្បីធានាថាយើងជួយសម្ពន្ធមិត្តរបស់យើងឱ្យរក្សាបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ»។
លោក Austin បានបញ្ជាក់បន្ថែមថា លោកមិនឃើញមាន «ការគំរាមកំហែងដែលជិតកើតឡើង» ណាមួយពីប្រទេសចិនលើកោះតៃវ៉ាន់នោះទេ ប៉ុន្តែលោកថា ការបង្កើនសកម្មភាពយោធារបស់ចិននៅ ច្រកសមុទ្រតៃវ៉ាន់បានបង្ហាញថា រដ្ឋាភិបាលចិនកំពុងឈានទៅបង្កើត «ប្រក្រតីភាពថ្មីមួយ»៕
វ៉ាស៊ីនតោន —