ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​ជំរុញ​ឲ្យ​បង់ក្លាដេស​ផ្តល់​ការ​ជ្រកកោន​ដល់​ជន​រ៉ូហ៊ីងយ៉ា ដែល​រត់​ភៀស​ខ្លួន​​ពី​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា


អ្នក​ភូមិ​បង់ក្លាដេស​ជួយ​ស្រ្តី​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ វ័យ​ចំណាស់​ពីរ​នាក់​ ពី​ទូក​មួយ បន្ទាប់​ពី​ឆ្លងកាត់​ព្រែកជីក​​ក្រុង Teknak ប្រទេស​បង់ក្លាដេស​ កាល​ពី​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ​២០១៧។
អ្នក​ភូមិ​បង់ក្លាដេស​ជួយ​ស្រ្តី​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ វ័យ​ចំណាស់​ពីរ​នាក់​ ពី​ទូក​មួយ បន្ទាប់​ពី​ឆ្លងកាត់​ព្រែកជីក​​ក្រុង Teknak ប្រទេស​បង់ក្លាដេស​ កាល​ពី​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ​២០១៧។

លោក​ Adrian Edwards អ្នកនាំ​ពាក្យ​អង្គការ UNHCR និយាយ​ថា ក្រុម​ជនភៀសខ្លួន​កំពុង​នៅ​តាម​កន្លែង​ជា​ច្រើន​តាម​បណ្តាយ​ព្រំដែន ហើយ​បុគ្គលិក​របស់​ទីភ្នាក់ងារ​មិន​បាន​នៅ​គ្រប់​ទីតាំង​ទាំង​នោះ។

ឧត្តម​ស្នងការ​អ.ស.ប​ទទួល​បន្ទុក​លើ​ជន​ភៀស​ខ្លួន​បាន​រាយការណ៍​ថា ប្រជាពលរដ្ឋចំនួន ៥.២០០​នាក់​បាន​ចូល​មកប្រទេស​បង់ក្លាដេស​ពី​ប្រទេស​មីយ៉ាន់ម៉ា ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មក​ បន្ទាប់​ពី​មាន​ការ​វាយប្រហារធ្វើ​ឡើង​ដោយ​យុទ្ធជន​រ៉ូហ៊ីងយ៉ា​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស​ចំនួន ៣០ កន្លែង។ ឧត្តមស្នងការ​អ.ស.ប​ទទួល​បន្ទុក​លើ​ជន​ភៀស​ខ្លួន​ក៏​បាន​និយាយ​ថា ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ ​បាន​រត់ភៀស​ខ្លួន ដោយ​ព្រួយបារម្ភ​ពី​ការ​វាយប្រហារ​សងសឹក​ដោយ​យោធា​មីយ៉ាន់ម៉ា។ ប្រជាពលរដ្ឋទាំង​នោះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ជាប់​គាំង​តាម​បណ្តោយ​ព្រំដែន​មីយ៉ាន់ម៉ា។

លោក​ Adrian Edwards អ្នកនាំ​ពាក្យ​អង្គការ UNHCR បានប្រាប់​ VOA ថា អង្គការ UNHCR ​មិន​ទាន់​អាច​បញ្ជាក់​របាយការណ៍​ទាំង​នេះ​បាន​ទេ។ លោក​និយាយ​ថា ក្រុម​ជនភៀសខ្លួន​កំពុង​នៅ​តាម​កន្លែង​ជា​ច្រើន​តាម​បណ្តាយ​ព្រំដែន ហើយ​បុគ្គលិក​របស់​ទីភ្នាក់ងារ​មិន​បាន​នៅ​គ្រប់​ទីតាំង​ទាំង​នោះ។ លោក Edwards បាន​មាន​ប្រសាសន៍ថា៖

«ច្បាស់​ណាស់​ថា មាន​មនុស្ស​រត់​ភៀស​ខ្លួន ដើម្បី​រក​កន្លែង​សុវត្ថិភាព និង​ត្រូវ​ការ​ទី​ជម្រក និង​ការ​ផ្គត់ផ្គង់​ផ្សេងៗ... ហើយ​ពិតណាស់ យើង​បាន​ទាក់ទង​ជាមួយ​នឹង​អាជ្ញាធរ​បង់ក្លាដេស។ ទាំង​នេះ​ហាក់​ដូចជា ហេតុការណ៍​ដាច់​ដោយ​ឡែក​មួយ​ពី​អ្វី​ដែល​យើង​អាច​ឃើញ​នា​ពេល​ឥឡូវ​នេះ។ ដូចនេះ ខ្ញុំ​មិន​គិត​ថា យើង​មាន​ប្រព័ន្ធ​ជួយ​សង្រ្គោះ​នៅ​ទី​នេះ​ទេ។ តើ​យើង​អាច​ទៅ​ដល់​កន្លែង​ដែល​ជនទាំង​នោះ​ស្ថិត​នៅ ដើម្បី​ជួយ​ពួកគេ​ពី​ខាង​ក្នុង​ព្រំដែន គឺ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រំដែន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ទេ? (ចម្លើយ​គឺ​ថា) ទេ យើង​មិន​អាច​ទេ​នៅ​ពេល​នេះ»។

​លោក​ Edwards បាន​លើកឡើង​ថា​ អង្គការ UNHCR មិន​អាច​បញ្ជាក់​របាយការណ៍​ ដែល​ថា ប្រជាពលរដ្ឋរាប់រយ​ ឬ​អាច​ដល់​រាប់​ពាន់​នាក់ ត្រូវ​បាន​សម្លាប់​ និង​រង​របួស​នៅ​រដ្ឋ Rakhine នោះ​ទេ។ លោក​បាន​និយាយ​ថា៖

«យើង​បាន​ឃើញ​របាយការណ៍​ផ្សេងៗ​គ្នា​អំពី​ចំនួន​អ្នក​ស្លាប់ រួម​មាន​សេចក្តីថ្លែងការណ៍ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​មីយ៉ាន់ម៉ា។ យើង​មិន​អាច​បញ្ជាក់​សេចក្តីថ្លែង​ការណ៍​ទាំង​នោះ​បាន​ទេ។ យើង​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​រក្សា​ការ​បើក​ចំហ​ព្រំដែន។ យើង​គិត​ថា វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដែល មនុស្ស​នានា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្វែង​រក​កន្លែង​ជ្រក​កោនសុវត្ថិភាព»។

នេះ​ជា​ការ​ផ្ទុះ​អំពើ​ហិង្សា​អាក្រក់​ជាង​គេ​បំផុត​មួយ​នៅ​រដ្ឋ Rakhine ចាប់​តាំង​ពី​ខែ​តុលា​មក នៅ​ពេលក្រុម​យុទ្ធជន​រ៉ូហ៊ីងយ៉ា បាន​សម្លាប់​មន្រ្តីប៉ូលិស​ ៩​នាក់ ដែល​ការណ៍​នេះ​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​រត់​ភៀសខ្លួន។ របាយការណ៍​នា​ពេល​ថ្មីៗ​នេះ ដោយ​អង្គការ​អន្តរជាតិ​ទទួល​បន្ទុក​ផ្នែក​ទេសន្តរប្រវេសក៍​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រមាណ ៨​ម៉ឺន​ ៧​ពាន់​នាក់ បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​បង់ក្លាដេសក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​មក​នេះ។ សមាជិក​សហគមន៍​រ៉ូហ៊ីងយ៉ា​មិនមាន​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ទេ ដោយសារ​តែ​ច្បាប់​ចម្រូងចម្រាស​មួយ​អនុម័ត​ឡើង​កាល​ពី​ឆ្នាំ ១៩៨២។

ប្រទេស​មីយ៉ាន់ម៉ា ដែល​មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើនកាន់​សាសនា​ព្រះពុទ្ធ បាន​ប្រឈម​នឹង​ការ​រិះគន់ចំពោះ​ការ​ប្រព្រឹត្ត​ (មិនគប្បី) ទៅ​លើ​សហគមន៍​ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕

ប្រែសម្រួល​ដោយ​ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG