សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ជុំវិញការបញ្ជូនលោក Baquer Namazi ពលរដ្ឋអាមេរិកាំងដើមកំណើតអ៊ីរ៉ងម្នាក់ទៅក្នុងពន្ធនាគារវិញ បន្ទាប់ពីបានដោះលែងឲ្យលោកទៅព្យាបាលជំងឺមួយរយៈពេលខ្លី។
មន្ត្រីសេតវិមានបានថ្លែងថា ខ្លួនបានដឹងថាអតីតមន្ត្រីអង្គការសហប្រជាជាតិមានវ័យ៨១ឆ្នាំនេះ ត្រូវបានគេបញ្ជូន «ទៅក្នុងពន្ធនាគារល្បីឈ្មោះរបស់អ៊ីរ៉ង់ដោយមិនបានស្តាប់ការណែនាំពីគ្រូពេទ្យរបស់លោក និងពីអ្នកត្រួតពិនិត្យសុខភាពរបស់អាជ្ញាធរអ៊ីរ៉ង់»។
លោក Namazi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ ផ្អែកតាមការចោទប្រកាន់
របស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ថាលោកបានធ្វើចារកម្មប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ និងបានសហការជាមួយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានហៅការចោទប្រកាន់នោះថាជា «រឿងមិនពិត»។
មន្ត្រីសេតវិមានបាននិយាយបន្តថា លោក Namazi បានចូលសម្រាកក្នុងមន្ទីពេទ្យ៤ដងកាលពីឆ្នាំទៅ និង «បន្តមានជំងឺបេះដូងដែលអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ជំងឺរបស់លោកស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវការការព្យាបាលជាចាំបាច់»។
សេតវិមានបានថ្លែងបន្តទៀតថា «រដ្ឋាភិបាលអ៊ីរ៉ងត្រូវទទួលខុសត្រូវលើសុខភាពរបស់លោក»។
រដ្ឋបាលរបស់លោកប្រធានាធិបតី Trump បានអំពាវនាវឲ្យដោះលែងពលរដ្ឋអាមេរិកាំងដែលកំពុងជាប់ឃុំឃាំងដោយអយុត្តិធម៌ នៅក្នុងប្រទេសអ៊ីរ៉ង់ជាបន្ទាន់និងគ្មានលក្ខខណ្ឌ»៕