ប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងស្វាគមន៍ការបិទរដ្ឋាភិបាលសហព័ន្ធមួយលើកទៀតប្រសិនបើសភាមិនអាចយល់ស្របគ្នាអំពីការរឹតត្បិតតឹងតែងជាងមុនលើអន្តោប្រវេសន៍។
ប្រធានាធិបតី ត្រាំ បាននិយាយប្រាប់គណៈកម្មាធិការមួយខាងការពង្រឹងច្បាប់នៅក្នុងការប្រជុំមួយក្នុងសេតវិមានថា៖ «ប្រសិនបើយើងមិនកែប្រែសេចក្តីព្រាងច្បាប់នេះទេ ប្រសិនបើយើងមិនបំបាត់ភាពចន្លោះប្រហោងដែលអនុញ្ញាតឱ្យពួកឃាតករចូលមកក្នុងប្រទេសយើងហើយបន្តធ្វើការសម្លាប់តទៅទៀត...ប្រសិនបើយើងមិនកែប្រែវាទេ គួរតែមានការបិទរដ្ឋាភិបាល»។
គណៈកម្មាធិការនេះបានពិភាក្សាគ្នាអំពីអំពើហិង្សាប្រព្រឹត្តដោយពួកជនអន្ធពាលឧក្រិដ្ឋអំបូរ Hispanic Mara Salvatrucha ដែលគេស្គាល់ជាទូទៅថាពួក MS-13។
លោក ត្រាំ បាននិយាយថា៖ «ខ្ញុំចង់ឃើញការបិទរដ្ឋាភិបាលប្រសិនបើបញ្ហានេះមិនបានត្រូវលើកមកដោះស្រាយទេនោះ»។
ការអំពាវរបស់ ត្រាំ ឱ្យមានការបិទរដ្ឋាភិបាលមានឡើងនៅពេលដែលសភាតំណាងរាស្ត្រអាមេរិកាំងបានអនុម័តវិធានការចំណាយមួយក្នុងរយៈពេលខ្លីកាលពីយប់ថ្ងៃអង្គារ ហើយពួកមេដឹកនាំព្រឹទ្ធសភាជិតសម្រេចកិច្ចព្រមព្រៀងមួយធំជាងមុនសម្រាប់រយៈពេលយូរ។
ផែនការចំណាយសម្រាប់រយៈពេលខ្លីក្នុងពេលបច្ចុប្បន្ននេះសម្រាប់ទីភ្នាក់ងារទាំងអស់របស់រដ្ឋាភិបាលនឹងផុតកំណត់នៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍នេះ៕