ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​ថា​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​លោក Trump គ្មាន​ធម៌​មេត្តា


អ្នក​ស្រី​​ Angelica Magana អាយុ​៣៤​ឆ្នាំ ដែល​ត្រូវ​បាន​នាំ​មកចូល​សហរដ្ឋអាមេរិក​តាំង​ពី​អាយុ​ប្រាំ​បី​ឆ្នាំ មាន​ប្រតិកម្ម​ចំពោះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ខណ​ដែល​លោក​បង្ហាញ​ពី​គោល​នយោបាយ​ជន​អន្តោប្រវេសន៍កាលពី​ថ្ងៃទី​៣០​ មករា ២០១៨។
អ្នក​ស្រី​​ Angelica Magana អាយុ​៣៤​ឆ្នាំ ដែល​ត្រូវ​បាន​នាំ​មកចូល​សហរដ្ឋអាមេរិក​តាំង​ពី​អាយុ​ប្រាំ​បី​ឆ្នាំ មាន​ប្រតិកម្ម​ចំពោះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ខណ​ដែល​លោក​បង្ហាញ​ពី​គោល​នយោបាយ​ជន​អន្តោប្រវេសន៍កាលពី​ថ្ងៃទី​៣០​ មករា ២០១៨។

នៅ​ក្នុង​ផ្នែក​ភាគ​ច្រើន​នៃ​សុន្ទរកថា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ស្ដី​អំពី​ស្ថានភាព​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ទី ៣០ ខែ​មករា កន្លង​ទៅ​នេះ លោក​បាន​លើក​ឡើង​អំពី​ការ​កែ​ទម្រង់​អន្តោប្រវេសន៍​ដែល​លោក​ចង់​ឃើញ។

លោក Trump បាន​ហៅ​គម្រោង ៤ ផ្នែក​របស់​លោក ថា​ជា​គម្រោង​មួយ​ដែល​អាច​បង្កើត «ប្រព័ន្ធ​អន្តោប្រវេសន៍​មួយ​ដែល​មាន​សុវត្ថិភាព ទំនើប និង​ត្រឹមត្រូវ​តាម​ច្បាប់»។ ចំណែក​ឯ​គណបក្ស​ប្រជាធិបតេយ្យ​វិញ បាន​ហៅ​គម្រោង​របស់​លោក Trump នេះ​ថា​ជា​វិធីសាស្ត្រ​មួយ​ដែល​មាន​លក្ខណៈ​«ប្រមាថ​មើលងាយ» និង «គ្មាន​ធម៌​មេត្តា»។

គម្រោង​ទី​មួយ​នៃ​សំណើ​របស់​លោក Trump នេះ គឺ​ការ​បង្កើត​នូវ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ទទួល​បាន​សញ្ជាតិ​អាមេរិកាំង​សម្រាប់​ជន​អន្តោប្រវេសន៍​ជិត ២ លាន​នាក់ ដែល​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​នៅ​ពេល​ដែល​ពួកគេ​នៅ​ជា​កុមារ។

ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍​ជិត ២ លាន​នាក់​នេះ មនុស្ស​ជិត ៨ សែន​នាក់​ត្រូវ​បាន​ការពារ​ក្រោម​កម្មវិធី​វិធានការ​ផ្អាក​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នូវ​ជន​អន្តោប្រវេសន៍​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​តាំង​ពី​នៅ​កុមារ ដែល​ហៅ​កាត់​ថា DACA។ កម្មវិធី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​សម័យ​លោក Barack Obama ធ្វើ​ជា​ប្រធានាធិបតី​នេះ មាន​គោល​បំណង​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​នោះ​អាច​រស់នៅ និង​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​បាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ លោក Trump បាន​បញ្ជា​ឲ្យ​បញ្ចប់​កម្មវិធី DACA នេះ​កាល​ពី​ឆ្នាំ​មុន ដោយ​ទុក​ពេល​ឲ្យ​សភា​រហូត​ដល់​ដើម​ខែ​មិនា​ខាង​មុខ​នេះ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជា​អចិន្ត្រៃយ៍​មួយ​សម្រាប់​អ្នក​ដែល​ទទួល​បាន​ការ​ការពារ​ក្រោម​កម្មវិធី DACA នេះ ដែល​ពេល​ខ្លះ​អ្នក​ទាំង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «អ្នក​ដែល​មាន​ក្ដី​សុបិន»។

នៅ​ក្នុង​ការ​ពន្យល់​អំពី​កំណែ​ទម្រង់​ដែល​លោក​ចង់​បាន លោក Trump បាន​និយាយ​បញ្ឆិតបញ្ឆៀង​សំដៅ​លើ​ជន​អន្តោប្រវេសន៍​ទាំង​នោះ​នៅ​ពេល​ដែល​លោក​បញ្ជាក់​អំពី​គោល​បំណង​របស់​លោក​នៅ​ក្នុង​ការ «ផ្ដោត​លើ​ផល​ប្រយោជន៍​ដ៏​ប្រសើរ​បំផុត​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដែល​ជា​អ្នក​ធ្វើ​ការ និង​ក្រុម​គ្រួសារ​របស់​ពួកគេ»។

លោក Trump បាន​និយាយ​ថា៖ «ករណីយកិច្ច​របស់​ខ្ញុំ និង​ករណីយកិច្ច​គួរ​ឲ្យ​គោរព​របស់​មន្ត្រី​ជាប់​ឆ្នោត​គ្រប់​រូប​នៅ​ក្នុង​សភា​នេះ គឺ​ការពារ​ប្រជាពលរដ្ឋ​អាមេរិកាំង ដូចជា​ការ​ការពារ​សុវត្ថិភាព​របស់​ពួកគេ ក្រុម​គ្រួសារ​របស់​ពួកគេ សហគមន៍​របស់​ពួកគេ និង​សិទ្ធិ​របស់​ពួកគេ​ដើម្បី​សម្រេច​ក្ដី​សុបិន​របស់​ពួកគេ​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក»។

ការ​លើក​ឡើង​ដូច​នេះ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ភ្លាមៗ​ពី​អ្នក​រិះគន់​ជា​ច្រើន​ចំពោះ​វិធានការ​របស់​លោក Trump នេះ ដែល​ក្នុង​នោះ​មាន​ដូចជា​លោកស្រី Nancy Pelosi មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​ផង​ដែរ ដោយ​លោកស្រី​បាន​សរសេរ​នៅ​លើ Twitter ថា៖ «អ្នក​មាន​ក្ដី​សុបិន​ក៏​ជា​ពលរដ្ឋ​អាមេរិកាំង​ដែរ»។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Kennedy បាន​ផ្ញើ​សារ​គាំទ្រ​បន្ថែម​ទៀត​ចំពោះ​ជន​អន្តោប្រវេសន៍​វ័យ​ក្មេង នៅ​ក្នុង​អំឡុង​ពេល​ការ​ឆ្លើយតប​របស់​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​សុន្ទរកថា​របស់​លោក Trump។

លោក Joe Kennedy បាន​និយាយ​ថា៖ «ជន​អន្តោប្រវេសន៍​វ័យ​ក្មេង​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក។ គណបក្ស​ប្រជាធិបតេយ្យ​នឹង​តស៊ូ​ដើម្បី​ពួកគេ។ គណបក្ស​ប្រជាធិបតេយ្យ​នឹង​មិន​ដើរ​ចេញ​ពី​បញ្ហា​នេះ​ទេ»។

លោក Trump បាន​និយាយ​ថា លោក​នឹង​ទាក់ទង​ទាំង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ និង​ទាំង​សមាជិក​គណបក្ស​សាធារណរដ្ឋ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​អន្តោប្រវេសន៍​របស់​លោក។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Mark Warner បាន​បញ្ជាក់​ថា លោក​យល់​ស្រប​ថា ត្រូវ​តែ​មាន​នូវ​កិច្ច​ព្រមព្រៀង​មួយ​ដែល​កើត​ចេញ​ពី​គណបក្ស​ទាំង​ពីរ​ទាក់ទិន​នឹង​បញ្ហា​ជន​អន្តោប្រវេសន៍​វ័យ​ក្មេង​គ្មាន​ក្រដាស​ស្នាម​នេះ និង​ការ​បង្កើន​ថវិកា​សម្រាប់​សន្តិសុខ​ព្រំដែន។

លោក Mark Warner បាន​និយាយ​ថា៖ «លោក​ប្រធានាធិបតី Donald Trump បាន​បង្ហាញ​ថា លោក​មិន​មាន​ឆន្ទៈ​ក្នុង​ការ​បញ្ឈប់​ការ​គាំទ្រ​ចំពោះ​អ្នក​គាំទ្រ​ជ្រុល​និយម និង​គ្មាន​ធម៌​មេត្តា​របស់​លោក​នោះ​ទេ។ អ្នក​គាំទ្រ​ជ្រុល​និយម និង​គ្មាន​ធម៌​មេត្តា​ទាំង​នោះ​ចង់​ដាក់​កំហិត​ផ្នែក​អន្តោប្រវេសន៍​ស្រប​ច្បាប់​ស្ទើរតែ​គ្រប់​ទម្រង់​ទាំង​អស់»។

តាំង​ពី​បាន​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​មក លោក Trump បាន​ជំរុញ​ឲ្យ​មាន​ការ​សាងសង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក។ ហើយ​បន្ថែម​ពី​លើ​គម្រោង​សាងសង់​ជញ្ជាំង​ព្រំដែន​នៅ​ក្នុង​គម្រោង​អន្តោប្រវេសន៍​របស់​លោក​នេះ លោក​ចង់​បង្កើន​ចំនួន​ភ្នាក់ងារ​សន្តិសុខ​ព្រំដែន និង​ចង់​បញ្ចប់​នូវ​អ្វី​ដែល​លោក​ហៅ​ថា គោល​នយោបាយ «ចាប់​បាន​ហើយ​លែង​វិញ» សម្រាប់​អ្នក​ដែល​ចាប់​ខ្លួន​បាន​ពេល​ព្យាយាម​ឆ្លង​ព្រំដែន​ចូល​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់។

លោក Trump បាន​និយាយ​ថា ពួក​ក្រុម​ជន​អន្ធពាល និង​ឧក្រិដ្ឋជន​ដទៃ​ទៀត​អាច​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​បាន ដោយសារតែ​មាន​បញ្ហា «ចន្លោះ​ប្រហោង​ធ្ងន់ធ្ងរ»។

លោក Trump ក៏​បាន​ស្នើ​ឲ្យ​បញ្ចប់​កម្មវិធី​ឆ្នោត​ផ្សង​សំណាង​ដើម្បី​ទទួល​បាន​ទិដ្ឋាការ​សហរដ្ឋ​អាមេរិក​ផង​ដែរ ដោយ​លោក​ចង់​ផ្ដោត​លើ «ប្រព័ន្ធ​ផ្អែក​លើ​គុណ​សម្បត្តិ​របស់​បុគ្គល» វិញ ដែល​ប្រព័ន្ធ​នេះ​នឹង​ពាំនាំ​អ្នក​ធ្វើ​ការ​មាន​ជំនាញ​ច្បាស់លាស់​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក ដែល​អ្នក​ទាំង​នោះ «រួម​ចំណែក​ដល់​សង្គម​របស់​សហរដ្ឋ​អាមេរិក និង​ជា​អ្នក​ដែល​នឹង​ស្រលាញ់ និង​គោរព​សហរដ្ឋ​អាមេរិក»។

កម្មវិធី​ឆ្នោត​ផ្សង​សំណាង​ដើម្បី​ទទួល​បាន​ទិដ្ឋាការ​សហរដ្ឋ​អាមេរិក​នេះ គឺ​ជា​វិធី​អន្តោប្រវេសន៍​មួយ​សម្រាប់​អ្នក​ដែល​មិន​មាន​សាច់​ញាតិ​គ្រួសារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ឬ​ក៏​មិន​មាន​កន្លែង​ការងារ​ណា​មួយ​ធានា​ពួកគេ ហើយ​ខ្លួន​ពួកគេ​ផ្ទាល់​ក៏​មិន​មែន​ជា​ជន​ភៀស​ខ្លួន​ផង​ដែរ។ កម្មវិធី​នេះ​តម្រូវ​ឲ្យ​អ្នក​ចូលរួម​មាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ និង​បទ​ពិសោធន៍​ការងារ​ពីរ​ឆ្នាំ។ ជា​រៀងរាល់​ឆ្នាំ សហរដ្ឋ​អាមេរិក​ជ្រើសរើស​មនុស្ស​រហូត​ដល់ ៥ ម៉ឺន​នាក់ សម្រាប់​កម្មវិធី​ឆ្នោត​ផ្សង​សំណាង​នេះ។

សម្រាប់​ផ្នែក​ចុង​ក្រោយ​នៃ​គម្រោង​អន្តោប្រវេសន៍​របស់​លោក លោក Trump ចង់​ដាក់​កំហិត​លើ​អន្តោប្រវេសន៍​តាម​រយៈ​គ្រួសារ​ចំពោះ​ប្ដី ឬ​ប្រពន្ធ និង​កូនៗ​ដែល​ជា​អនីតិជន​របស់​ពួកគេ។

ប្រព័ន្ធ​បច្ចុប្បន្ន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាមេរិកាំង និង​អ្នក​មាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​អាច​ធានា​សមាជិក​ក្រុម​គ្រួសារ​សែស្រឡាយ​ជា​ច្រើន ដែល​ក្នុង​នោះ​មាន​ដូចជា​ឪពុក​ម្ដាយ បង​ប្អូន​បង្កើត និង​កូនៗ​ពេញ​វ័យ​ជា​ដើម។ សម្រាប់​សាច់ញាតិ​ដែល​មិន​មែន​ជា​ឪពុក​ម្ដាយ​វិញ ពាក្យ​សុំ​ទិដ្ឋាការ​អន្តោប្រវេសន៍​នេះ​អាច​ចំណាយ​ពេល​រង់ចាំ​យូរ និង​តម្រូវ​ទៅ​តាម​កូតា​ចំនួន​ទិដ្ឋាការ​អន្តោប្រវេសន៍​ដែល​នឹង​ផ្ដល់​ឲ្យ។

លោកស្រី Elizabeth Guzman ដែល​ជា​អ្នក​តំណាង​គណៈប្រតិភូ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​ប្រចាំ​រដ្ឋ Virginia បាន​ប្រឆាំង​នឹង​ទស្សនវិស័យ​អន្តោប្រវេសន៍​របស់​លោក Trump ដោយ​បាន​និយាយ​ថា លោក Trump គំរាម​ធ្វើ​ឲ្យ​ប្រទេស​ដើរ​ត្រឡប់​ក្រោយ​ទៅ​រក​ពេល​មួយ ដែល​មនុស្ស​ត្រូវ​បាន​វាយ​តម្លៃ​ផ្អែក​លើ​ពណ៌​សម្បុរ និង​សាសនា​របស់​ពួកគេ ជាជាង​លើ​លក្ខណៈ​សម្បត្តិ​របស់​ពួកគេ។

លោកស្រី​បាន​ធ្វើ​ការ​ឆ្លើយតប​ជា​ភាសា​អេស្ប៉ាញ​ចំពោះ​សុន្ទរកថា​របស់​លោក Trumpយ៉ាង​ដូច្នេះ​ថា៖ «ក្រុម​គ្រួសារ​ជន​អន្តោប្រវេសន៍ ដែល​ទទួល​បាន​ជីវិត​រស់នៅ​ថ្មី​តាម​រយៈ​ការ​ប្រឹងប្រែង​ធ្វើ​ការ និង​ការ​ជឿជាក់​ទៅ​លើ​សេចក្ដី​ថ្លៃថ្នូរ​របស់​សហរដ្ឋ​អាមេរិក កំពុង​ប្រឈម​នឹង​ភាព​ស្រពិចស្រពិល ភាព​វិលវល់ និង​ការ​ភិតភ័យ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Trump។ លោក Trump បាន​ជំនួស​ភាព​ស្មើ​គ្នា​ដោយ​ការ​មិន​ចេះ​អត់ឱន​ឲ្យ​គ្នា ជំនួស​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​រើសអើង»។

រដ្ឋាភិបាល​របស់​លោក Trump បាន​បញ្ជាក់​ថា ការ​ហាម​ឃាត់​នេះ​គឺ​ចាំបាច់​ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​បាន​ប្រឆាំង​នឹង​អ្នក​ណា​ដែល​និយាយ​ថា គោល​នយោបាយ​របស់​លោក Trump ដូច​នេះ និង​ការ​ដាក់​កំហិត​ចំពោះ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន គឺ​សំដៅ​ទៅ​លើ​អ្នក​កាន់​សាសនា​ឥស្លាម​នោះ។

លោកស្រី Guzman បាន​និយាយ​ថា គម្រោង​អន្តោប្រវេសន៍​របស់​លោក Trump នឹង «ផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​ចំពោះ​កិត្តិនាម​របស់​សហរដ្ឋ​អាមេរិក» និង​ជា​គម្រោង​មួយ​ដែល​ប្រឆាំង​នឹង​ឧត្ដមគតិ​របស់​ស្ថាបនិក​សហរដ្ឋ​អាមេរិក។

លោកស្រី​បាន​បន្ថែម​ថា៖ «យើង​មិន​គួរ​ទទួល​យក ឬ​ក៏​ចាត់ទុក​វិធី​ឃោរឃៅ និង​ការ​ប្រមាថ​មើល​ងាយ​នេះ​ថា​ជា​រឿង​ធម្មតា​នោះ​ទេ ដែល​វិធី​ទាំង​នេះ​ជា​អ្វី​ដែល​លោក Trump ធ្វើ​ឲ្យ​សហគមន៍​របស់​យើង​ទៅ​ជា​ដូច្នេះ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG