សហរដ្ឋអាមេរិកនិងប្រទេសគុយបាបានចាត់ចែងឲ្យមានទំនាក់ទំនងខាងការទូតពេញលេញសារជាថ្មី នៅក្រោយម៉ោង៤ព្រឹកម៉ោងសកលនៅថ្ងៃចន្ទនេះ ក្រោយពីមានអរិភាពជាង៥ទសវត្សរ៍មកនោះ។
ពីរបីម៉ោងបន្ទាប់មក នៅមុនពេលថ្ងៃរះដែលមានភាពស្ងប់ស្ងាត់ ទង់ជាតិប្រទេសគុយបាដែលមានពណ៌ក្រហម សនិងខៀវ ត្រូវបានបង្ហូតនៅឯក្រសួងការបរទេសស.រ.អា. ជាមួយនឹងទង់ជាតិនៃប្រទេសឯទៀត ដែលមានចំណងទាក់ទងខាងការទូតជាមួយស.រ.អា.។
នៅពេលនេះ ស.រ.អា.និងប្រទេសគុយបាមានស្ថានទូតពេញលក្ខណៈនៅក្នុងប្រទេសនីមួយៗហើយ។
ការផ្លាស់ប្តូរខាងការទូតនេះ បានកើតមានឡើង៥៤ឆ្នាំនៅក្រោយមានការផ្តាច់ចំណងការទូត ដែលបានកើតមានឡើងនៅក្នុងរដ្ឋបាលលោកប្រធានាធិបតីស.រ.អា. John Kennedy។
ក្រុមមន្ត្រីគុយបាដែលមានរួមបញ្ចូលលោករដ្ឋមន្ត្រីការបរទេស Bruno Rodriguez Parrilla ផងនោះនឹងចូលរួមក្នុងពិធីបើកស្ថានទូតគុយបាក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃចន្ទនេះ។
លោកស្រី Roberta Jacobson ឧបការីរដ្ឋមន្ត្រីការបរទេសស.រ.អាទទួលបន្ទុកកិច្ចការអឌ្ឍគោលខាងលិច ដែលបានបំពេញមុខនាទីសំខាន់មួយក្នុងកិច្ចចរចាគ្នារវាងប្រទេសទាំងពីរ ក៏នឹងចូលរួមក្នុងពិធីនេះដែរ។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerryនឹងទទួលលោក Rodriguez Parrillaជាសមភាគីគុយបាជាផ្លូវការនៅថ្ងៃចន្ទនេះដែរ។មន្ត្រីទាំងពីរនាក់នេះនឹងធ្វើសន្និសីទកាសែតរួមគ្នាមួយនៅពេលបន្ទាប់មកទៀតក្នុងថ្ងៃចន្ទនេះ៕