ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក ពិចារណា​បន្ថយ​ចំនួន​ថ្ងៃ​ធ្វើចត្តាឡីស័ក​កូវីដ១៩​​សម្រាប់​អ្នក​ធ្វើ​តេស្ត​អវិជ្ជមាន


រូបឯកសារ៖ អ្នកថ្មើរម្នាក់ ដើរក្បែរ​ស្លាក​ដែល​មាន​សំណេរ​ណែនាំ​ឲ្យ​ស្នាក់នៅ​ផ្ទះ ក្នុងអំឡុង​ពេល​ការរាតត្បាត​នៃជំងឺកូវីដ១៩ នៅក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកថ្មើរម្នាក់ ដើរក្បែរ​ស្លាក​ដែល​មាន​សំណេរ​ណែនាំ​ឲ្យ​ស្នាក់នៅ​ផ្ទះ ក្នុងអំឡុង​ពេល​ការរាតត្បាត​នៃជំងឺកូវីដ១៩ នៅក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

មជ្ឈមណ្ឌលប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​របស់សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា​ CDC ​កំពុង​ពិចារណា​កាត់​បន្ថយ​រយៈពេលត្រូវ​នៅ​ដាច់​ពី​គេ ​ឬ​ចត្តាឡីស័ក ​សម្រាប់​មនុស្ស​ដែល​បាន​ស្ថិត​នៅ​ជិត​អ្នក​មាន​ជំងឺ​កូវីដ១៩។​

គោលការណ៍​បច្ចុប្បន្ន​ណែនាំ​ឱ្យ​មនុស្សនៅ​ដាច់ឆ្ងាយ​ពីគេ​រយៈ​ពេល​១៤​ថ្ងៃ​ក្នុង​ស្ថានភាព​នោះ​ ប៉ុន្តែ​មន្ត្រី​ម្នាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ រយៈពេល​នេះ​ អាច​ត្រូវ​បាន​កាត់បន្ថយ​តែមិន​បាន​បញ្ជាក់​ចំនួន​ថ្ងៃ​ ប្រសិន​បើ​មនុស្ស​ម្នាក់​ធ្វើ​តេស្ត​អវិជ្ជមាន​ក្នុង​អំឡុង​ពេល​នៅ​ឯកោ។​

មជ្ឈមណ្ឌល CDC របស់​អាមេរិក និង​មន្ត្រី​ក្នុង​រដ្ឋ​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​ប្រជាជន​កុំ​ធ្វើ​ដំណើរ​ពេល​បុណ្យ​រំឭកគុណ Thanksgiving ​ឬ​មិន​ត្រូវ​ជួបជុំគ្នា​ទ្រង់​ទ្រាយ​ធំ​ជាមួយ​គ្រួសារ​ទេ​ ព្រោះខ្លាច​ការឆ្លង​កើនឡើងកាន់​តែអាក្រក់។​

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ក៏​កំពុង​ធ្វើ​ផែនការ​របស់​ខ្លួន​ក្នុង​ការ​ចែកវ៉ាក់សាំង​បង្ការវីរុស​កូរ៉ូណាជុំ​ទីមួយ​ បើទទួល​បាន​ការ​យល់​ព្រម​ពីក្រុម​និយតករ។​

លោក​ឧត្តមសេនីយ៍ ​Gustave Perna ​ប្រធាន​ផ្នែក​ប្រតិបត្តិការ​ឈ្មោះ ​Operation Warp Speed របស់​រដ្ឋាភិបាល​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃអង្គារ​ថា​ វ៉ាក់សាំង​ចំនួន​៤០​លាន​ដូស​ ដែល​ផលិត​ដោយ​ក្រុមហ៊ុនចំនួន​ពីរ ​នឹង​មាន​ប្រើ​ប្រាស់​នៅ​ចុង​ខែ​ធ្នូ។​

ទី​ភ្នាក់ងារ​ស្បៀង​អាហារ​និង​ឱសថ ឬ FDA ​គ្រោង​នឹង​ធ្វើការ​សម្រេច​ចិត្ត​នៅ​ថ្ងៃទី​១០​ ខែធ្នូថា​ តើ​ត្រូវ​ផ្តល់​ការ​យល់​ព្រមគ្រា​បន្ទាន់​ដល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Pfizer​ ឬ​យ៉ាងណា​ រីឯ​ក្រុមហ៊ុន​ Moderna ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដាក់​ពាក្យសុំ​ការ​យល់​ព្រម​ក្នុង​ពេល​ឆាប់ៗ​នេះ។ ​ក្រុមហ៊ុន​ទាំងពីរ​ បាន​ចេញ​ផ្សាយ​លទ្ធផល​បឋម​ពីការ​សាកល្បង​ដែល​បង្ហាញ​ថា វ៉ាក់សាំង​របស់​ពួកគេ​ហាក់​ដូច​ជា​មាន​ប្រសិទ្ធភាព៕

XS
SM
MD
LG