ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន ​Pfizer ​​ដាក់​ពាក្យ​សុំ​​ការ​អនុញ្ញាត​ប្រើ​វ៉ាក់សាំង​​កូវីដ១៩ ខ្លួន​នៅ​អាមេរិក


រូបឯកសារ៖ បដាសម្គាល់ក្រុមហ៊ុន Pfizer ត្រូវបានថតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ បដាសម្គាល់ក្រុមហ៊ុន Pfizer ត្រូវបានថតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារ​ព័ត៌មាន AP ​បាន​រាយ​ការណ៍​ថា ​ក្រុមហ៊ុន ​Pfizer​ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ខ្លួន​កំពុង​ស្នើ​សុំ​និយតករ​អាមេរិក​ឱ្យ​អនុញ្ញាត​ឱ្យប្រើ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ របស់​ខ្លួន ​ក្នុង​គ្រា​បន្ទាន់​ ដោយ​ចាប់​ផ្តើម​ដំណើរការមួយ ដែល​អាច​នាំ​ដល់​ការចាក់​វ៉ាក់សាំង​បង្ការ​រោគ​ក្នុង​ទ្រង់ទ្រាយ​តូច​នៅនៅ​ខែ​ធ្នូ ហើយនៅ​ទី​បំផុត​អាចបញ្ចប់​ជំងឺការ​រាតត្បាត​នេះ ប៉ុន្តែត្រូវ​ឆ្លង​កាត់រដូវ​រងារ​ដ៏​លំបាក​នេះ​សិន។​

ការ​ដាក់​ពាក្យ​នេះ​កើត​ឡើង​តែប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុមហ៊ុន ​Pfizer ​និង​ដៃគូ​របស់​ខ្លួន​គឺ​ក្រុមហ៊ុន ​BioNTech ​របស់​អាល្លឺម៉ង់​បាន​ប្រកាស​ថា​ វ៉ាក់សាំង​របស់​ពួក​គេ​មាន​ប្រសិទ្ធភាព ​៩៥% ​ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ១៩ ពីកម្រិត​មធ្យម​ទៅ​ធុន​ធ្ងន់ ​នៅ​ក្នុង​ការ​សិក្សាដែល​កំពុង​បន្ត។​

ក្រុមហ៊ុន​បាន​និយាយ​ថា​ ការ​ការពារ​បូក​រួម​នឹង​កំណត់ត្រា​សុវត្ថិភាព​ល្អ​មាន​ន័យ​ថា ​វ៉ាក់សាំង​នេះ​គួរតែ​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​គ្រា​បន្ទាន់ ​គឺអ្វី​ដែល​ទីភ្នាក់ងារចំណី​អាហារ​និង​ឱសថ​អាមេរិក ​FDA អាច​អនុញ្ញាត​បាន មុន​ពេល​ការ​ធ្វើ​តេស្ត​ចុង​ក្រោយ​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង។ ​

ក្រុមហ៊ុន​ Pfizer កាលពី​ថ្ងៃសុក្រ​ថា ពួកគេក៏​បាន​ចាប់​ផ្តើម​ដាក់ពាក្យ​ស្នើសុំ​នៅ​អឺរ៉ុប​និងប្រទេស​អង់គ្លេស​ដែរ។

នាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន ​Pfizer ​លោក ​Albert Bourla​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖​ «ការងារ​របស់​យើង​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​មិន​ដែល​មាន​ភាព​បន្ទាន់​ជាង​នេះ​ទេ»។​

ដោយ​ការឆ្លង​កូវីដ១៩​ កើន​ឡើង​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​និង​ជុំវិញ​លើ​ពិភពលោក​ ​មាន​សម្ពាធកាន់​តែ​ខ្លាំង​ឲ្យ​ក្រុម​និយតករ​ធ្វើការ​សម្រេច​ចិត្ត​ឲ្យ​បាន​ឆាប់​រហ័ស។ នៅ​ទូទាំង​ពិភពលោក ​ក្រុមហ៊ុន Pfizer ​បាន​ប៉ាន់​ប្រមាណ​ថា​ ខ្លួន​អាច​មាន​វ៉ាក់សាំង​ចំនួន​ ៥០ ​លាន​ដូស ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ។

ព័ត៌មាន​ដែល​បាន​បង្ហាញ​ដល់​បណ្ឌិត្យ​សភា​វេជ្ជសាស្ត្រ​ជាតិ​នៅ​សប្តាហ៍​នេះ ​ឲ្យ​ដឹង​ថា ​វ៉ាក់សាំង​ប្រហែល ២៥ ​លាន ​អាច​នឹង​មាន​សម្រាប់​ការ​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក​វ៉ាក់សាំង ៣០​ លាន អាច​មាន​ក្នុង​ខែ​មករា​ និង​ ៣៥ ​លាន​ទៀត​នៅ​ក្នុង​ខែ​កុម្ភៈ​ និង​មីនា។ ​អ្នក​ទទួល​វ៉ាក់សាំង​នេះ​នឹង​ត្រូវ​ការ​ចាក់​ពីរ​ដូស ដោយ​គម្លាត​ពី​គ្នា​រយៈពេល​បី​សប្តាហ៍៕

XS
SM
MD
LG