ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកបន្តនាំមុខខាងចំនួនអ្នកឆ្លងកូវីដ១៩ក្នុងពិភពលោក ដែលបានកើនដល់ជាង៥៧លាននាក់


ក្រុមអ្នកសង្គ្រោះបន្ទាន់កំពុងបញ្ជូនអ្នកជំងឺកូវីដ ១៩ ទៅកាន់មន្ទីរពេទ្យ នៅទីក្រុង El Paso រដ្ឋ Texas កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមអ្នកសង្គ្រោះបន្ទាន់កំពុងបញ្ជូនអ្នកជំងឺកូវីដ ១៩ ទៅកាន់មន្ទីរពេទ្យ នៅទីក្រុង El Paso រដ្ឋ Texas កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​នៅ​តែ​បន្តមាន​ការ​ឆ្លង​ជំងឺកូវីដ១៩ ​ច្រើន​បំផុត​ក្នុង​ពិភពលោក ដោយអាមេរិក​មាន​ករណី​ចំនួន​ ១១,៧ លាន​ករណី​ បន្ទាប់​មក​គឺ​ប្រទេស​ឥណ្ឌា​ដែល​មាន​អ្នក​ឆ្លង​ចំនួន​ ៩​ លាន​នាក់​ និង​ប្រទេស​ប្រេស៊ីល​ដែល​មាន​ជិត​ ៦​ លាន​ករណី។

មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ CDC ​របស់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធភាព​នៃ​ក្រុម​គ្រូពេទ្យ​ជំនាញ​ចំនួន​ ៣ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ជំរុញ​ឱ្យ​ជនជាតិ​អាមេរិក​ស្នាក់​នៅ​ផ្ទះ​ ពេល​ប្រារព្ធ​បុណ្យ​រំឭក​គុណ​Thanksgiving​ នៅ​សប្តាហ៍​ក្រោយ​ និង​ពិចារណា​ឡើង​វិញ​អំពី​ការ​ធ្វើ​ដំណើរ​ក្នុង​អំឡុងថ្ងៃ​សម្រាក​នេះ។​

ពួក​គេ​ខ្លាច​ករណី​ជំងឺ​ឆ្លង​ និង​ការ​ស្លាប់​អាច​កើន​ឡើង​ខ្ពស់​ ហើយ​មាន​អ្នកជំងឺ​ច្រើន​លើស​លប់​នៅមន្ទីរពេទ្យ​ ប្រសិន​បើ​ជនជាតិ​អាមេរិក​មិន​បន្ថយគម្រោងធ្វើ​ដំណើរ​ជួបជុំ​គ្រួសារតាម​ប្រពៃណី​បុណ្យ​រំឭក​គុណ​ Thanksgiving នោះ​ទេ។

សេចក្តីថ្លែង​ការណ៍​ពី​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ CDC​ បាន​ជំរុញ​មិន​ឲ្យ​ជនជាតិ​អាមេរិកធ្វើ​ដំណើរ​ទៅ​ជួប​មនុស្ស​ជា​ទីស្រឡាញ់​របស់ពួក​គេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ «ប្រារព្ធ​នៅ​ផ្ទះ​ជាមួយ​មនុស្ស​ដែល​អ្នក​រស់នៅ​ជាមួយ»។​

សេចក្តី​ថ្លែង​ការណ៍​របស់​មជ្ឈមណ្ឌល CDC ​នេះ ​បាន​កើត​ឡើង​មួយ​សប្តាហ៍​ មុន​បុណ្យ Thanksgiving និង​បន្ទាប់​ពី​ជនជាតិ​អាមេរិក​ជាច្រើន​បាន​រៀបចំ​ធ្វើ​ដំណើរ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​នេះ​រួច​ទៅ​ហើយ។​

ចំណែក​ប្រទេស​ម៉ិកស៊ិក​បាន​ក្លាយ​ជា​ប្រទេស​ទី​ ៤ ​ដែល​មាន​អ្នក​ស្លាប់​លើស​ ១០០.០០០​ នាក់ ដែល​តិច​ជាង​តែចំនួន​អ្នក​ស្លាប់​នៅ​សហ​រដ្ឋ​អាមេរិក​ប្រេស៊ីល​និង​ឥណ្ឌា​ប៉ុណ្ណោះ។​

ដោយ​ឡែក ក្រសួង​សុខាភិបាល​ក្រិក​នៅ​ទ្វីប​អឺរ៉ុប​វិញបាន​និយាយ​ថា​ ការ​កើន​ឡើង​នៃ​ជំងឺ​កូវីដ១៩ ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ បាន​បង្ខំ​ឲ្យ​ក្រសួងចូល​កាន់កាប់​គ្លីនិក​ឯកជន​ចំនួន​ ២ ​និង​បុគ្គលិក​របស់​ពួក​គេ​នៅ​ថ្ងៃ​សុក្រ​ ដោយសារ​ចំនួន​អ្នក​ជំងឺ​កូវីដ១៩ ​កើន​ហួសលទ្ធភាព​មន្ទីរពេទ្យ​រដ្ឋ។​ នេះ​បើ​តាម​ការ​រាយការណ៍របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ប្រទេស​រុស្ស៊ី​ក៏​បានរាយ​ការណ៍​ពីចំនួន​ឆ្លង​វីរុស​ថ្មីច្រើន​បំផុត​នៅ​ថ្ងៃ​សុក្រ គឺ​២ ៤.៣១៨។​ ករណី​ជាង​ ៦.០០០ ស្ថិត​ក្នុង​ទី​ក្រុង​មូស្គូ។​ មន្ត្រី​សុខាភិបាល​ឥណ្ឌា​បាន​និយាយ​កាល​ពី​ថ្ងៃសុក្រ​ថា ​ប្រទេស​នេះ​មាន​ករណី​ជំងឺ​កូវីដ​ថ្មី​ចំនួន​ ៤៥.៨៨២​ ករណី​ ដែល​នាំ​ឱ្យ​ចំនួន​ឆ្លង​សរុប​នៅ​ប្រទេស​ឥណ្ឌា​កើនឡើង​ដល់​ជាង​ ៩ ​លាន​នាក់។​

នៅ​ទូទាំង​ពិភពលោក ​គិតត្រឹម​ថ្ងៃ​សុក្រ​ ជំងឺ​កូវីដ១៩ បាន​ឆ្លង​ដល់​មនុស្ស​ជាង​ ៥៧​ លាននាក់​និង​បាន​សម្លាប់​មនុស្ស​ជាង ​១,៣​ លាន​នាក់៕

XS
SM
MD
LG