អ្នកជំនាញកំពូល ២ រូបផ្នែកជំងឺកូវីដ១៩ របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ពួកគេផ្ទាល់នឹងមិនមានការព្រួយបារម្ភអំពីការចាក់វ៉ាក់សាំងកូវីដ១៩ ដែលកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យចុងក្រោយនោះទេ។
លោក Moncef Slaoui ប្រធានទីប្រឹក្សាវិទ្យាសាស្ត្រនៃកម្មវិធីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីសម្របសម្រួលនិងពន្លឿនការផលិតនិងចែកចាយវ៉ាក់សាំងកូវីដ១៩ (Operation Ward Speed) បានបញ្ជាក់នៅក្នុងកម្មវិធី «This Week» របស់បណ្តាញទូរទស្សន៍ ABC ថា «វ៉ាក់សាំងទាំងនេះមានប្រសិទ្ធភាពខ្ពស់។ ខ្ញុំគិតថា ខ្ញុំមិនមានបញ្ហាអ្វីទាំងអស់នៅក្នុងការចាក់វ៉ាក់សាំងទាំងនេះ»។
វ៉ាក់សាំងទាំងនេះត្រូវបានបង្កើតឡើងដាច់ដោយឡែកពីគ្នាដោយកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech និងដោយក្រុមហ៊ុន Moderna។ វ៉ាក់សាំងទាំងនេះបានបង្ហាញនូវប្រសិទ្ធភាពចំនួន ៩៥% នៅក្នុងការសាកល្បង ហើយឥឡូវនេះកំពុងរង់ចាំការយល់ព្រមពីរដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ការប្រើប្រាស់ទូទៅ ស្របពេលដែលសហរដ្ឋអាមេរិកមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ប្រចាំថ្ងៃ ចំនួនរាប់ម៉ឺនករណី។
លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងកម្មវិធី «Face the Nation» របស់បណ្តាញទូរទស្សន៍ CBS ថា លោកក៏មិនមានការភ័យខ្លាចអ្វីដែរនៅក្នុងការចាក់វ៉ាក់សាំងទាំងនេះ។
លោកវេជ្ជបណ្ឌិត Fauci បានមានប្រសាសន៍ថា៖ «ប្រសិនបើខ្ញុំស្ថិតនៅក្នុងក្រុមដែលគេស្នើឲ្យចាក់វ៉ាក់សាំងនេះ ខ្ញុំនឹងប្រាកដជាចាក់។ ខ្ញុំនឹងមិនស្ទាក់ស្ទើរនៅក្នុងការចាក់វាទេ។ ហើយខ្ញុំក៏មិនស្ទាក់ស្ទើរនៅក្នុងការប្រាប់ក្រុមគ្រួសាររបស់ខ្ញុំឲ្យចាក់វ៉ាក់សាំងនេះដែរ»។
លោកបានបន្ថែមថា ដោយសន្មតថាទីភ្នាក់ងារម្ហូបអាហារនិងឱសថរបស់សហរដ្ឋអាមេរិកផ្តល់ការអនុញ្ញាតចំពោះវ៉ាក់សាំងទាំងនេះបន្ទាប់ពីការត្រួតពិនិត្យរបស់ពួកគេមក «នៅពេលដែលសាធារណជនអាមេរិកាំងឮអំពីដំណឹងនេះ ពួកគេត្រូវតែជឿជាក់» ថា វ៉ាក់សាំងទាំងនេះមានសុវត្ថិភាព»៕