រដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោតកាលពីរសៀលថ្ងៃព្រហស្បតិ៍ដើម្បីគាំទ្រសេចក្តីស្នើច្បាប់ផ្តល់ថវិកាដល់រដ្ឋាភិបាលរហូតដល់ថ្ងៃទី៣ ខែធ្នូ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល នៅពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍។
ការបោះឆ្នោតព្រឹទ្ធសភាមានសំឡេងគាំទ្រ៦៥ ទល់នឹង៣៥ ហើយបន្ទាប់មកមានការបោះឆ្នោតដោយរដ្ឋសភាដោយមានសំឡេងគាំទ្រ២៥៤ ទល់នឹង១៧៥។
លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាឲ្យសេចក្តីស្នើច្បាប់នោះ ក្លាយទៅជាច្បាប់កាលពីយប់ថ្ងៃព្រហស្បតិ៍នៅឯសេតវិមាន។
សេចក្តីស្នើច្បាប់នោះ រក្សាកម្រិតផ្តល់ថវិកានាពេលបច្ចុប្បន្ននេះដល់ស្ថាប័នរដ្ឋាភិបាល។ សេចក្តីស្នើច្បាប់នេះ ក៏រួមបញ្ចូលកញ្ចប់ថវិកា២៨.៦00 លានដុល្លារសម្រាប់រដ្ឋដែលទទួលរងគ្រោះដោយព្យុះសង្ឃរា និងការឆេះព្រៃ និងប្រាក់ចំនួន៦.៣០០ លានដុល្លារ ដើម្បីជួយការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនអាហ្វហ្គានីស្ថានមកកាន់សហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ចប់សង្គ្រាម២ទសវត្សរ៍របស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីខែមុន។
ការបញ្ចៀសការបិទរដ្ឋាភិបាល ជារបៀបវារៈតែមួយគត់របស់សម័យប្រជុំដ៏មមាញឹករបស់សភា។
កាលពីយប់ថ្ងៃព្រហស្បតិ៍ រដ្ឋសភា បានពន្យារពេលការបោះឆ្នោតលើគម្រោងចំណាយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់១លាន លានដុល្លារ ដើម្បីជួសជុលផ្លូវថ្នល់ និងស្ពានដែលទ្រុឌទ្រោម និងពង្រីកសេវាអ៊ីនធឺណិតលឿនទូទាំងសហរដ្ឋអាមេរិក។
ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi មានគម្រោងរៀបចំការបោះឆ្នោតកាលពីយប់ថ្ងៃព្រហស្បតិ៍ ទោះបីសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យចម្រើននិយមខ្លះ បានសន្យាបោះឆ្នោតប្រឆាំងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធនោះ ប្រសិនបើពួកគេមិនបានទទួលការធានាថា ពួកអ្នកប្រកាន់នយោបាយផ្លូវកណ្តាលនៅក្នុងគណបក្ស និងសមាជិកព្រឹទ្ធសភាប្រកាន់នយោបាយផ្លូវកណ្តាល២នាក់ទៀតគឺលោក Joe Manchin និងលោកស្រី Kyrsten Sinema ក៏នឹងគាំទ្រសេចក្តីស្នើច្បាប់ដាច់ដោយឡែកដែលមានទឹកប្រាក់ ៣,៣ លាន លានដុល្លារ ដើម្បីពង្រីកកម្មវិធីសុវត្ថិភាពសង្គម។
សេតវិមានបានបញ្ជាក់ថា គេកាន់តែខិតជិតទៅដល់ការព្រមព្រៀងគ្នាជាងពេលណាៗទាំងអស់ ក៏ប៉ុន្តែគេត្រូវការពេលវេលាដើម្បីធ្វើឲ្យធ្វើកិច្ចព្រមព្រៀងត្រូវបានបញ្ជូនទៅដល់លោកប្រធានាធិបតី៕