ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ស.រ.អ. ​ប្រុងប្រៀប​អនុម័ត​ថវិកា​បញ្ចៀស​ការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​ស.រ.អ.


សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ម្នាក់ មក​ដល់​វិមាន​សភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់​ការបោះឆ្នោត​អំពី​វិធានការ​ថវិកា​ដើម្បី​បញ្ចៀស​ការបិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​សហព័ន្ធ។
សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ម្នាក់ មក​ដល់​វិមាន​សភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់​ការបោះឆ្នោត​អំពី​វិធានការ​ថវិកា​ដើម្បី​បញ្ចៀស​ការបិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​សហព័ន្ធ។

សភា​ស.រ.អ.​ដែល​មាន​សំឡេង​គណបក្ស​ប្រជា​ធិបតេយ្យ​ភាគច្រើន​ ប្រុងប្រៀប​អនុម័ត​កញ្ចប់​ថវិកា​បញ្ចៀស​ការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​សហព័ន្ធ។​

ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ មាន​គម្រោង​បោះឆ្នោត​អំពី​វិធានការ​ថវិកា​ដើម្បី​បញ្ចៀស​ការ​បិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​សហព័ន្ធ។

បើ​ព្រឹទ្ធ​សភា​យល់​ព្រម​ ​បញ្ហា​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋ​សភា​ដើម្បី​បោះឆ្នោត​នៅ​ពេល​ដែល​សមាជិក​សភា​ធ្វើ​ការ​ដើម្បី​សម្រេច​ឱ្យ​បាន​មុន​ពេល​កំណត់​ចុង​ក្រោយ​នៅ​ពាក់​កណ្តាល​យប់។​

មេដឹក​នាំ​ព្រឹទ្ធ​សភា​សំឡេង​ភាគ​ច្រើន​លោក ​Chuck Schumer ​បាន​និយាយ​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​ នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល​មាន​ថវិកា​រហូត​ដល់​ ថ្ងៃ​ទី​៣​ ខែ​ធ្នូ។​ សេចក្តី​ព្រាង​ច្បាប់​នោះ​ ក៏​នឹង​រួម​បញ្ចូល​កញ្ចប់​ថវិកា​ចំនួន​៦.៣០០​លាន​ដុល្លារ​សម្រាប់​ជួយ​ការ​តាំង​ទីលំនៅ​របស់​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​មក​រស់​នៅ​សហ​រដ្ឋ​អាមេរិក ​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ចប់​សង្គ្រាម​រយៈពេល​២​ទសវត្សរ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ខែ​មុន ​និង​កញ្ចប់​ថវិកា​ចំនួន​២៨.៦០០​លាន​ដុល្លារ​ដើម្បី​ជួយ​រដ្ឋ​នៅ​ភាគ​ខាង​កើត​ និង​ភាគ​ខាង​ត្បូង​ស្តារ​សេដ្ឋកិច្ច​ពី​ព្យុះសង្ឃរា​ដ៏​ប្រល័យ ​និង​ជួយ​រដ្ឋ​នៅ​ផ្នែក​ខាង​លិច​ស្តារ​សេដ្ឋកិច្ច​ពី​ភ្លើង​ឆេះ​ព្រៃ។

លោក Schumer ​បាន​និយាយ​នៅ​សម័យ​ប្រជុំ​ព្រឹទ្ធ​សភា​កាលពី​ថ្ងៃ​ពុធ​ថា ​«ដោយ​មាន​បញ្ហា​ជា​ច្រើន​ត្រូវ​ដោះស្រាយ ​បញ្ហា​ចុង​ក្រោយ​ដែល​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ត្រូវ​ទប់ស្កាត់​នៅ​ពេល​ឥឡូវ​នេះ ​គឺ​ការ​បិទ​រដ្ឋាភិបាល។ ​សំណើ​នេះ​ នឹង​រារាំង​មិន​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល»។​

គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ព្រឹទ្ធ​សភា​នៅ​ដើម​សប្តាហ៍​នេះ ​បាន​រារាំង​ការ​អនុម័ត​វិធាន​មួយ​ទៀត​ដែល​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល ​ព្រោះវិធានការ​នោះ​រួមមាន​មាត្រា​ដែល​ផ្អាក​កំហិត​ប្រាក់​បំណុល​រយៈពេល​យូរ​ដែល​ពួកគេ​កំពុង​ព្យាយាម​បង្ខំ​ឲ្យ​គណបក្ស​ប្រជា​ធិបតេយ្យ​អនុម័ត​វិធានការ​នោះ​តែ​ខ្លួន​ឯង​ ដោយ​គ្មាន​ការ​គាំទ្រ​ពី​គណបក្ស​សាធារណ​រដ្ឋ។​

ក៏​ប៉ុន្តែ​មេ​ដឹកនាំ​ខាង​គណបក្ស​សាធារណ​រដ្ឋ​នៅ​ព្រឹទ្ធ​សភា​លោក ​Mitch McConnell​ បាន​និយាយ​ថា គណបក្ស​សាធារណ​រដ្ឋ ​នឹង​គាំទ្រ​តែ​វិធានការ​ណា​ដែល​ទាក់ទិន​នឹង​កញ្ចប់​ថវិកា​ដើម្បី​បន្ត​បើក​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​សារពើពន្ធ​ថ្មី​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ។​

មាន​ការ​បិទ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ដោយ​ផ្នែកៗ​ចំនួន​២១​ដង​ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៦​មក៕

XS
SM
MD
LG